​អតីត​តំណាងរាស្ត្រ​CNRP​​បារម្ភ​បាត់​EBA​ពី​អឺរ៉ុប​​បន្ទាប់ពី​រដ្ឋាភិបាល​បញ្ជាក់​ជំហរ​ជាថ្មី​​

22-11-2019 11:08 am 440

​អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្ដែង​ការព្រួយបារម្ភ​ចំពោះ​ការ​ប្រឈម​នឹង​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហគមន៍​អឺរ៉ុប បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ជំហរ​របស់​រាជរដ្ឋាភិបាល​ជាថ្មី​ថា កម្ពុជា​មិនអាច​យក​អធិបតេយ្យ​ជាតិ​របស់ខ្លួន ទៅ​ដោះដូរ​ជាមួយ​ជំនួយ ឬ​ភាពអនុគ្រោះ​ណាមួយ​នោះដែរ​។

​អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្ដែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការ​ប្រឈម​នឹង​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហគមន៍​អឺរ៉ុប ខណៈដែល​ពេលវេលា​នៃ​ការ​សម្រេចចិត្តព្យួ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ កំពុង​រំកិល​ជិត​មកដល់ តែ​មិនទាន់មាន​សញ្ញាណ​នៃ​ការឆ្លើយតប​ជា​វិជ្ជមាន​ណាមួយ នៅឡើយ​។ នេះ​បើ​យោងតាម​សេចក្ដីថ្លែងការណ៍ របស់​អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សម្ដែង​ការព្រួយបារម្ភ​នោះ រួមមាន​៖ លោក អ៊ូ ច័ន្ធរ័​ត្ន​, លោក កង គឹម​ហាក់ និង​លោកស្រី ជីវ កក្តា​។ អតីត​តំណាងរាស្ត្រ​ទាំងនេះ ពួកគេ​នៅតែ​យល់ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA មាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុងស្ថានភាព សេដ្ឋកិច្ច​បច្ចុប្បន្ន​សម្រាប់​កម្ពុជា​។ ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​អាច​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​កម្ពុជា ជីវភាព​ប្រជាពលរដ្ឋ​រាប់លាន​នាក់ និង​អនាគត​កូនចៅ​របស់​ពួកគាត់​។ ម្យ៉ាងវិញទៀត វា​ជា​ហានិភ័យ​ក្នុងការ​ទទួលរង​នូវ​សម្ពាធ​អន្តរជាតិ​ឯទៀត​ជា​បន្តបន្ទាប់ ដូចជា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP របស់​សហរដ្ឋ​អា មេរិក​ជាដើម​។​ល​។​

​អតីត​តំណាងរាស្ត្រ​ខាងលើនេះ​យល់ឃើញថា ចំពោះ​ដំណោះស្រាយ​ដើម្បី​ប្រយោជន៍​ជាតិ​និង​ប្រជាពលរដ្ឋ ជា​កត្តា​ចំ​បាច់​ជាជាង​ការ​ប្រឈម​វាង​ខ្មែរ​និង​ខ្មែរ ដែល​ធ្វើឲ្យ​បាត់បង់​ផលប្រយោជន៍​ឲ្យទៅ​សាសន៍ដ​ទៃ ដោយ​ពួកគេ​បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​នយោបាយ​ជាន់ខ្ពស់​ទាំងអស់ រួមទាំង​ភាគី​សហគមន៍​អឺរ៉ុប មេត្តា​ពិចារណា​ដោយ​ប្រុងប្រយ័ត្ន​ជាទីបំផុត ក្នុង​ការសម្រេចចិត្ត​នយោបាយ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ ដើម្បី​រក្សា​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​។ ពួកគេ​នៅតែ​មានជំនឿថា ការស្វែងរក​ដំណោះស្រាយ​រវាង​ខ្មែរ​និង​ខ្មែរ វា​ជាកា​ចំ​បាច់ ហើយ​ដែល​អាច​ធ្វើទៅបាន​ដោយ​មិនចាំបាច់​ដាក់​អធិបតេយ្យភាព​ជាតិ ក្រោម​ប្រទេស​ណាមួយ​ឡើយ ហើយ​ជឿជាក់ថា​រាជរដ្ឋាភិបាល លោក​នឹង​មានលទ្ធភាព​ពិតប្រាកដ ក្នុង​ការរក្សា​ផលប្រយោជន៍​ជាតិ​ជាមិនខាន​។​

​ពាក់ព័ន្ធ​ការអុគ្រោះ​ពន្ធ EBA របស់​សហគមន៍​អឺរ៉ុប​នេះ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅក្នុង​ពិធី​សម្ភោ​ធ​អគារ​ឥន្ទ្រ​ទេវី របស់​រាជបណ្ឌិត្យសភា​កម្ពុជា នា​ថ្ងៃទី​២១ ខែវិច្ឆិកា បានបញ្ជាក់​ពី​ជំហរ​របស់​រដ្ឋាភិបាល​ថា កម្ពុជា​មិន​ចង់​បាត់បង់ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នោះទេ តែ​កម្ពុជា​ក៏​មិនអាច​យក​អធិបតេយ្យ​ជាតិ​របស់ខ្លួន ទៅ​ដោះដូរ​ជាមួយ​ជំនួយ ឬ​ភាពអនុគ្រោះ​ណាមួយ​នោះដែរ​។ លោក​ហ៊ុន សែន បាន​ថ្លែងថា រដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀមខ្លួន​តាំងពី​ខែមីនា​មក​ម្លេះ ទាក់ទង​នឹង​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប EBA នេះ​។ លោក​បន្ត ថា សហភាព​អឺរ៉ុប នៅតែ​ជា​ទីផ្សារ នាំចេញ​ទំនិញ​សម្រាប់​កម្ពុជា ទោះបីជា​បន្ត ឬ​មិន​បន្ត​ប្រព័ន្ធ​”​អនុគ្រោះ​ពន្ធ EBA ក៏ដោយ គ្រាន់តែ​ពីមុន​ចំណេញ​ច្រើន​ដោយ​មិន​បង់ពន្ធ តែ​នៅពេល​បាត់​បង់ពន្ធ វា​ចំណេញ​តិចជាង​មុន​ប៉ុណ្ណោះ​។​

​គួរ​បញ្ជាក់ថា សហភាព​អឺរ៉ុប​បាន​ទុកពេល​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ឆ្លើយតប​នូវ​អ្វីដែល​ខ្លួន​ចង់បាន ដែល​កន្លងមក សហភាព​អឺរ៉ុប បានទាមទារ​ឱ្យ​រដ្ឋាភិបាល ងាក​មក​កន្លង​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស លើកលែង​ការចោទប្រកាន់ និង​ដោះលែង​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ឥត​លក្ខខណ្ឌ បើ​មិន​ដូច្នោះ​ទេ ខ្លួន​នឹង​ផ្ដាច់​ប្រពន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត