អាជ្ញាធរ​អប្សរា​៖​ ការ​ទល់​ទ្រ​ប្រាសាទបុរាណ​​ជា​កិច្ចការ​ចាំបាច់​​សម្រាប់​ការងារ​អភិរក្ស​​

25-11-2019 11:04 am 150
  ស្តាប់
ស្តាប់ជាសំឡេង

​ដោយសារ​កត្តា​ធម្មជាតិ ភ្លៀង ខ្យល់ កម្តៅ​ថ្ងៃ រុក្ខជាតិ និង​អាយុកាល​នៃ​ថ្ម​បានធ្វើឱ្យ​ប្រាសាទបុរាណ​ជាច្រើន​បាក់បែក ដួលរលំ និង​មាន​តម្រូវ​ខ្ពស់​ឱ្យ​ក្នុងការ​ទល់​ទ្រ ឬ​ជួសជុល​ឡើងវិញ​ដើម្បី​អភិរក្ស​សំណង់​ប្រាសាទបុរាណ​ទាំងនោះ បាន​ទាន់ពេលវេលា​។ ឆ្លើយតប​នឹង​បញ្ហា​នេះ អាជ្ញាធរ​អប្សរា​បាន​បង្កើត​កម្មវិធី​បណ្តុះ​បណ្តាល​ជាច្រើន ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស ជា​អ្នក​បន្តវេន​នា​ពេលអនាគត​។​

​ជាក់ស្តែង​វគ្គ​បណ្តុះបណ្តាល អំពី​ការ​ទល់​ទ្រ​សំណង់​ប្រាសាទ​បុរាណ បាន​បង្ហាត់បង្រៀន​សិក្ខាកាម​ឲ្យ យល់​ដឹងថា ការ​ទល់​ទ្រ គ្រាន់តែ​ជា​សកម្មភាព​បណ្តោះអាសន្ន ប៉ុន្តែ​ចាំបាច់​ត្រូវតែ​ធ្វើ​បន្ទាន់​ដើម្បី​បង្ការ​គ្រោះថ្នាក់​ដល់​ប្រាសាទ អ្នកទស្សនា​ប្រាសាទ ឬ​កន្លែង​ណា​ដែលមាន​ហានិភ័យ​ខ្ពស់ និង​រក្សា​ទ្រង់ទ្រាយ​ដើម​ប្រាសាទ​ឱ្យនៅ​ដដែល និង​សម្រួល​ដល់​កិច្ចការ​ជួសជុល​នា​ពេលអនាគត​។​

​ចំពោះ​វិធីសាស្ត្រ​នៃ​ការ​ទល់​ទ្រ​វិញ​មាន​ចំនួន​២​ប្រភេទ​គឺ ទល់​ទ្រ​ដោយ​ឈើ និង​ទល់​ទ្រ​ដោយ​បេតុង ដោយ​អ្នកជំនាញ​ត្រូវ​សិក្សា​លើ​មូលហេតុ​មួយចំនួន​ដែល​ធ្វើឱ្យ​ប្រាសាទ​ខូច​ទ្រង់ទ្រាយ ពិនិត្យមើល​លើ​កម្លាំង​និង​ទម្ងន់​សង្កត់ សិក្សា​លើ​សម្ភារ​និង​បច្ចេកទេស​ទល់​ទ្រ​តាម​រូបមន្ត​វ៉ិ​ចទ័​រ ព្រមទាំង​ត្រូវ​រចនា​ការ​ទល់​ទ្រ​ឱ្យ​សមស្រប​ទៅតាម​ទម្ងន់ ជៀសវាង​គ្រោះថ្នាក់​ឬ​រំខាន​ដល់​ភ្ញៀវទេសចរ​។​

លោក អៀន ធី សិក្ខាកាម​មកពី​ក្រុម​អភិរក្ស​ថ្ម បាន​លើកឡើងថា​”​ខ្ញុំ​បាន​សិក្សា​ស្វែងយល់​ច្រើន​អំពី​របៀប​បច្ចេកទេស​នៃ​ការ​ទល់​ទ្រ​ថ្ម ការថែទាំ​ថ្ម សម្ភារៈ​សម្រាប់​ប្រើប្រាស់ តើ​ត្រូវធ្វើ​របៀប​ម៉េច​ដើម្បី​ទល់​ថ្ម​ឱ្យ​ជាប់​។ វគ្គ​សិក្សា​នេះ​ពិតជា​មាន​ប្រយោជន៍​ច្រើន​សម្រាប់​ខ្ញុំ ព្រោះ​វា​ជា​ជំនាញ​ថ្មី​មួយទៀត​ក្រៅពី​ជំនាញ​អភិរក្ស​ថ្ម​ដែល​ខ្ញុំ​មាន​។ ខ្ញុំ​នឹង​យក​ជំនាញ​នេះ​ទៅ​បង្ហាត់បង្រៀន​កូនក្រុម​របស់ខ្ញុំ​ឱ្យ​ចេះ​ពី​របៀប​ទល់​ទ្រ​ថ្ម​សម្រាប់​កិច្ចការ​អភិរក្ស​ប្រាសាទ​ដ៏​វែងឆ្ងាយ​នៅក្នុង​តំបន់​អង្គរ​”​។​

​សូមបញ្ជាក់ថា ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​សម្រាប់​បន្តវេន​ទៅ​អនាគត​គឺ ជា​កិច្ចការ​អទិភាព​ដ៏​ចម្បង​មួយ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នា​ពេលបច្ចុប្បន្ន ហើយ​អាជ្ញាធរ​ជាតិ​អប្សរា​តែងតែ​ធ្វើ​ការបណ្តុះបណ្តាល​អ្នកជំនាញ​ជាតិ​ទាំង​ការអនុវត្ត​ផ្ទាល់​និង​ទ្រឹស្ដី​។ ទន្ទឹមនេះ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​តែងតែ​សហការ​ជាមួយ​ដៃគូ អន្តរជាតិ អ្នកជំនាញ​បរទេស​ផ្សេងៗ ដែល​មានបទពិសោធន៍ ចំណេះដឹង​ខ្ពស់​លើ​ការងារ​អភិរក្ស អភិវឌ្ឍន៍​ទេសចរណ៍ ក៏ដូចជា​ការងារ​អភិវឌ្ឍ​សង្គម ដើម្បី​ធ្វើ​ការបណ្តុះបណ្តាល​អ្នកជំនាញ​ជាតិ​ឲ្យ​កាន់​តែមាន​មានចំណេះដឹង​និង​ចំណេះធ្វើ​ទូលំទូលាយ​។​

​សូមបញ្ជាក់ថា តាមរយៈ​ការបណ្តុះបណ្តាល​នេះ អាជ្ញាធរ​ជាតិ​អប្សរា ក៏​កំពុង​ក្លាយជា​ស្ថាប័ន​នាំមុខគេ​អំពី​ការបណ្តុះបណ្តាល​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​លើ​ផ្នែក​អភិរក្ស​បេតិកភណ្ឌ ជាពិសេស​ទៅលើ​ការអភិរក្ស​ថ្ម​និង​ប្រាសាទបុរាណ​៕


ព័ត៌មានផ្សេងទៀត