តៃវ៉ាន់​ផ្ដាំ​​រដ្ឋ​មួយចំនួន​​កុំ​ទុកចិត្ដ​​​ការសន្យា​​ផ្ដល់ជំនួយ​​របស់​ចិន​ពេក​

23-11-2019 9:14 am 1468

​រដ្ឋមន្ដ្រីការបរទេស​តៃវ៉ាន់​បានបញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ថា ប្រទេស​ចិន​បាន​បរាជ័យ​ក្នុង​ផ្ដល់ជំនួយ​តាម​សន្យា ដែលមាន​ទំហំ​ទឹកប្រាក់​ចំនួន​៨.៦​ពាន់​លាន​ដុល្លារ​អាមេរិក ទៅឲ្យ​ប្រទេ​សដែល​ផ្ដាច់ទំនាក់ទំន​ង​ពី​ទីក្រុង​តៃប៉ិ​ងាក​ទៅរក​ទីក្រុង​ប៉េកាំង​។ ជំនួស​ឲ្យ​ការសន្យា​ផ្ដល់ជំនួយ ចិន​បាន​បង្ហូរ​អំពើពុករលួយ​ចូលទៅក្នុង​ប្រទេស​ទាំងនោះ​ទៅវិញ​ទេ​។ 

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ប្រទេស​ចិន​បាន​បង្កើន​យុទ្ធនាការ​ដក​សម្ព័ន្ធមិត្ដ​បន្ថែមទៀត​ពីកោះ​តៃវ៉ាន់ ដែលជា​រដ្ឋ​គ្រប់គ្រង​ដោយ​ខ្លួនឯង និង​កំពុង​ត្រូវ​ចិន​ចាត់ទុកថា​ជា​ដែនដី​របស់គេ​។ ចិន​ថា​តៃវ៉ាន់​គ្មាន​លក្ខណៈ​គ្រប់គ្រាន់ សម្រាប់​ការបង្កើត​ទំនាក់ទំនង​រវាង​រដ្ឋ​និង​រដ្ឋ​នោះទេ​។ ការលើកឡើង​របស់​ចិន​ដូច្នេះ មុនពេល​ដែល​តៃវ៉ាន់​នឹង​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី នៅ​ខែមករា​ឆ្នាំ​២០២០​។​

​រដ្ឋមន្ដ្រីការបរទេស​តៃវ៉ាន់​លោក​Joseph Wu​បាន​និយាយថា ទីក្រុង​ប៉េកាំង​បាន​បរាជ័យ​លើ​ការសន្យា​របស់ខ្លួន ដែល​ចង់​ផ្ដល់ជំនួយ​ចំនួន​៨.៦​ពាន់​លាន​ដុល្លារ ទៅឲ្យ​ប្រទេស​មួយចំនួនជា​អតីតស​ម្ព័​ន្ធមិត្ដ​តៃវ៉ាន់​។ ជំនួយ​ទាំងនោះ​គ្រោង​ជួយ​លើ​វិស័យ​ជាច្រើន រាប់​តាំងពី​គម្រោង​កំពង់ផែ​សមុទ្រ​រហូតដល់​គម្រោង​ផ្លូវថ្នល់​។ 

​លោក​រដ្ឋមន្ដ្រី​សង្កត់ធ្ងន់ថា “​យើង​បាន​ប្រាប់​ទៅ​ប្រទេស​សម្ព័ន្ធមិត្ដ​ថា កុំ​រំពឹង​អាច​ទទួលបាន​ផលប្រយោជន៍​ដ៏​សន្ធឹកសន្ធាប់​ពី​ប្រទេស​ចិន ព្រោះថា​នោះ​គ្រាន់​ជា​ការសន្យា​ដែល​មិន​ពិត​ប៉ុណ្ណោះ​។ ចិន​កំពុងតែ​បញ្ជ្រាប​អំពើពុករលួយ​និង​អំណាច​ផ្ដាច់ការ ចូលក្នុង​ប្រទេស​ទាំងនោះ​ទៅវិញ​ទេ ហើយ​បាន​ញាត់​លុយ​ដោយផ្ទាល់​ចូលក្នុង​ហោប៉ៅ​អ្នកនយោបាយ​ពុករលួយ​។ ដូច្នេះ​មិន​ថា​ចិន​មាន​សមត្ថភាព​ធ្វើតាម​សន្យា ឬក៏​គ្មាន​ឆន្ទៈ​ធ្វើតាម​សន្យា​នោះទេ វា​សុទ្ធតែជា​រឿង​ត្រូវ​ប្រុងប្រយ័ត្ន​សម្រាប់​ប្រទេស​សម្ព័ន្ធមិត្ដ​។​”

​យ៉ាងណាក៏ដោយ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​និយាយថា ទីក្រុង​ប៉េកាំង​បានចាប់ផ្ដើម​កិច្ចសហប្រតិបត្ដិការ​ជាមួយ​ប្រទេស​ជាច្រើន ឈរលើ​មូលដ្ឋាន​ឈ្នះៗ ហើយ​ពួកគេ​មិន​ត្រឹមតែ​ផ្ដល់​ប្រយោជន៍​ដល់​ប្រទេស​ចិន​ឡើយ ពួកគេ​ក៏​ផ្ដល់​ប្រយោជន៍​ដល់​ប្រទេស​ផ្សេងៗ​ផងដែរ​។ ប្រយោជន៍​ទាំងអស់នេះ​ពេលខ្លះ​ប្រជាជន​អាច​ដឹង​ច្បាស់​ដោយ​ខ្លួនឯង ហើយ​កិច្ចសហប្រតិបត្ដិការ​មិន​អាច​ត្រូវ​លុបចោល​ដោយ​ការវាយប្រហារ ឬ​ការប៉ុនប៉ង​លាប​ពណ៌​របស់​នរណាម្នាក់​ឡើយ​៕

ព័ត៌មានផ្សេងទៀត