កម្ពុជា​រំពឹង​បាន​​ផល​ចំណេញពី​FTA​ ចិន ​ខណៈEBA​ អឺរ៉ុបមិន​​ច្បាស់លាស់​

21-11-2019 4:14 pm 412

កម្ពុជា និងចិន នឹងចាប់ផ្ដើមកិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)ទ្វេភាគីនៅថ្ងៃទី៣ ខែធ្នូខាងមុខនេះ។កម្ពុជារំពឹងថា ប្រសិនបើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)សម្រេចបាន គឺកម្ពុជានឹងទទួលបានផលចំណេញបន្ថែមទៀតពីទីផ្សារចិន ហើយការចរចាពាណិជ្ជកម្មសេរីរជាមួយចិនពេលនេះ មិនមែនដោយសារតែកម្ពុជាបារម្ភពីការបាត់បង់ប្រព័ន្ធអនុគ្រោះព័ន្ធEBAទេ។ ការអះអាងរបស់កម្ពុជាបែបនេះ គឺបន្ទាប់ពីប្រព័ន្ធអនុគ្រោះព័ន្ធ EBA របស់អឺរ៉ុបមកកម្ពុជាមិនទាន់ច្បាស់លាស់។ 

ភាគីកម្ពុជា និងចិន នឹងរៀបចំកិច្ចពិភាក្សាផ្លូវការលើកដំបូង ស្ដីពីការសិក្សាលទ្ធភាពចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)រវាងភាគីចិន និងកម្ពុជា នៅទីក្រុងបេកាំង នៅថ្ងៃទី៣ខែធ្នូ។ជាការរៀបចំដ៏ពិសេសមួយដោយផ្អែកលើទំនាក់ទំនងមិត្តភាពរវាងចិន និងកម្ពុជា។នេះតាមរយៈទំព័រហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា។

បច្ចុប្បន្នរដ្ឋាភិបាលកម្ពុជា បានរៀបជា៤ក្រុម ដើម្បីពិភាក្សាជាមួយភាគីចិនលើពាណិជ្ជកម្មសេរី (FTA)នេះ និងមានសុដ្ឋិនិយមថា នឹងទទួលបានជោគជ័យ។ជោគជ័យដោយសារតែកម្ពុជា និងចិន ជាមហាមិត្តជាមួយគ្នាអស់ជាច្រើនឆ្នាំមកហើយ។នេះបើតាមការអះអាងរបស់អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផានក្នុងសន្និសិទសារព័ត៌មាន។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា កម្ពុជាមានទិសដៅសំឡឹងរកមើលទីផ្សារជាបន្តបន្ទាប់ ដើម្បីជំរុញផ្នែកសេដ្ឋកិច្ចជាតិ។ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិនពេលនេះ ជាជំហានថ្មីមួយដែលធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែជិតស្និទថែមទៀត ជាពិសេសជំរុញវិស័យពាណិជ្ជកម្ម វិនិយោគ ដើម្បីបង្កើនទំហំពាណិជ្ជកម្ម។

អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មរូបនេះ បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជានាំចូលទៅកាន់ទីផ្សាររបស់ចិន ៩៧ភាគរយមិនជាប់ពន្ធ ហើយផលិតផលដែលកម្ពុជានាំចូលនោះមានដូចជា៖ អង្ក ដំឡូង ពោត និងចេក ភាគច្រើនជាទំនិញកសិកកម្ម។លោករំពឹងថា ប្រសិនបើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)សម្រេចបាន គឺកម្ពុជានឹងទទួលបានផលចំណេញបន្ថែមទៀតពីទីផ្សារចិន។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឬ ហៅថា FTA មានន័យថា គឺជាការកិច្ចព្រមព្រៀងលើកលែងរបាំងពន្ធអាករទៅវិញទៅមករវាងប្រទេសនិងប្រទេសដែលចុះហត្ថលេខា លើកិច្ចព្រមព្រៀង។ កិច្ចព្រមព្រៀងនេះ គឺនឹងសម្រួលជាមួយរបាំងពន្ធអាករ ការកំណត់ចំនួនទំនិញ ដែលគេអាចយល់បានថា ការធ្វើសេដ្ឋកិច្ចបែបផែនទីផ្សារសេរី ឬ ក្នុងអត្ថន័យការរួមបញ្ចូលសេដ្ឋកិច្ចតែមួយ។

