មនុស្សមួយចំនួន មិនបានយកចិត្តទុកដាក់ លើអនាម័យនៅក្នុងបន្ទប់គេងនោះទេ។ អនាម័យចង់សំដៅលើគ្រែគេង ពូក-ខ្នើយ ស្រោមពូក ស្រោមខ្នើយ ដែលនៅកៀកនឹងខ្លួនប្រាណអ្នករៀងរាល់ថ្ងៃ ហើយកាលណទុកយូរ មិនបោកឬមិនផ្លាស់ប្តូរ នឹងក្លាយជាជម្រកមេរោគ បាក់តេរីដែលបង្កផលប៉ះពាល់ដល់សុខភាព។ ធូលីដែលប្រមូលផ្តុំនៅលើពូក ផ្ទុកទៅដោយមេរោគ បាក់តេរីនិងអតិសុខុមប្រាណដែលបង្កគ្រោះថ្នាក់។ នៅពេលស្រូបពួកវាចូលរៀងរាល់ថ្ងៃ ធ្វើឲ្យមានហានិភ័យនៃការវិវត្តទៅជាប្រតិកម្មអាឡែហ្ស៊ី ពិបាកដកដង្ហើមនិងរលាក។ កោសិកាស្បែករបស់យើង ដែលងាប់ជ្រុះធ្លាក់ទៅនោះ គឺជាអាហារសម្រាប់ពពួកសត្វល្អិតតូចៗ ដែលនៅតោងជាប់គ្រែគេង។
ដូច្នេះ អនាម័យនៅក្នុងបន្ទប់ ជារឿងត្រូវយកចិត្តទុកដាក់ជាចាំបាច់ ដែលអ្នកមិនគួរមើលរំលងឡើយ។ ដើម្បីចៀសវាងបញ្ហាបែបនេះកើតឡើង ជាការប្រសើរគួរតែបោកស្រោមឬកម្រាលពូករៀងរាល់ ១០ ថ្ងៃម្តង។ សូមចងចាំថា ត្រូវយកចិត្តទុកដាក់ជាពិសេស ចំពោះស្រោមខ្នើយ។ អ្នកគួរតែប្តូរវាឲ្យបានញឹកញាប់ ជាងស្រោមពូក ឬកម្រាលពូក។ សំណល់នៃការតុបតែងមុខ និងបាក់តេរីកកើតនៅលើពួកវា អាចបណ្តាលឲ្យមានបញ្ហាស្បែកមុខ ខ្លួន ដូចជាឡើងកន្ទួលរមាស់ និងកើតមុនជាដើម៕