អ្នកប្រជាធិបតេយ្យ​ហុងកុង​ឈ្នះ​សំឡេង​ភាគច្រើន នៅក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​សង្កាត់​

25-11-2019 12:19 pm 1886

​បេក្ខជន​គាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង ដណ្តើមបាន​អាសនៈ​ចំនួន​៣៩០ឬស្មើនឹងជិត៩០ភាគរយនៃអាសនៈ​សរុប​ចំនួន​៤៥២ នៅ​ក្រុមប្រឹក្សា​សង្កាត់ ដែលមាន​អ្នក​ទៅ​បោះឆ្នោត ចំនួន​ជាង​២​លាន​៩​សែន​នាក់​។ បើ​ប្រៀបធៀប​កាលពី​ឆ្នាំ​២០១៥ បេក្ខជន​ប្រជាធិបតេយ្យ​ហុងកុង​ទទួលបាន​អាសនៈ ចំនួន​ប្រហែល​១០០ ខណៈ​អ្នក​ទៅ​បោះឆ្នោត​មាន​ចំនួន​១​លាន​៤​សែន​៧​ម៉ឺន​នាក់​។​

​នេះ​ជា​លើកទីមួយ ដែល​ប្រជាជន​ហុងកុង​យ៉ាងច្រើន​កុះករ ប្រើប្រាស់​សិទ្ធិ​បោះឆ្នោត​របស់​ពួកគេ បង្ហាញ​ពី​ឆន្ទៈ​គាំទ្រ​អ្នកប្រជាធិបតេយ្យ​ហុងកុង ដែល​ផ្តួចផ្តើម​ការតវ៉ា​ដើម្បី​លទ្ធិប្រជាធិបតេយ្យ រយៈពេល​៦​ខែ​កន្លងមក​។ សកម្មជន​ប្រជាធិបតេយ្យ​លេចធ្លោ​មួយរូប ដែល​ត្រូវបាន​គេ​ហាមឃាត់​មិនឲ្យ​ឈរឈ្មោះ​បោះឆ្នោត លោក​Joshua Wong អត្ថាធិប្បាយ​ថា លទ្ធផល​ជា​ប្រវត្តិសាស្ត្រ​នេះ បាន​បង្ហាញថា មតិសាធារណៈ​មិនបាន​ប្រឆាំងនឹង​ចលនា​ប្រជាធិបតេយ្យ​ទេ​។​

​រីឯ​រដ្ឋាភិបាល​និង​ទីក្រុង​ប៉េកាំង សង្ឃឹម​មុន​ការបោះឆ្នោត​ថា នឹង​ទទួលបាន​សំឡេងគាំទ្រ​ភាគច្រើន តែ​ផ្ទុយទៅវិញ​មិន​ត្រឹមតែ​មិន​ទទួលបាន​សំឡេង​ភាគច្រើន​ទេ គឺ​បេក្ខជន​ដែល​គាំទ្រ​ទីក្រុង​ប៉េកាំង​មួយចំនួន បាន​បាត់បង់​អាសនៈ ដែល​ខ្លួន​ធ្លាប់មាន​ពីមុន​ថែមទៀត​។ មូលហេតុ​ដែល​ធ្វើឲ្យ​សំឡេងគាំទ្រ​ធ្លាក់ចុះ ត្រូវគេ​បន្ទោស​ទៅលើ​អ្នកគាំទ្រ​ចិន​មួយចំនួន​។ នៅ​ក្នុងនោះ រួមមាន​លោក​Junius Ho​សមាជិកសភា​ហុងកុង ដែល​បាន​អត្ថាធិប្បាយ​ជា​សាធារណៈ​នូវ​ពាក្យសម្តី​មិន​សមរម្យ ចន្លោះពេល​ផ្ទុះ​ការតវ៉ា​កន្លងមក ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ប្រជាជន​។ លោក​Junius Ho ដែល​អ្នកប្រជាធិបតេយ្យ​ហុងកុង​ស្អប់​មិន​ចូលចិត្ត បាន​និយាយ​ដែរថា ការបោះឆ្នោត​និង​លទ្ធផល​ឆ្នោត ហាក់​ប្លែក​ខុសពី​ធម្មតា​។​

​គួរ​ជម្រាបជូន​ថា ហុងកុង​រៀបចំ​ការបោះឆ្នោត​ក្រុមប្រឹក្សា​សង្កាត់​រៀងរាល់​៤​ឆ្នាំ​ម្តង ហើយ​ក្នុង​ឆ្នាំ​២០១៩​នេះ ការបោះឆ្នោត​បានរៀបចំ​ធ្វើ​នៅ​ថ្ងៃទី​២៤​ខែវិច្ឆិកា​។ ប្រជាជន​ក្នុង​រង្វង់​៤​លាន​១​សែន​នាក់ ក្នុងចំណោម​ប្រជាជន​សរុប​ចំនួន​៧​លាន​៤​សែន​នាក់ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ នៅ​ក្នុងនោះ មាន​ប្រជាជន​ចំនួន​ជាង​២​លាន​៩​សែន​នាក់​ប៉ុណ្ណោះ បាន​ទៅ​តម្រង់​ជួរ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​សង្កាត់ ដែលមាន​បេក្ខជន​ឈរឈ្មោះ​ចំនួន​១,១០៤​រូប ដណ្តើមយក​អាសនៈ​ចំនួន​៤៥២​។ 

​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ហុងកុង មានអំណាច​នយោបាយ​តិចតួច​ណាស់​។ យោងតាម​ប្រព័ន្ធ​បោះឆ្នោត​ហុងកុង ក្រុមប្រឹក្សា​សង្កាត់ ដែល​ចម្រាញ់​ចេញពី​ការបោះឆ្នោត​នេះ នឹងត្រូវ​ជ្រើសរើស​យក​ចំនួន​១១៧​នាក់ ឲ្យចូល​រួម​ជា​សមាជិក​របស់​គណៈកម្មាធិកា​រ ដែលមាន​សមាជិក​សរុប​ចំនួន​១,២០០​នាក់​។ គណៈកម្មាធិការ​ដែលមាន​សមាជិក​ចំនួន​១,២០០​នាក់​នេះ ជា​អ្នកដើរតួ​បោះឆ្នោត​ជ្រើសរើស នាយក​ប្រតិបត្តិ សម្រាប់​ដឹកនាំ​ហុងកុង​៕


ព័ត៌មានផ្សេងទៀត