​លោក​ហ៊ុន សែន​៖​​កូរ៉េ​នឹង​ផ្ដល់ជំនួយ​១០​​លាន​ដុល្លារ​ដល់​វិស័យ​ដោះមីន​នៅ​កម្ពុជា​​

22-11-2019 2:04 pm 296

​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក ផាក ហ៊ីង ឃ្យុ​ង​(Park Heung Kyeong) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ថ្មី ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃទី​២១ វិច្ឆិកា ឆ្នាំ​២០១៩ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អរគុណ​ដល់​កូរ៉េខាងត្បូង​ដែល​បាន​ជួយ​ដល់​កម្ពុជា រួមទាំង​ភ្នាក់ងារ​សហប្រតិបត្តិកា​រ​អន្តរជាតិ​កូរ៉េ ដែល​នឹង​ផ្ដល់ជំនួយ​១០​លាន​ដុល្លារ ដល់​វិស័យ​ដោះមីន​នៅ​កម្ពុជា​។ 

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក ហ៊ុន សែន ក៏បាន​រំលឹក​ពី​ទំនាក់ទំនង​កូរ៉េ​និង​កម្ពុជា ដែលមាន​រូបលោក​ផ្ទាល់​ជា​ស្ថាបនិក​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ ដែល​មកដល់ពេលនេះ គឺមាន​ការរីកចម្រើន​យ៉ាងច្រើន​លើ​គ្រប់​វិស័យ រួមទាំង​វិស័យ​ការងារ​សំរាប់​ពលករ​ខ្មែរ​ជាង​៥​ម៉ឺន​នាក់​ដែល​កំពុងធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ​នាបច្ចុប្បន្ន ដែល​នាំមក​នូវ​ប្រាក់ចំណូល​រាប់រយ​លាន​ដុល្លារ​មក​កម្ពុជា​។ លោក​បានបញ្ជាក់​ផងដែ​រថា កម្ពុជា និង​កូរ៉េ គឺ​នៅមាន​សក្កា​នុព​ល​ជាច្រើន​ដែល​អាច​សហការ​ជាមួយគ្នា​បាន​។ ប៉ុន្តែ​សហប្រតិបត្តិការ​មួយ​ដ៏​សំខាន់ ដែល​លោក​ចង់បាន​ឆាប់​បំផុត​នោះ គឺ​ចង់អោយមាន “ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​-​កូរ៉េ​” ដើម្បី​ធ្វើយ៉ាងណា​បើក​ទីផ្សារ​នៅ​កូរ៉េ​ឲ្យបាន​ច្រើន​សម្រាប់​ការនាំចេញ​កសិផល​កម្ពុ​ជា​ទៅកាន់​ទីនោះ​។ 

​លោក ហ៊ុន សែន សង្កត់ធ្ងន់ថា អ្វីដែល​សំខាន់​នៅក្នុង​ជំនួប​នេះ ក្រោយពី​បានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​រួចហើយ គឺមាន​កិច្ចប្រជុំ​កុំ​ពូ​ល​រម្លឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​កូរ៉េ និង កិច្ច ប្រជុំ​កំពូល​មេគង្គ​-​កូរ៉េ ដែល​កន្លងមក​ភាគី​កូរ៉េ ក៏បាន​ទទួលយក​នូវ​គំនិត​ផ្តួចផ្តើម​នេះ ដែល​កាលពីមុន គឺ មាន​ត្រឹមតែ​កម្រិត​រដ្ធមន្ត្រី​តែប៉ុណ្ណោះ ប៉ុន្តែ​ពេលនេះ​គឺ​កម្រិត​ប្រមុខ​ដឹកនាំ​រដ្ធាភិបាល​ចូលរួម​។ លោក ហ៊ុន សែន​ថា ពិតជា​មានក្តី​សមោន​ស្ស​រីករាយ​ដែល​ភាគី​កូរ៉េ ក៏ដូចជា​ប្រទេស​មេគង្គ​៤​ផ្សេងទៀត បានទទួល​យកគំនិត​ផ្តួចផ្តើម​បង្កើន​កម្រិត​ប្រមុខ​ដឹកនាំ​ប្រទេស អោយបាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ​-​កូរ៉េ ហើយ​លោក​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ទាំងពីរ​ខាងលើនេះ នៅ​សាធារណរដ្ឋ​កូរ៉េ នៅ​ថ្ងៃអាទិត្យ ទី​២៤ វិច្ឆិកា ឆ្នាំ​២០១៩​នេះ​។​

​ដោយឡែក​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ថ្មី​ប្រចាំ​កម្ពុជា​វិញ លោក​បាន​បញ្ជាក់ជូន​លោក ហ៊ុន សែន ថា ក្នុងនាម​ជា​ឯកអគ្គរដ្ឋទូត​ថ្មី លោក​នឹង​បន្ត​ធ្វើ​យ៉ាងណាឲ្យ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី បន្ត​មាន​ភាព​រីកចម្រើន​ថែមទៀត ជាពិសេស​នឹង​ជំរុញ​ធ្វើយ៉ាងណា អោយ​បន្ត​លើ​ការអភិវឌ្ឍ​លើ​វិស័យ​ផ្សេងៗ ដូចជា​វិស័យ​ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង​វិស័យ​ផ្សេងៗ​ទៀត​។ ពាក់ព័ន្ធ​នឹង​ការដំឡើង​កម្រិត​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​កូរ៉េ ឲ្យទៅជា​កម្រិត​កិច្ចប្រជុំកំពូល រវាង​មេដឹកនាំ​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​មេគង្គ​កូរ៉េ​នោះ អគ្គរដ្ឋទូត​ក៏បាន​កោតសរសើ​រលោក ហ៊ុន សែន នូវ​គំនិត​ផ្តួចផ្តើម​ដ៏​ឈ្លាសវៃ​របស់ លោក​ផងដែរ​៕

ព័ត៌មានផ្សេងទៀត