លោក​វ៉ាង យី​៖​អាមេរិក​ដើរ​និយាយ​ដោយ​គ្មាន​ភស្តុតាង​បង្ខូចឈ្មោះ​ចិន​គ្រប់កន្លែង​

24-11-2019 12:35 pm 314

​លោក​វ៉ាង យី​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន បាន​ថ្លែង​បរិហារ​អាមេរិក​ថា មាន​គោលនយោបាយ​សម្រាប់​ប្រើប្រាស់ ដើម្បី​គៀបសង្កត់​ដោយ​ខុសច្បាប់ លើ​ជំនួញ​របស់​ចិន ហើយ​បាន​ចោទប្រកាន់​លើ​ពួកគេ​ដោយ​គ្មាន​មូលដ្ឋាន​។ លោក​ថា អ្នកនយោបាយ​អាមេរិក​ខ្លះ បាន​ដើរ​និយាយ​បង្ខូចកេរ្តិ៍​ឈ្មោះ​របស់​ចិន​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក ទាំង​គ្មាន​ភស្តុតាង​មក​បង្ហាញ​ទាល់តែសោះ​។ 

ការលើកឡើង​ទាំងនេះ គឺ​ចង់​សំដៅ​ទៅលើ​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក បាន​ចោទ​ចិន​ថា​រកស៊ី​មិន​ត្រឹមត្រូវ ហើយក៏​ព្រោះតែ​ចង់ឲ្យ​ចិន​កែប្រែ​ទម្លាប់រក​ស៊ីនេះ លោក​ត្រាំ​បាន​បន្ថែម​ពន្ធ​លើ​ទំនិញ​ចិន​ជា​បន្តបន្ទាប់ តែ​ចិន​ក៏​បន្ថែម​ពន្ធ​លើ​ទំនិញ​អាមេរិក​វិញ​ដែរ ដើម្បី​សងសឹក​។ បញ្ហា​នេះ មន្ត្រី​នៃ​ប្រទេស​ទាំងពីរ​បាន​នឹង​កំពុង​ជួបចរចា​បញ្ចប់ អ្វីដែល​ហៅថា​ជា​សង្គ្រាម​ពាណិជ្ជកម្ម​។ រឿង​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​មុខ​មាត់ចិន​ដែរនោះ នៅពេល​លោក​ត្រាំ​ចោទ​ក្រុមហ៊ុន Huawei ថា​បង្កប់​ឧបករណ៍​សម្ងាត់​ជាមួយ​ទូរស័ព្ទ ធ្វើឲ្យប៉ះពាល់​ដល់​សន្តិសុខ​អ្នកប្រើប្រាស់ ឬ​ប្រទេស​ដែល​ប្រើប្រាស់​បណ្តាញ​ទូរ​គន​មនាគ​មន៍​ដ៏​ល្បីល្បាញ​របស់​ចិន​មួយ​នេះ​។ អាមេរិក​បាន​ស្នើឲ្យ​ចាប់ខ្លួន​នាយកផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​យក្ស​នេះ​ផងដែរ ក្រោម​ការ​ចោទថា លួចលាក់​រកស៊ី​ជាមួយ​អ៊ីរ៉ង់​ដោយ​ខុសច្បាប់ ប្រឆាំងនឹង​ទណ្ឌកម្ម​អាមេរិក​ដាក់​លើ​អ៊ីរ៉ង់​។ ការ​ចោទ​ទាំងនេះ អាមេរិក​មិនដែល​បានបង្ហាញ​ភស្តុ​ង​ជា​សាធារណៈ​នោះទេ​។​

លោក​វ៉ាង យី​បន្ត​រិះគន់​អាមេរិក​ទៀតថា បាន​ប្រើប្រាស់​ច្បាប់​ក្នុងស្រុក​របស់ខ្លួន ដើម្បី​ជ្រៀតជ្រែក ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន ដោយ​ព្យាយាម​បំផ្លាញ​ប្រទេសមួយ​ប្រព័ន្ធ​ពីរ និង​ស្ថេរភាព​និង​វិបុលភាព​របស់​ហុងកុង​។ ចិន​ខឹងសម្បា​យ៉ាងខ្លាំង បន្ទាប់ពី​អ្នកនយោបាយ​អាមេរិក បានអនុម័ត​សេចក្តីព្រាងច្បាប់ ដើម្បី​គាំទ្រ​ដល់​ក្រុមអ្នកតវ៉ា​នៅ​ហុងកុង និង​ផ្ញើ​សារ​ព្រមាន​ទៅកាន់​ទីក្រុង​ប៉េកាំង​។ សេចក្តីព្រាងច្បាប់​ដែល​ព្រឹទ្ធសភា​អាមេរិក បានអនុម័ត​ជា​ឯកច្ឆ័ន ហើយ​រង់ចាំ​ការចុះហត្ថលេខា​ដោយ​លោក​ត្រាំ​នោះ តម្រូវឲ្យ​រដ្ឋមន្ត្រីការបរទេ​សសហរដ្ឋអាមេរិក ផ្ទៀងផ្ទាត់​យ៉ាងហោចណាស់​មួយឆ្នាំ​ម្តងថា ទីក្រុង​ហុងកុង មាន​ស្វ័យភាព​គ្រប់គ្រាន់ ដើម្បី​បន្តបាន​ការធ្វើ​ពាណិជ្ជកម្ម​ពិសេស ជាមួយ​សហរដ្ឋអាមេរិក​។ សេចក្តីព្រាងច្បាប់​ក៏​នឹង​អនុញ្ញាត ឲ្យ​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​មន្ត្រី ដែល​ទទួលខុសត្រូវ​ចំ​ពោះ​ការរំលោភ​សិទ្ធិមនុស្ស​ក្នុង​ក្រុង​ហុងកុង នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ក្រុមអ្នកតវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ទីក្រុង​នោះ​។ 

​ប្រមុខ​ការទូត​កំពូល​របស់​ចិន​រូបនេះ បានចាត់ទុក​សកម្មភាព​របស់​អាមេរិក ក្រៅពី​ប៉ះពាល់​ដល់​ចិន​ហើយ អា​មេរិកក៏​ជា​ប្រភព​នៃ​អស្ថេរភាព​បំផុត​ក្នុង​ពិភពលោក​។ លោក​វ៉ាង​បាន​ថ្លែងថា សហរដ្ឋអាមេរិក​បាន​ចូលរួម​យ៉ាង​ទូលំទូលាយ នៅក្នុង​ការសម្រេច​អ្វី​ដោយ​ឯកតោភាគី​និយម និង​ការ​គាំពារ​និយម ហើយ​កំពុង​ធ្វើឲ្យ​អន្តរាយ​ពហុភាគី​និយម និង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ដែល​នេះ​វា​បាន​ក្លាយជា​កត្តា​អស្ថេរភាព​ធំ​បំផុត របស់​ពិភពលោក​៕ 

 ពាក្យគន្លឹះ  ចិនអាមេរិក

ព័ត៌មានផ្សេងទៀត