អាមេរិក​បារម្ភ​ឥទ្ធិពល​ចិន ​ប៉ះពាល់​ដល់​ការបោះឆ្នោត​ប្រធានាធិបតី​តៃវ៉ាន់​

22-11-2019 5:37 pm 593
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​Brent Christensen ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កោះ​តៃវ៉ាន់ បាន​ថ្លែងប្រាប់​អ្នកកាសែត​នៅ​ទីក្រុង​តា​យ​ប៉ិ​ថា «​យើង​ដឹង​ហើយ​ថា​ប្រទេស​ចិន​កំពុង​ព្យាយាម​ដាក់​សម្ពាធ​លើ​កោះ​តៃវ៉ាន់ តាមរយៈ​មធ្យោបាយ​ផ្សេងៗ​។ ពិតណាស់​ការប៉ុនប៉ង​ទាំងនេះ ដើម្បី​ជះឥទ្ធិពល​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​របស់​តៃវ៉ាន់ ដែល​គួរឲ្យ​ព្រួយបារម្ភ​។ យើង​ជឿជាក់ថា តួអង្គ​អាក្រក់​កំពុង​ប្រើប្រាស់​ព័ត៌មាន​មិន​ពិត ផ្សព្វផ្សាយ​ដើម្បី​ធ្វើឲ្យ​ប្រជាជន​បាត់បង់​ជំនឿ នៅក្នុង​ស្ថាប័ន​ប្រជាធិបតេយ្យ​។​» 

ការអត្ថាធិប្បាយ​របស់​មន្ត្រី​ទូត​អាមេរិក​បែបនេះ កើតឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​កោះ​តៃវ៉ាន់ ថ្កោលទោស​ប្រទេស​ចិន ដែល​បាន​ព្យាយាម​ជ្រៀតជ្រែក​ចូលក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​របស់ខ្លួន​មុន​ការបោះ​មកដល់ ដោយ​រួមមាន​ការបញ្ជូន​ក្រុម​នាវា​ដឹក​យន្តហោះ ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​កាលពី​ថ្ងៃអាទិត្យ​។ ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ទីក្រុង​ប៉េកាំង​បាន​បញ្ជា​យន្ដហោះ​ទម្លាក់​គ្រាប់បែក ល្បាត​ជា​ទៀងទាត់​នៅ​ជុំវិញ​តំបន់​។​

​រដ្ឋាភិបាល​តៃវ៉ាន់ បាន​ព្រមាន​ម្តង​ហើយ​ម្តងទៀត អំពី យុទ្ធនាការ​របស់​ក្រុង​ប៉េកាំង ដើម្បី​ជះឥទ្ធិពល​លើ​ការបោះឆ្នោត រួមមាន​ការដណ្តើមយក​សម្ព័ន្ធមិត្ត ដែលមាន​ទំនាក់ទំនង​ការទូត​ជាមួយ​កោះ​តៃវ៉ាន់ និង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដើម្បី​បំភាន់​អ្នកបោះឆ្នោត​។ តៃវ៉ាន់​បាន​បាត់បង់​សម្ព័ន្ធមិត្ត​ការទូត​ចំនួន ៧ ដោយ​ចិន​បាន​ប្រើ​យុទ្ធសាស្ត្រ ឲ្យ​ប្រទេស​ទាំងនោះ​ផ្តាច់ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់ ហើយ​អូសទាញ​ពួកគេ​ឲ្យ​ងាក​មក​រឹតចំណង​មិត្តភាព​តែ​ជាមួយ​ចិន​បាន​ហើយ​។ ចាប់តាំងពី​លោកស្រី​Tsai Ing-wen​ប្រធានាធិបតី​តៃវ៉ាន់ ចូល​កាន់តំណែង​ក្នុង​ឆ្នាំ ២០១៦​មក នៅសល់​ប្រទេស​ចំនួន​១៥​ប៉ុណ្ណោះ ដែល​ទទួលស្គាល់​កោះ​នេះ​។​

