ហុងកុង​រៀបចំ​ការបោះឆ្នោត​ក្រុមប្រឹក្សា​សង្កាត់ ចំពេល​មាន​ភាព​តានតឹង​

24-11-2019 5:02 pm 496

​ប្រជាជន​ហុងកុង​ចំនួន​៤.១​លាន​នាក់ ក្នុងចំណោម​ប្រជាជន​សរុប​ចំនួន ៧.៤​លាន​នាក់ បាន​ចុះឈ្មោះ​បោះឆ្នោតក្រុមប្រឹក្សា​សង្កាត់ នៅ​ថ្ងៃទី​២៤​ខែវិច្ឆិកា​។ នៅក្នុង​ការបោះឆ្នោត​នេះ មាន​បេក្ខជន​ចំនួន​១,១០៤ ឈរឈ្មោះ​ប្រកួតប្រជែង ដណ្តើមយក​អាសនៈ​ចំនួន​៤៥២​។ យោងតាម​ប្រព័ន្ធ​បោះឆ្នោត​ហុងកុង ក្រុមប្រឹក្សា​សង្កាត់ ដែល​ចម្រាញ់​ចេញពី​ការបោះឆ្នោត​នេះ នឹងត្រូវ​ជ្រើសរើស​យក​ចំនួន​១១៧​នាក់ ឲ្យចូល​រួម​ជា​សមាជិក​របស់​គណៈកម្មាធិកា​រ ដែលមាន​សមាជិក​សរុប​ចំនួន​១,២០០​នាក់​។ គណៈកម្មាធិការ​ដែលមាន​សមាជិក​ចំនួន​១,២០០​នាក់​នេះ ជា​អ្នកដើរតួ​បោះឆ្នោត​ជ្រើសរើស នាយក​ប្រតិបត្តិ សម្រាប់​ដឹកនាំ​ហុងកុង​។​

​ដូច្នេះហើយ​ក្រុម​អ្នកធ្វើ​យុទ្ធនាការ​ស្រូបយក​លទ្ធិប្រជាធិបតេយ្យ​សង្ឃឹមថា ពួកគេ​នឹង​អាច​បង្កើន​តំណាង​របស់​ពួកគេ នៅក្នុង​ក្រុមប្រឹក្សា​សង្កាត់​បាន​កាន់តែច្រើន ព្រោះតែ​វា​មាន​ឥទ្ធិពល ក្នុង​ការជ្រើសរើស​នាយ​ក​ប្រតិបត្តិ សម្រាប់​ដឹកនាំ​ទីក្រុង​ពាក់កណ្តាល​ស្វយ័ត​មួយ​នេះ​។ ការបោះឆ្នោត​លើកដំបូង ចាប់តាំងពី​ការតវ៉ា​ផ្ទុះឡើង​អស់​រយៈពេល​ជិត​៦​ខែ ត្រូវបាន​គេ​មើលឃើញថា ក៏​ជាការ​ធ្វើតេស្ត​សន្ទុះ​នៃ​ការគាំទ្រ​រដ្ឋាភិបាល​ហុង​កុង​បច្ចុប្បន្ន​ផងដែរ​។ រីឯ​ក្រុមគាំទ្រ​ចិន​វិញ បាន​អំពាវនាវ​ឲ្យ​អ្នកបោះឆ្នោត​គាំទ្រ​ពួកគេ ដើម្បី​បង្ហាញ​ពី​ការមិន​ពេញចិត្ត ចំពោះ​ចលនា​តវ៉ា​ដែល​ផ្ទុះឡើង​តាំងពី​ខែមិថុនា​មក​។​

​ការបោះឆ្នោត​ប្រព្រឹត្តទៅ​ចួន​ពេលដែល​អ្នកប្រជាធិបតេយ្យ​ហុងកុង ធ្វើ​យុទ្ធនាការ​តវ៉ា​ជិត​៦​ខែ ដើម្បី​ទាមទារ​ឲ្យ​លុប​សេចក្តីព្រាងច្បាប់ ធ្វើ​បត្យាប័ន​ជនសង្ស័យ​ជាមួយ​ចិន​។ បើទោះបី​សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​រដ្ឋាភិបាល​លុបចោល​ហើយ​ក្តី ក៏​ការតវ៉ា​នៅតែ​បន្ត ដើម្បី​ទាមទារ​សិទ្ធិ​នៅក្នុង​ការជ្រើសរើស​មេដឹកនាំ​ដែល​ពួកគេ​ពេញចិត្ត ទាមទារ​ឲ្យ​ស៊ើបអង្កេត​លើ​ប៉ូលិស ដែល​ប្រើ​ហិង្សា​លើ​ក្រុមអ្នកតវ៉ា ហើយ​ការតវ៉ា​នោះ​ក៏​ទាមទារ​ឲ្យ​មេដឹកនាំ​ហុងកុង​ចុះ​ចេញពី​តំណែង​ផងដែរ​។ 

​យ៉ាងណាក៏ដោយ​ខុសពី​សព្វមួយដង បរិយាកាស​នៅ​ថ្ងៃ​បោះឆ្នោត​មាន​ស​ភាពស្ងប់ស្ងាត់ ដែល​អំណោយផល​ដល់​ដំណើរការ​បោះឆ្នោត​។ លោកស្រី ខា​រី​ឡា​ម​មេដឹកនាំ​ហុងកុង បាន​ថ្លែង​សរសើរ​បរិយាកាស​បោះឆ្នោត​នេះ​ថា «​ប្រឈម​នឹង​ស្ថានការណ៍​លំបាក​ខ្លាំង ខ្ញុំ​រីករាយ ដែល​យើង​មាន​បរិយាកាស​ស្ងប់ស្ងាត់​និង​សន្តិភាព សម្រាប់​ការបោះឆ្នោត​ថ្ងៃនេះ​។ ទន្ទឹមនឹងនោះ មាន​ប៉ូលិស​តិចតួច​បំផុត ត្រូវបាន​ដាក់ពង្រាយ នៅ​ការិយាល័យ​បោះឆ្នោត​និង​នៅ​តាមផ្លូវ​។​

​បើទោះបី​ចលនា​តវ៉ា​ហាក់​ស្ងប់ស្ងាត់​នៅ​ថ្ងៃ​បោះឆ្នោត​ក្តី ប្រជាជន​ដែល​ចេញទៅ​តម្រង់​ជួរ ដើម្បី​រង់ចាំ ចូលទៅ​បោះឆ្នោត​ក្នុង​ការិយាល័យ​បោះឆ្នោត​ខ្លះ ព្រួយ​បា​ម្ភ​អំពី​សុវត្ថិភាព​របស់​ពួកគេ​ផងដែរ​។ ចំណែក អាជ្ញាធរ​ព្រមាន​ថា ដំណើរការ​បោះឆ្នោត​នឹងត្រូវ​ផ្អាក ប្រសិនបើ​មាន​ការរំខាន​ណាមួយ​កើតឡើង​៕ 

ព័ត៌មានផ្សេងទៀត