លោក​ផៃ ស៊ីផា​ន​៖ កម្ពុជា​-​អាមេរិក​ទិសដៅ​និង​បំណង​ដូចគ្នា​

22-11-2019 3:50 pm 183

​សន្តិភាព និង​ស្ថិរភាព គឺជា​កត្តា​កំណត់​នៃ​តម្លៃ និង​ចីរភាព​របស់​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​។ កម្ពុជា និង​សហរដ្ឋអាមេរិក មាន​ទិសដៅ និង​បំណង​ដូចគ្នា ក្នុង​កិច្ច​អភិវឌ្ឍ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ហើយ​អ្វី​ជា​សារៈសំខាន់​បំផុត​នោះ គឺ​កិច្ចសហការ​ក្នុង​ភាព​ជា​ដៃគូ​រវាង​ប្រជាជាតិ​ទាំងពីរ ដើម្បី​ទទួល មិន​ត្រឹមតែ​ជោគជ័យ​រួម​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ជា​ផលប្រយោជន៍​របស់​មនុស្ស​ជាតិ​ទាំងមូល​ផងដែរ​។​ ​នេះ​ជា​ការលើកឡើង​ពី​សំណាក់ លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រដ្ឋាភិបាល ដែល​បាន​បញ្ជាក់​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុក នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា​នេះ​។​

​លោក​ផៃ ស៊ីផា​ន បន្តថា ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស មិន​គ្រាន់តែ​ជា​ជម្រើស​របស់​កម្ពុជា​នោះទេ ក៏ប៉ុន្តែ​ជា​ការប្តេជ្ញា​របស់​កម្ពុជា ដែល​បាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ឲ្យ​តម្លៃ​ខ្ពស់ និង​ប្តេជ្ញា​អនុវត្ត​ជាមួយនឹង​ការពង្រឹង ការអភិវឌ្ឍ នៅ​ក្នុង​ទិសដៅ​នេះ តាមរយៈ​ការ​ក៏​សាង​ច្បាប់ ការអនុវត្ត​ច្បាប់ និង​ការប្រតិបត្តិ​ច្បាប់​។ 

​លោក​ផៃ ស៊ីផា​ន បន្ថែមថា កាលានុវត្ត​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ គឺ​អាស្រ័យ​ដោយ​លក្ខខណ្ឌ​ជាក់ស្តែង នៃ​កត្តា​សន្តិភាព និង​ស្ថិរភាព​។ បើ​គ្មាន​លក្ខខណ្ឌ​ជាក់ស្តែង​នេះ ក៏​ពុំ​អាច​អភិវឌ្ឍ និង​អនុវត្ត​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​បាន​នោះឡើយ​។​

​គួរបញ្ជាក់​ថា ក្នុងកិច្ចជំនួបជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នាថ្ងៃទី២២ ខែវិច្ឆិកានេះ មន្ត្រីទូតអាមេរិក បានពាំនាំប្រសាសន៍លោកដូណាល់ ត្រាំ ដែលបាន​បញ្ជាក់ថា អាមេរិក​នៅ​តែ​បន្ត​គាំទ្រ ចំពោះ​ការរក្សា​ស្ថេរភាព សន្តិភាព និង​វិបុលភាព សម្រាប់​ប្រជាជន​កម្ពុជា តទៅ​ថ្ងៃ​អនាគត​។ លោក​ត្រាំ បាន​គូសបញ្ជាក់ថា អាមេរិក​គោរព​ឆន្ទៈ​អធិបតេយ្យ​របស់​ប្រជាជន​កម្ពុជា ហើយ​អាមេរិក មិន​ស្វែងរក​ឲ្យមាន​ការប្តូររ​បប​នៅ​កម្ពុជា​នោះទេ​៕

 ពាក្យគន្លឹះ  កម្ពុជា-អាមេរិក

ព័ត៌មានផ្សេងទៀត