យុវជនខ្មែរគាំទ្រអតីតCNRPនៅកូរ៉េ ធ្វើបាតុកម្មទាមទារឲ្យស្ដារ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ

24-11-2019 2:00 pm 2063

ក្រុមយុវជនគាំទ្រអតីតបក្សសង្រ្គោះជាតិ(CNRP)នៅកូរ៉េខាងត្បូង បានធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលស្ដារ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ តាមការគ្រោងទុកនៅទីក្រុងប៊ូសាន នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០ ១៩នេះ ទោះបីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានលុបចោលគម្រោងចូលរួមកិច្ចប្រជុំសំខាន់ៗមួយចំនួន នៅកូរ៉េខាងត្បូងនេះក៏ដោយ។

កាលពីថ្ងៃទី២៣ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់លោក ដោយសម្រេចលុបចោល គម្រោងទៅចូលរួមកិច្ចប្រជុំអាស៊ាន-កូរ៉េ និងមេគង្គ-កូរ៉េនៅទីក្រុងប៊ូសាន នៃប្រទេស​កូរ៉េខាងត្បូង ដោយសារជំងឺម្តាយក្មេករបស់លោក ស្ថិតនៅក្នុងស្ថានភាពសង្រ្គោះបន្ទាន់។ យ៉ាងក៏ដោយលោកហ៊ុន សែន បានចាត់ឲ្យលោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមកិច្ចប្រជុំកំពូលទាំង២នេះជំនួសលោក។

លោកយឹម ស៊ីណន ប្រធានចលនាយុវជនអតីតបក្សសង្រ្គោះជាតិប្រចាំកូរ៉េខាងត្បូង បានថ្លែង ថា ទោះបីលោកហ៊ុន សែន បានលុបចោលគម្រោង មកប្រទេសកូរ៉េខាងត្បូងនេះក៏ដោយ ក៏ក្រុមយុវជនគាំទ្រអតីតបក្សសង្រ្គោះជាតិ ជួបជុំគ្នានៅទីក្រុងប៊ូសាន ដើម្បីធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។

លោកយឹម ស៊ីណន បានថ្លែងក្នុងពេលធ្វើបាតុកម្មនេះ ថា ការធ្វើបាតុកម្មនេះ ក៏ចង់ឲ្យបណ្ដាមេដឹកនាំនៅលើពិភពលោក បានដឹងលឺអំពីស្ថានការណ៍នយោបាយ ក្នុងប្រទេសកម្ពុជា ដែលក្នុងនោះរួមមាន ការរំលាយបក្ស​សង្រ្គោះជាតិ,ការចាប់ខ្លួនលោកកឹម សុខា,និងបានធ្វើឲ្យលោកសម រង្ស៊ី រត់គេចខ្លួនទៅក្រៅប្រទេសជាដើម។

ទាក់ទងនឹងបញ្ហានេះលោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ធ្លាប់បានលើកឡើង ថា ការធ្វើបាតុកម្មរបស់យុវជន នៅកូរ៉េខាងត្បូងមួយក្រុមខាងលើនេះ លែងស្ថិតនៅក្នុងអតីតគណបក្សប្រឆាំងហើយ តែពួកគេស្ថិតនៅក្នុងក្រុមធ្វើរដ្ឋប្រហាររដ្ឋាភិបាល ដឹកនាំលោកសម រង្ស៊ី ដែលបានបរាជ័យ កាលពីថ្ងៃទី៩ ខែវិច្ឆិកាកន្លងទៅនេះ។

លោកផៃ ស៊ីផាន បានលើកឡើងបន្តថា ការធ្វើបាតុកម្ម ដែលទាមទារឲ្យរដ្ឋាភិបាលស្ដារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះ គឺគ្រាន់តែជាការយកពាក្យរបស់សហភាពអឺរ៉ុប ឬសហរដ្ឋអាមេរិកមកប្រើ ដើម្បីបិទបាំងនូវចលនាធ្វើរដ្ឋប្រហាររបស់ពួកគេតែប៉ុណ្ណោះ៕ 

ព័ត៌មានផ្សេងទៀត