​លោក​ហ៊ុន សែន​​នឹង​ទៅ​ចូលរួម​កិច្ច​កំពូល​ចំនួន​ពីរ​​នៅ​កូរ៉េខាងត្បូង​ចុង​សប្ដាហ៍​នេះ​​

21-11-2019 10:54 am 233
  ស្តាប់
ស្តាប់ជាសំឡេង

​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ និង​កិច្ចប្រជុំ​កំពូល​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ លើក​ទី​១ នៅ​ទីក្រុង​ប៊ូសាន សាធារណរដ្ឋ​កូរ៉េ ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ចុះ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​ក្រសួងការបរទេស​កម្ពុជា បាន​បញ្ជាក់ថា មុន​ចូលរួម​កិច្ចប្រជុំ​កំពូល​ទាំងពីរ​ខាងលើ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​លោក មូន ចែ​អ៊ី​ន មេដឹកនាំ​កូរ៉េខាងត្បូង ដើម្បី​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រួមទាំង​ប្រធានបទ​នានា​ពាក់ព័ន្ធ​នឹង​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​ការយកចិត្តទុកដាក់ និង​ការបារម្ភ​រួម​។ ក្រសួងការបរទេស​កម្ពុជា​បាន​បញ្ជាក់ទៀតថា បន្ទាប់មក​មេដឹកនាំ​នៃ​ប្រទេស​ពីរ​កម្ពុជា​-​កូរ៉េខាងត្បូង នឹង​អញ្ជើញ​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​មួយចំនួន រវាង​ប្រទេស​ពីរ ប៉ុន្តែ​ក្រសួង​មិន​បានបញ្ជាក់​លម្អិត​ថា ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​មួយចំនួន​នោះ ជា​អ្វីខ្លះ​នោះទេ​។​

​យ៉ាងណាមិញ​ក្រសួងការបរទេស​កម្ពុ​ជា ក៏បាន​គូសបញ្ជាក់​ផងដែ​រថា មេដឹកនាំ​ប្រទេស​កម្ពុជា លោក ហ៊ុន សែន នឹង​ទទួលបាន​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ពី​សាកលវិទ្យាល័យ​សិក្សា​អន្តរជាតិ​ប៊ូសាន ដែល​ទទួលស្គាល់​ពី​ការដឹកនាំ​ប្រទេស​របស់លោក​ហ៊ុន សែន និង​ការសម្រេចបាន​សមិទ្ធផល​ធំធេង ក្នុង​ការធ្វើឱ្យមាន​ស្ថិរភាព​នយោបាយ និង​ការរីកចម្រើន​សេដ្ឋកិច្ច​របស់​កម្ពុជា ក៏ដូចជា​ការលើកកម្ពស់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េខាងត្បូង​ផងដែរ​៕

 ពាក្យគន្លឹះ  លោកហ៊ុនសែន

ព័ត៌មានផ្សេងទៀត