​២០១៨​​​​ការនាំចេញ​​​​​​របស់​កម្ពុ​ជា​​​​​ក្រោម​ការអនុគ្រោះ​​​​ជាង​១​ម៉ឺន​លាន​ដុល្លារ​​​​​​​

21-11-2019 4:36 pm 214

​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជ​កម្ពុជា បាន​អះអាងថា ការនាំចេញ​របស់​កម្ពុ​ជា ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ទៅកាន់​ទីផ្សារ​បរទេស កើនឡើង​ជាង ១​ម៉ឺន​ដុ​លា្ល​រ បើ​ធៀប​នឹង​ឆ្នាំ​២០០១ មានតែ​ជាង ១​ពាន់​ដុល្លារ តែប៉ុណ្ណោះ ខណៈ​ការនាំចេញ​សម្លៀកបំពាក់ និង​វាយនភ័ណ្ឌ មាន​ការកើនឡើង​ជិត ៨​ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​២០០១​។

​លោក ប៉ាន សូរ​ស័ក្កិ រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បានឱ្យដឹងថា ការនាំចេញ​របស់​កម្ពុ​ជា ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ទៅកាន់​ទីផ្សារ​បរទេស​នៅ​ឆ្នាំ​២០០១ មាន​ទឹកប្រាក់​សរុប ១១៨៨ លាន​ដុល្លារ​អាមេរិក កើន​រហូតដល់​ទឹកប្រាក់​សរុប ១២៨៩៥ លាន​ដុល្លា​អាមេរិក នៅ​ឆ្នាំ​២០១៨​។ ក្នុងនោះ ការនាំចេញ​សម្លៀកបំពាក់ និង​វាយនភ័ណ្ឌ មាន​កំណើន​គួរឲ្យកត់សម្គាល់ ដែល​នៅ​ឆ្នាំ​២០០១ មាន​ទឹកប្រាក់​ត្រឹមតែ ៨២៨ លាន​ដុល្លារ​អាមេរិក បាន​កើន​ដល់ ៧៧៧៩ លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៨​។ ការលើកឡើង​បែបនេះ របស់លោក​ប៉ាន សូរ​ស័ក្កិ នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ «​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា និង​អង្គការ​អន្តរជាតិ​ខាង​ការងារ ស្តីពី​កម្មវិធី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​» សម្រាប់​បន្ត​អនុវត្ត​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២២​។​

​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​រូបនេះ បាន​បញ្ជាក់ថា ដោយសារ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ផ្សារភ្ជាប់​ពាណិជ្ជកម្ម​ជាមួយនឹង​បទដ្ឋាន​ការងារ ចាប់តាំងពី​ឆ្នាំ​២០០១​មក ដើម្បី​កែលម្អ​លក្ខខណ្ឌ​ការងារ ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​វាយនភ័ណ្ឌ ដែល​ទទួលស្គាល់​ស្តង់ដារ​ការងារ​ជា​អន្តរជាតិ តាមរយៈ​ការអនុវត្ត​ច្បាប់​ការងារ​របស់​កម្ពុជា​។ គោលនយោបាយ​នេះ​បាន​ជំរុញ​ការទាក់ទាញ​វិនិយោគទុន ការបង្កើត​ការងារ និង​ប្រាក់ចំណូល​សម្រាប់​កម្មក​រ​-​កម្មការិនី ក៏ដូចជា​គ្រួសារ​របស់​ពួកគាត់​ឲ្យ​កាន់តែ​ប្រសើរ​ទ្បើង និង​បាន​ចូលរួមចំណែក​កសាង​នូវ​មូលដ្ឋានគ្រឹះ​ក្នុងការ​ប្រែក្លាយ​ប្រទេស​កម្ពុជា ទៅជា​ប្រទេស ដែលមាន​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ជា​លំដាប់​។ 

​លោក ប៉ាន សូរ​ស័ក្កិ បាន​បញ្ជាក់ទៀតថា គោលនយោបាយ​នេះ ក៏បាន​ធ្វើឲ្យ​វិស័យ​ពាណិជ្ជកម្ម​រួមចំណែក​យ៉ាងសំខាន់ ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ដែល​ក្នុង​រយៈពេល ០២(​ពីរ​)​ទសវត្ស​ចុងក្រោយ​នេះ កម្ពុជា​សម្រេចបាន​កំណើន​សេដ្ធកិច្ច​ជា​មធ្យម ៧% រៀងរាល់ឆ្នាំ ដែល​បាន​រួមចំណែក​យ៉ាងសំខាន់​ដល់​ការធានាបាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជា​បាន​រួមចំណែក​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ការអនុវត្ត​គោលនយោបាយ​នៃ​ការផ្សារភ្ជាប់​ពាណិជ្ជកម្ម​ជាមួយនឹង​បទដ្ឋាន​ការងារ​ក៏បាន​បង្កើន​ទំនុកចិត្ត​ដល់​អ្នកបញ្ជា​ទិញ និង​ម៉ាក​យីហោ​ល្បីៗ ក្នុង​ការដាក់​បន្ថែម​កា​រ​បញ្ជា​ទិញ​ផលិតផល សម្លៀកបំពាក់ និង​វាយនភ័ណ្ឌ​នៅ​កម្ពុជា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​កាន់តែ​ច្រើនឡើង​ផងដែរ​៕

ព័ត៌មានផ្សេងទៀត