លោក​ត្រាំ​៖​អាមេរិក​គោរព​ឆន្ទៈ​ប្រជាជន​កម្ពុជា និង​មិន​គាំទ្រ​ការប្តូរ​របប​ទេ​

22-11-2019 10:20 am 370
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​ដូណាល់​ត្រាំ ប្រធានាធិបតី​អាមេរិក បានបញ្ជាក់​ថា អាមេរិក​នៅ​តែ​បន្ត​គាំទ្រ ចំពោះ​ការរក្សា​ស្ថេរភាព សន្តិភាព និង​វិបុលភាព សម្រាប់​ប្រជាជន​កម្ពុជា តទៅ​ថ្ងៃ​អនាគត​។ នេះ​បើ​តាម​លិខិត​របស់​សេត​វិមាន​អាមេរិក ផ្ញើជូន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាលពីដើម​ខែ​វិច្ឆិកា​កន្លងទៅនេះ​។ 

​លិខិតសេតវិមានអាមេរិក​បាន ឲ្យដឹងថា ការរក្សា​នូវ​សន្តិភាព​នេះ ជា​ចក្ខុវិស័យ​ដែល​អាមេរិក បាន​គាំទ្រ និង​វិនិយោគ ចាប់តាំងពី​ដំណាក់កាល​ដំបូង ដែល​កម្ពុជា បាន​ងើប​ផុត​ពី​សង្គ្រាម​ស៊ីវិល ដែល​អូសបន្លាយ​ជាច្រើន​ឆ្នាំ​។ ចាប់ពីពេលនោះ​មក អាមេរិក បាន​ធ្វើ​ការងារ​ប្រកបដោយ​ផ្លែផ្កា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន រួមទាំង​ការគាំទ្រ​របស់​អាមេរិក លើ​សេវាកម្ម​ផ្នែក​យោធា សន្តិសុខ ពាណិជ្ជកម្ម និង​វិនិយោគ​។ ការគាំទ្រ​នេះ បាន​រួមចំណែក​ក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ការកសាង​សមត្ថភាព​សម្រាប់​សង្គម​ស៊ីវិល និង​ស្ថាប័ន​អភិបាលកិច្ច​កម្ពុជា​។ អាមេរិក​ជឿជាក់ថា កម្ពុជា​ក្នុង​ការរក្សា​នូវ​សុខសន្តិភាព និង​វិបុលភាព​នេះ គឺ​ជា​កម្លាំង​ដ៏​ប្រសើរ​មួយ​។​

​យ៉ាងណាមិញ លោក​ដូណាល់​ត្រាំ ក៏បាន​លើកឡើង​ភាព​រកាំរកូស និង​ការ​ជួបប្រទះ​បញ្ហា​ខ្លះៗ រវាង​ទំនាក់ទំនង​អាមេរិក​-​កម្ពុជា នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប៉ុន្តែ​ភាព​រកាំរកូស​នេះ មិន​បំរើ​ឲ្យ​ប្រយោជន៍​នៃ​ប្រជាជន​អាមេរិក និង​កម្ពុជា​ទេ​។ លោក​ត្រាំ បាន​គូសបញ្ជាក់ថា អាមេរិក​គោរព​ឆន្ទៈ​អធិបតេយ្យ​របស់​ប្រជាជន​កម្ពុជា ហើយ​អាមេរិក មិន​ស្វែងរក​ឲ្យមាន​ការប្តូររ​បប​នៅ​កម្ពុជា​នោះទេ​។ រដ្ឋាភិបាល​អាមេរិក ស្វះស្វែង​ធ្វើឲ្យ​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបា​លលោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដោយ​ផ្អែក​លើ​ការគោរព​គ្នា​ទៅវិញទៅមក​។

ជា​ពិសេស​ទៀត​នោះ អាមេរិក​នឹង​ជួយ​ការពារ​អធិបតេយ្យភាព​កម្ពុជា ហើយ​អាមេរិក​នឹង​បន្ត​ជួយ​កម្ពុជា​ឲ្យមាន​ប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ​រឹងមាំ ប្រកបដោយ​តម្លាភាព ទប់ស្កាត់​ការ​លាងលុយកក្វក់ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ប្រទេស​ជាតិ ព្រម​ទាំង​ជំនួយ​បច្ចេកទេស​ជា​ច្រើន​ទៀត ដែល​កម្ពុជា​ត្រូវការ គឺ អាមេរិក​នឹង​ជួយ​ដើម្បី​ជំរុញ​មិត្តភាព និង​កិច្ច​សហការ​ឲ្យ​កាន់តែ​ល្អ និង​ជឿទុកចិត្ត​គ្នា​ទៅវិញទៅមក​កាន់តែខ្លាំង​។​

​ជា​ការឆ្លើយតប លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក្នុង​កិច្ច​ជំនួប​ជាមួយ​ទូត​អាមេរិក​ប្រចាំ​កម្ពុជា នា​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា​នេះ បាន​អរគុណ អាមេរិក​ដែល​បាន​គាំទ្រ ប្រទេស​កម្ពុជា តាំង​ពី​កម្ពុជា​មិនទាន់​ទទួលបាន​ឯករាជ្យ​ក្នុង​ឆ្នាំ ១៩៥៣ មកម្ល៉េះ​។ នេះ​គឺ​បង្ហាញ​ពី​ចំណងមិត្តភាព​និង​សហប្រតិបត្តិការ​ល្អ​ជាមួយ​គ្នា ដែល​មាន​រយៈពេល​យូរលង់​មកហើយ​។ 

​ប្រមុខ​រដ្ឋាភិបាល បាន​បញ្ជាក់​ពី​ជំហរ​របស់​កម្ពុជា ក្នុង​ការបង្កើន​មិត្ត​ភាពល្អ ជាមួយ​អា​មរិក ហើយ​រីករាយ នឹងចូលរួម​កិច្ចប្រជុំ​ពិសេស ដែល​រៀបចំ​ដោយ​អាមេរិក​នៅ​ឆ្នាំក្រោយ​នេះ​៕

ព័ត៌មានផ្សេងទៀត