លោកហ៊ុនសែន៖ កម្ពុជាមិនចង់បាត់EBAទេ តែមិនអាចដោះដូរជាមួយអធិបតេយ្យជាតិឡើយ

21-11-2019 1:16 pm 1054

ក្នុងពិធីសម្ភោធ”អគារឥន្ទ្រទេវី”របស់រាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី២១ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ ថា រដ្ឋាភិបាលកម្ពុជាមិនចង់បាត់បង់ ប្រព័ន្ធអនុគ្រោះពន្ធEBAនោះទេ តែកម្ពុជាក៏មិនអាចយកអធិបតេយ្យជាតិរបស់ខ្លួនទៅដោះដូរជាមួយជំនួយ ឬភាពអនុគ្រោះណាមួយនោះដែរ។ លោកហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនតាំងពីខែមីនាមកម្លេះ ទាក់ទងនឹងបញ្ហាប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប(EBA)នេះ។

ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងបន្ត ថា សហភាពអឺរ៉ុបនៅតែជាទីផ្សារ នាំចេញទំនិញសម្រាប់កម្ពុជាទោះបីជាបន្ត ឬមិនបន្តប្រព័ន្ធ”អនុគ្រោះពន្ធ”EBAក៏ដោយ គ្រាន់តែពីមុនចំណេញច្រើនដោយមិនបង់ពន្ធ តែនៅ ពេលបាត់បង់EBAចំណេញតិចជាងមុនប៉ុណ្ណោះ។

តាមលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងឆ្នាំ២០២៥ ឬ២០២៦ខាងមុខ នៅពេលសេដ្ឋកិច្ចប្រទេសកម្ពុជាមានការរីកចំរើន នោះការបង់ពន្ធលើកការនាំចេញទំនិញ ទៅកាន់សហភាពអឺរ៉ុបនឹងត្រូវអនុវត្ត ដោយភាពអនុ គ្រោះពន្ធក៏លែងមានទៀតដែរ។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា”អញ្ចឹងសម្រាប់យើង យើងបានត្រៀមខ្លួងតាំងពីខែមីនាឯណោះ យើងមិនចង់ឲ្យបាត់ទេ ប៉ុន្តែធ្វើម៉េចបើគាត់(សហភាពអឺរ៉ុប) យកអាហ្នឹង(បញ្ហាលទ្ធិប្រជាធិប តេយ្យ និងសិទ្ធិមនុស្ស)មកដោះដូរជាមួយនឹងច្បាប់ ជាមួយនឹងឯករាជ្យរបស់យើងហើយ យើងក៏មិនអាចទទួលបានដែរ អញ្ចឹងបើគេឲ្យបង់ពន្ធយើងបង់ពន្ធឲ្យគេទៅ គ្រាន់តែពីមុនវាចំណេញច្រើន ឥឡូវវាចំណេញតិចជាងតែប៉ុណ្ណឹង តែវានៅតែចំណេញ ហើយក៏ថ្លៃថ្នូរដែរ គេមិនយកអាហ្នឹងមកគំរាមយើងតទៅទៀតបានទេ”។

ជាមួយគ្នានេះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងបញ្ជាក់ ថា ចំពោះការទាមទាររបស់សហភាពអឺរ៉ុប ពាក់ព័ន្ធនឹងបញ្ហាស្ដារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស មិនមែនទាមទារតែកម្ពុជានោះទេ។ ក្នុងនោះសហ ភាពអឺរ៉ុប ក៏បានទាមទារហ្វីលីពីន និងមីយ៉ាន់ម៉ាដូចគ្នាដែរ។ យ៉ាងណាក៏ដោយលោកហ៊ុន សែន បានអះអាងថា កម្ពុជានឹងធ្វើអ្វីតាមដែលអាចធ្វើទៅបាន ចំពោះការទាមទាររបស់សហភាពអឺរ៉ុបនេះ ប៉ុន្តែបើការទាមទារនោះហួសហេតុពេក គឺកម្ពុជាមិនអាចធ្វើបានឡើយ។

សូមជម្រាប ថា សហភាពអឺរ៉ុបបានទុកពេលឲ្យរដ្ឋាភិបាលកម្ពុជា១ខែ ដើម្បីឆ្លើយតបនឹងរបាយការណ៍ ស៊ើបអង្កេតលើបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មុននឹងសម្រេចថាព្យួរ ឬមិនព្យួរប្រព័ន្ធអនុ គ្រោះពន្ធ”អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ”ឬថា(EBA)នៅក្នុងខែកុម្ភៈឆ្នាំ២០២០ខាងមុខ៕ 

ព័ត៌មានផ្សេងទៀត