​លោក​Brent Christensen បាន​និយាយថា ការរៀបចំ​យោធា​របស់​ចិន​ប្រឆាំងនឹង​កោះ​តៃវ៉ាន់ មិនមាន​ការថយចុះ​ទេ​។ រដ្ឋមន្ត្រី​ក្រសួងការបរទេស​តៃវ៉ាន់ Joseph Wu និយាយ​ដែរថា ការគំរាមកំហែង​ផ្នែក​យោធា​របស់​ប្រទេស​ចិន​កំពុងតែ​កើនឡើង​។ នៅពេលដែល​តៃវ៉ាន់​បង្ហាញ​មហិច្ឆតា ចង់​ផ្តាច់ខ្លួន​ម្តងៗ ចិន​តែង​គំរាម​ប្រើប្រាស់​កម្លាំងយោធា ដើម្បី​នាំ​កោះ​តៃវ៉ាន់​មក​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ខ្លួន​។ ពេលនេះ ចិន​នៅតែ​រក្សា​ជម្រើស​យោធា​ដដែល ប៉ុន្តែ​នឹង​ខិតខំ​ដើម្បី​សម្រេច​ឲ្យបាន​នូវ​ការបង្រួបបង្រួម​ឡើងវិញ ដោយ​សន្តិវិធី​។ នេះ​បើតាម​ការអះអាង ដោយ​លោកប្រ​ធានា​ធិបតិ​ចិនស៊ី ជីន​ពីង​។​

​គួរ​ជម្រាបជូន​ថា តៃវ៉ាន់​នឹង​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃទី​១១​ខែមករា​ខាងមុខនេះ​។ នៅ​ក្នុងនោះ គណបក្ស​កំពុង​ដឹកនាំ​តា​យ​ប៉ិ មានប្រៀប​លើ​គណបក្ស Kuomintang ដែល​គាំទ្រ​ដោយ​ចិន​។ នៅក្នុង​ការបោះឆ្នោត​នេះ អាមេរិក​ព្រួយបារម្ភ ចិន​ចូលទៅ​កកូរកកាយ​ក្នុង​ការបោះឆ្នោត ដែល​អាចជួយ​ឲ្យ​គណបក្ស Kuomintang​ឈ្នះ​ការបោះឆ្នោត នោះ​អាមេរិក​នឹង​បាត់​បង់ប្រយោជន៍ ដែល​ធ្លាប់​ទទួលបាន​ពី​តៃវ៉ាន់ ហើយក៏​លែងមាន​ឥទ្ធិពល​អ្វី​លើ​កោះ​នេះ​តទៅទៀត​ដែរ រីឯ​ជោគវាសនា​ប្រជាធិបតេយ្យ​នៅ​តៃវ៉ាន់​ក៏​ប្រឈម​ហានិភ័យ​។ 

​សហរដ្ឋអាមេរិក​ក៏ដូចជា​ប្រទេស​ភាគច្រើន​ទៀត​ដែរ គឺ​មិនមាន​ទំនាក់ទំនង​ការទូត ជាមួយ​តៃវ៉ាន់​ទេ ប៉ុន្តែ​ត្រូវបាន​ចងភ្ជាប់​ដោយ​ច្បាប់ ដើម្បី​ជួយ​កោះ​នេះ​នូវ​មធ្យោបាយ​ដើម្បី​ការពារ​ខ្លួន​។ អាមេរិក​ជា​អ្នក​ចេញមុខ​គាំទ្រ​តៃវ៉ាន់​ខ្លាំង​បំផុត នៅលើ​ឆាក​អន្តរជាតិ​។ អាមេរិក​ក៏​ជា​ប្រទេស​នាំមុខគេ នៅក្នុង​ការផ្គត់ផ្គង់​សព្វាវុធ​សម្រាប់​កោះ​តៃវ៉ាន់ ដែលជា​ថ្នូរ​នឹង​ទឹកប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​៕

 ពាក្យគន្លឹះ  អាមេរិកតៃវ៉ាន់ចិន

ព័ត៌មានផ្សេងទៀត