ជាការកត់សម្គាល់ ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)ទ្វេភាគីរវាងចិន និងកម្ពុជានេះ គឺធ្វើឡើងខណៈដែលប្រព័ន្ធអនុគ្រោះព័ន្ធ EBA របស់អឺរ៉ុបមកកម្ពុជាមិនទាន់ច្បាស់លាស់។ បច្ចុប្បន្នកម្ពុជានៅមានរយៈពេលមួយខែទៀត ដើម្បីប្រតិកម្មចំពោះរបាយការណ៍បឋមនេះ។ បន្ទាប់មកគណៈកម្មការអឺរ៉ុបនឹងបញ្ចប់របាយការណ៍និងធ្វើការសំរេចចិត្តនៅខែកុម្ភៈឆ្នាំ ២០២០ ថាតើត្រូវដកការអនុគ្រោះពន្ធរបស់កម្ពុជាជាបណ្តោះអាសន្នឬយ៉ាងណា»?

យ៉ាងណាក៏ដោយ ក្នុងសន្និសិទសារព័ត៌មាន លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានសង្កត់ធ្ងន់ថា កិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)ជាមួយចិន មិនមែនដោយសារតែកម្ពុជាបារម្ភពីការបាត់បង់ប្រព័ន្ធអនុគ្រោះព័ន្ធ EBA របស់អឺរ៉ុបទេ វាជារឿងគាប់ជួនគ្នាប៉ុណ្ណោះ ព្រោះថាកម្ពុជា និងចិនបានព្រមព្រៀងគ្នាតាំងពីឆ្នាំ២០១៨មកម្លេះ។

កាលពីឆ្នាំ២០១៨កន្លងទៅ កម្ពុជា និង ចិន សម្រេចបានទំហំពាណិជ្ជកម្មជាមួយគ្នាក្នុងទឹកប្រាក់ជាង៧ពាន់លានដុល្លារអាមេរិក ក្នុងនោះការនាំចេញរបស់កម្ពុជាទៅចិនមានទំហំទឹកប្រាក់ ១ពាន់លានដុល្លារអាមេរិក និងនាំចូលពីចិនមកវិញ គឺមានទំហំទឹកប្រាក់ ៦ពាន់លានដុល្លារអាមេរិក។ នៅឆ្នាំ២០២៣ ខាងមុខនេះ កម្ពុជា និង ចិនក៏បានប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ១០ពាន់លានដុល្លាអាមេរិក។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានចិនកន្លងទៅ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា លោកនៅមានការសង្ឃឹមមួយយ៉ាងធំ  គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា និងចិន ដែលអាចលេចចេញជារូបរាង នៅពេលខាងមុខ ហើយពេលនោះ ទីផ្សាររបស់កម្ពុជា នឹងមានទំហំធំ ដែលមានប្រជាជនរហូតទៅដល់១៣០០លាននាក់។សម្រាប់លោកនាយករដ្ឋមន្ត្រី កម្ពុជានឹងទទួលបានផលប្រយោជន៍មហាសាលពីទីផ្សារធំមួយនេះ។

ផ្ទុយពីក្តីរំពឹងរបស់ប្រមុខរដ្ឋាភិបាល អ្នកសេដ្ឋកិច្ចខ្លះយល់ថា កម្ពុជា មិនទាន់ក្លាយជាប្រទេសនាំចេញផលិតផលសម្បូរបែបទៅក្រៅប្រទេសដូចជាប្រទេសចិននៅឡើយទេ។បច្ចុប្បន្ន ទំនិញនាំចេញរបស់កម្ពុជាភាគច្រើន គឺជាទំនិញវាយនភណ្ឌដូចជាសំលៀកបំពាក់និងស្បែកជើងដែលផលិតដោយកម្មករ កម្មការិនីរោងចក្រកាត់ដេរខ្មែរប្រមាណ៨សែននាក់ទូទាំងប្រទេស។ទំនិញទាំងនេះ ភាគច្រើន ត្រូវបាននាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប មិនមែនទៅកាន់ទីផ្សារចិននោះឡើយ៕

 

 ពាក្យគន្លឹះ  កម្ពុជា-ចិនFTA

ព័ត៌មានផ្សេងទៀត