សាកសព​​ទាំង​៣៩​នាក់​​រកឃើញ​​នៅ​អង់គ្លេស​​នឹងបញ្ជូន​ទៅ​វៀតណាម​វិញ​

22-11-2019 2:41 pm 398
រូបភាព​រថយន្ដដឹកសពដែលឃាត់បាន

​សាកសព​ជនរងគ្រោះ​ចំនួន​៣៩​នាក់ ដែល​រកឃើញ​នៅក្នុង​រថយន្ដ​កុងតឺន័រ​ក្នុងប្រទេស​អង់គ្លេស នឹងត្រូវ​ដឹកជញ្ជូន​ទៅកាន់​ប្រទេស​វៀតណាម​វិញ​។ ពេលវេលា​ពិតប្រាកដ​នៅ​មិនទាន់​បញ្ជាក់​ទេ ប៉ុន្ដែ​ពេលនេះ​កំពុងមាន​ការសម្របសម្រួល​ដោយ​ឧបត្ថម្ភ​ជា​ថវិកា ដើម្បី​អាច​ដឹកជញ្ជូន​សាកសព​តាម​យន្ដហោះ ដោយសារតែ​ក្រុមគ្រួសារ​ជនរងគ្រោះ​មួយចំនួន ពុំមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការចំណាយ​។​

​ទឹកប្រាក់​ជាង​១១​ម៉ឺន​ដុល្លារ​ត្រូវបាន​ប្រមូល​ជា​មូលនិធិ ដើម្បី​ជា​ជំនួយ​សម្រាប់​ក្រុមគ្រួសារ​សព​ទាំង​៣៩​នាក់ ដឹក​សាកសព​ត្រឡប់​ទៅវិញ​។ រដ្ឋាភិបាល​វៀតណាម​ក៏បានផ្ដល់​ប្រាក់កម្ចី​ដល់​សាច់ញាតិ​ជនរងគ្រោះ​វៀតណាម​ផងដែរ ក្រៅពីនេះ​មាន​ការជួយ​ជ្រោ​ម​ជ្រែក​ជាច្រើន​ទៀត​។ ការដឹកជញ្ជូន​សាកសព​ត្រឡប់​ទៅ​វៀតណាម​វិញ នឹងត្រូវ​ចំណាយ​៦៦.២​លាន​ដុង ស្មើនឹង​២,៨៥៦​ដុល្លារ​ក្នុង​គ្រួសារ​ម្នាក់​។ នេះ​បើតាម​ការបញ្ជាក់​ពី​អនុ​រដ្ឋមន្ដ្រីការបរទេស​វៀតណាម​។ 

​សូមបញ្ជាក់ថា សាកសព​ទាំង​៣៩​នាក់​រកឃើញ​កាលពី​ខែ​មុន​នៅ​អង់គ្លេស មាន​ស្ដ្រី​៨​នាក់​និង​បុរស​៣១​នាក់ ក្នុងនោះ​មាន​ក្មេង​ជំទង់​១០​នាក់ រួមទាំង​ក្មេងប្រុស​អាយុ​១៥​ឆ្នាំ​២​នាក់​ផងដែរ​។ ដំបូង​ឡើយ​មានការ​សន្និដ្ឋានថា​សាកសព​ទំនងជា​ជន​ជាតិចិន ប៉ុន្ដែ​ក្រោយមក​មាន​ការបញ្ជាក់​ជាថ្មី​ថា សាកសព​ទាំងនោះ​ជា​ជនជាតិ​វៀតណាម​ទេ​។ អ្នកបើករថយន្ដ​ពីរ​នាក់​ត្រូវបាន​ឃាត់ និង​ចោទប្រកាន់​ពីបទ​មនុស្សឃាត ព្រមទាំង​មាន​ការចាប់ខ្លួន​មនុស្ស​ជាច្រើន​នាក់​ផ្សេងទៀត​៕

ព័ត៌មានផ្សេងទៀត