អាមេរិក​​កំពុង​ពិចារណា​​ដកទ័ព​​៤​ពាន់​នាក់​​ចេញពី​កូរ៉េខាងត្បូង​

21-11-2019 3:09 pm 368

​តាម​ការចុះផ្សាយ​របស់​កាសែត​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​២១​វិច្ឆិកា​នេះ​បានឲ្យដឹងថា សហរដ្ឋអាមេរិក​កំពុង​ពិចារណា​លើ​ការសម្រេចចិត្ដដ៏​សំខា​ន់​មួយ គឺ​កាត់បន្ថយ​ចំនួន​ទ័ព​អាមេរិក​នៅ​កូរ៉េខាងត្បូង ប្រសិនបើ​កូរ៉េខាងត្បូង​មិន​ជួយ​ចំណាយ​បន្ថែម លើ​ការផ្គត់ផ្គង់​កងទ័ព​ទាំងនោះ​។ ទីក្រុង​វ៉ាស៊ីនតោន​បាន​បើក​កិច្ចចរចា​ជាមួយ​ទីក្រុង​សេ​អ៊ួ​លរួច​ហើយ​ក្នុង​សប្ដាហ៍​នេះ គឺ​ទាមទារ​ឲ្យ​កូរ៉េខាងត្បូង​ដំឡើង​ការបរិច្ចាក​ប្រចាំឆ្នាំ សម្រាប់​ទ័ព​អាមេរិក​ឈរជើង​នៅ​កូរ៉េខាងត្បូង​រហូតដល់​៥​ពាន់​លាន​ដុល្លារ​។ ចំនួន​នេះ​កើនឡើង​ជាង​៥​ដង បើ​ប្រៀបធៀប​ប្រាក់​ដែល​កូរ៉េខាងត្បូង​បាន​ចំណាយ​សព្វថ្ងៃ​។​

​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​និយាយថា វត្ដ​មាន​កងទ័ព​អាមេរិក​ទាំង​នៅក្នុង​និង​ជុំវិញ​ប្រទេស​កូរ៉េខាងត្បូង មាន​ថ្លៃ​ការពារ​ចំនួន​៥​ពាន់​លាន​ដុល្លារ​អាមេរិក​។ តាម​ប្រភពពី​មន្ដ្រីការទូត​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​បានឲ្យដឹងថា អាមេរិក​កំពុង​រៀបចំ​ការ​ដកទ័ព​មួយ​កងពលតូច​ចេញពី​កូរ៉េខាងត្បូង ករណី​ដែល​ការចរចា​ជាមួយ​កូរ៉េខាងត្បូង​មិនបាន​តាម​អ្វីដែល​លោក​ត្រាំ​ត្រូវការ​។ បើ​គិតពី​ចំនួន​ទ័ព​ក្នុង​មួយ​កងពលតូច មាន​ចន្លោះ​ពី​៣​ទៅ​៤​ពាន់​នាក់​។​

​ប៉ុន្ដែ​រដ្ឋមន្ដ្រី​ការពារជាតិ​អាមេរិក​លោក​ម៉ាក អេ​ស្ព័របាន​និយាយថា លោក​មិនដឹង​ពី​ផែនការ​ដកទ័ព​៤​ពាន់​នាក់​ពី​កូរ៉េខាងត្បូង​នេះ​ទេ​។ លោក​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា អាមេរិក​មិន​ដល់​ថ្នាក់​គំរាម​ប្រទេស​សម្ព័ន្ធ​ដូច្នេះ​ឡើយ ព្រោះ​វា​ជា​ការចរចា​ប៉ុណ្ណោះ​។ ចំណែក​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង ចាត់ទុក​របាយការណ៍​ព័ត៌មាន​ចុះផ្សាយ​លើ​កាសែត​Chosun មិនមែនជា​គោលជំហរ​ផ្លូវការ​របស់​រដ្ឋាភិបាល​អាមេរិក​ឡើយ​។ សេត​វិមាន​នៅ​មិនទាន់​អាច​សុំ​ការឆ្លើយតប​ជុំវិញ​បញ្ហា​នេះ​បានទេ​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន​មាន​កងទ័ព​អាមេរិក​ប្រមាណ​២៨.៥០០​នាក់ កំពុង​ប្រចាំការ​នៅ​កូរ៉េខាងត្បូង ដែល​ស្ថិតនៅ​ជា​រដ្ឋ​អាច​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េខាងជើង​នៅឡើយ​។ កងទ័ព​អាមេរិក​ដាក់ពង្រាយ​នៅ​កូរ៉េខាងត្បូង តាំងពី​ចប់​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០-១៩៥៣​។ ស្ថិតក្រោម​ច្បាប់​អាមេរិក វត្ដ​មាន​កងទ័ព​អាមេរិក​នៅ​កូរ៉េខាងត្បូង​មិនត្រូវ​ទាប​ជាង​២២,០០០​នាក់​ឡើយ លើកលែងតែ​រដ្ឋមន្ដ្រី​ការពារជាតិ​អាមេរិក​ដាក់​សំណើសុំ​កាត់បន្ថយ​ទៅកាន់​សភា​៕

ព័ត៌មានផ្សេងទៀត