លោក​ត្រាំ​ថា​​ហុងកុង​​បើ​កុំ​បាន​លោក​​ប្រហែល​ខ្ទេច​​ដោយសារ​ចិន​​បាត់​ហើយ​

23-11-2019 9:01 am 908

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​និយាយ​យ៉ាង​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​សុក្រ​ថា ទីក្រុង​ហុងកុង​បើ​កុំ​តែ​បាន​លោក ម្ល៉េះ​ប្រហែលជា​ត្រូវ​កងទ័ព​ចិន​កម្ទេច​ហ្មត់​ទៅហើយ​។ ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​Fox News លោក​ត្រាំ​លើកឡើងថា លោក​ស៊ី ជីន​ពីង​ប្រធានាធិបតី​ចិន​អត់ធ្មត់​មិន​បញ្ជូន​ទ័ព​ទៅ​ហុងកុង​ប្រឆាំងនឹង​ក្រុមបាតុករ ដោយសារតែ​លោក​បាន​ស្នើសុំ​។ បើ​មិនមែន​ដើម្បី​លោក​ទេ​ហុងកុង​អាច​នឹងត្រូវ​ខ្ទេច ក្រោម​ស្នាដៃ​កងទ័ព​ចិន​ក្នុង​រយៈពេល​តែ​១៤​នាទី​ប៉ុណ្ណោះ​។​

​សម្ដី​របស់លោក​ត្រាំ​បែបនេះ ស្របពេល​ដែល​លោក​កំពុង​ពិចារណា​លើ​ការចុះហត្ថលេខា​លើ​ច្បាប់​ថ្មី​មួយ​ដែល​សភា​បានអនុម័ត ដើម្បី​គាំទ្រ​ដល់​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ហុងកុង ឬក៏​ត្រូវ​ឱនលំទោន​ទៅនឹង​ការគំរាមកំហែង​សងសឹក​ពី​ចិន ករណី​ច្បាប់​នេះ​ត្រូវ​បានអនុម័ត​ជា​ផ្លូវការ​។ នៅពេល​សួរថា​តើ​លោក​នឹងត្រូវ​វេតូ​ច្បាប់​នេះ​ឬ​អត់ លោក​ត្រាំ​ហាក់​និយាយ​អូសបន្លាយ​ច្រើន​។ 

​លោក​សង្កត់ធ្ងន់ថា “​ខ្ញុំ​នឹង​ប្រាប់​អ្នក​ថា​យើង​ចាំបាច់​ត្រូវ​ឈរ​ជាមួយ​ហុងកុង ប៉ុន្ដែ​ខ្ញុំ​ក៏ត្រូវ​ឈរ​ជាមួយ​លោក​ប្រធានាធិបតី​ស៊ី​ដែរ​។ លោក​ស៊ី​គឺជា​មិត្ដ​របស់ខ្ញុំ លោក​គឺជា​មនុស្ស​ដ៏​អស្ចារ្យ​ម្នាក់​។ ខ្ញុំ​ចង់ឃើញ​ពួកគេ​ដោះស្រាយ​វា​ចេញ យើង​ពិតជា​ចង់ឃើញ​ណាស់​។​” លោក​ត្រាំ​បានចាត់ទុក​ទំនាក់ទំនង​របស់លោក​ជាមួយ​លោក​ស៊ី ជា​កម្លាំង​ទប់ស្កាត់​មិនឲ្យ​ចិន​ធ្វើ​ចលនា​ប្រឆាំងនឹង​ការតវ៉ា​ឈានដល់​ហិង្សា​នៅ​ហុងកុង​។ 

​លោក​បន្ថែមថា “​ទាហាន​រាប់លាន​នាក់​ឈរ​នៅ​ខាងក្រៅ​ក្រុង​ហុងកុង ពួកគេ​មិន​ចូលទៅ​ទីនោះ​គឺ​ដោយសារតែ​ខ្ញុំ​ស្នើសុំ​លោក​ស៊ីថា សូមកុំ​ធ្វើបែបនេះ​អី មិន​អ៊ីចឹង​ទេ​អ្នក​ពិតជា​សាង​កំហុស​ធំ​ណាស់​។ វា​ពិតជា​ជះឥទ្ធិពល​អវិជ្ជមាន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​។​” នៅក្នុង​បទសម្ភាសន៍​លោក​ត្រាំ​និយាយថា ទីក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​ប៉េកាំង​អាច​ស្ថិតនៅលើ​ការសម្របសម្រួល នៃ​ការផ្សារភ្ជាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយផ្នែក ប៉ុន្ដែ​លោក​បានបញ្ជាក់​ម្ដងទៀត​ថា មិន​ប្រញាប់​ចុះហត្ថលេខា​ពេក​ទេ​។​

​គួរ​រម្លឹក​ផងដែ​រថា ចលនា​តវ៉ា​នៅក្នុង​ក្រុង​ហុងកុង​បានអូសបន្លាយ​ពេល​ជាង​៥​ខែ​មកហើយ បណ្ដាលឲ្យ​មនុស្ស​ស្លាប់ របួស និង​ចាប់ខ្លួន​ជាច្រើន​នាក់​។ ក្រៅពីនេះ​ក៏មាន​ការខូចខាត​ទ្រព្យសម្បត្ដិ​ជាច្រើន ប៉ះពាល់​ដល់​ស្ថានភាព​សន្ដិសុខ សង្គម នយោបាយ រួមទាំង​សេដ្ឋកិច្ច​ផងដែរ​។ ដើមចម​នៃ​ការតវ៉ា​គឺ​ដោយសារ​ប្រជាជន​ហុងកុង ប្រឆាំងនឹង​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន ព្រោះ​ពួកគេ​ចាត់ទុក​សេចក្ដីព្រាងច្បាប់​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិសេរីភាព​៕

 ពាក្យគន្លឹះ  អាមេរិកចិនហុងកុង

ព័ត៌មានផ្សេងទៀត