ចិន​តវ៉ា​ប្រឆាំងនឹង​ព្រឹទ្ធសភា​អាមេរិក ដែល​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ហុងកុង​

20-11-2019 6:05 pm 760

​ក្រសួងការបរទេស​ចិន នៅ​ថ្ងៃទី​២០​ខែវិច្ឆិកា​នេះ បាន​កោះហៅ​អ្នកការទូត​កំពូល​របស់​អាមេរិក ដើម្បី​តវ៉ា​ប្រឆាំងនឹង​ព្រឹទ្ធសភា​អាមេរិក ដែល​អនុម័ត​សេចក្តីព្រាងច្បាប់  អំពី សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ក្រុង​ហុងកុង​។ «​យើង​ទទូច​ឲ្យ​ភាគី​អាមេរិក​ចាត់វិធានការ​ជាបន្ទាន់ ដើម្បី​ការពារ​សេចក្តីព្រាងច្បាប់​​មួយ​នេះ កុំឲ្យ​ក្លាយជា​ច្បាប់ ហើយ​បញ្ឈប់​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​។ បើ​មិន​ដូច្នោះ​ទេ ភាគី​ចិន​នឹង​ចាត់វិធានការ​ខ្លាំងក្លា ដើម្បី​ទប់ទល់​យ៉ាង​ម៉ឹងម៉ាត់ ហើយ​ភាគី​អាមេរិក​ត្រូវតែ​ទទួល​នូវ​ផលវិបាក​ទាំងអស់​»​។ នេះ​បើតាម​លោក​Ma Zhaoxu​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​។​

​ការព្រមាន​របស់​ចិន​យ៉ាង​ដូច្នេះ ធ្វើឡើង​បន្ទាប់ពី​ព្រឹទ្ធសភា​អាមេរិក​នៅ​ថ្ងៃ​អង្គារ បានអនុម័ត​ជា​ឯកច្ឆ័ន លើ​សេចក្តីព្រាងច្បាប់ ដែល​បង្ហាញ​ពី​ការគាំទ្រ សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​នៅ​ហុងកុង​។ ច្បាប់​នោះ​នឹង​តម្រូវឲ្យ​រដ្ឋមន្ត្រីការបរទេ​សសហរដ្ឋអាមេរិក ផ្ទៀងផ្ទាត់​យ៉ាងហោចណាស់​មួយឆ្នាំ​ម្តងថា ទីក្រុង​ហុងកុង មាន​ស្វ័យភាព​គ្រប់គ្រាន់ ដើម្បី​បន្តបាន​ការធ្វើ​ពាណិជ្ជកម្ម​ពិសេស ជាមួយ​សហរដ្ឋអាមេរិក​។ សេចក្តីព្រាងច្បាប់​ក៏​នឹង​អនុញ្ញាត ឲ្យ​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​មន្ត្រី ដែល​ទទួលខុសត្រូវ​ចំ​ពោះ​ការរំលោភ​សិទ្ធិមនុស្ស​ក្នុង​ក្រុង​ហុងកុង នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ក្រុមអ្នកតវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ទីក្រុង​នោះ​។ 

​សមាជិក​ព្រឹទ្ធសភា​អាមេរិក មកពី​គណបក្ស​សាធារណរដ្ឋ​លោក Marco Rubio និយាយ​គាំទ្រ​អ្នក​តវ៉ា​ថា​« ព្រឹទ្ធសភា​បាន​ផ្ញើ​សារ​យ៉ាងច្បាស់​ទៅកាន់​ហុងកុង ដែល​កំពុង​ប្រយុទ្ធ​ដើម្បី​សេរីភាព ដែល​គេ​ស្រឡាញ់​ជា​យូរ​មកហើយ​។ យើង​លឺ​អ្នក យើង​បន្ត​ឈរ​នៅ​ជាមួយ​អ្នក មិន​ទុកឲ្យ​ហុងកុង​នៅ​តែម្នាក់ឯង នៅពេល​ទីក្រុង​ប៉េកាំង​បំផ្លាញ​ស្វយ័ភាព​របស់​អ្នក​ទេ​»​។ ជាមួយគ្នា​នោះ សមាជិកសភា ក៏​បានអនុម័ត​លើ​វិធានការ​ដែល​តម្រូវឲ្យ​ហាមឃាត់​ការ​លក់​ឧស្ម័ន​បង្ហូរទឹកភ្នែក​,​គ្រាប់កាំភ្លើង​ជ័រ​និង​ឧបករណ៍​ផ្សេងៗ​ទៀត ដែល​ត្រូវបាន​ប្រើ​ដោយ​កងកម្លាំង​សន្តិសុខ ដើម្បី​បង្ក្រាប​អ្នក​តវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ អស់​រយៈពេល​ជិត ៦ ខែ​នោះ​ផងដែរ​។ យ៉ាងណាក៏ដោយ នៅពេលដែល​សេចក្តីព្រាងច្បាប់​នោះ ត្រូវអនុម័ត​ដោយ​សភា​ទាំងពីរ​រួចរាល់​ហើយ នៅ​ត្រូវ​បញ្ជូនទៅឲ្យ​លោក​ប្រធានាធិបតី​អាមេរិក​ដូ​ណាល់ ត្រាំ ចុះហត្ថលេខា​សម្រេច​ចុងក្រោយ​ថា ឲ្យក្លាយ​ទៅជា​ច្បាប់​ឬក៏​វ៉េតូ​។​

​វិធានការ​ការពារ​សិទ្ធិ​និង​ប្រជាធិបតេយ្យ​នៅ​ហុងកុង ពី​សំណាក់​ព្រឹទ្ធសភា​អាមេរិក ធ្វើឡើង​ចំ​ពេលដែល​ការតវ៉ា​នៅ​ហុងកុង​កំពុង​បន្ត​អស់​រយៈពេល​ជិត​៦​ខែ​ហើយ រាប់​ចាប់តាំងពី​ខែមិថុនា​មកទល់​ខែវិច្ឆិកា​នេះ បណ្តាលឲ្យ​មនុស្ស​ស្លាប់អ​ស់​ពីរនាក់​។ ចលនា​តវ៉ា​នៅ​ហុងកុង ផ្តើមចេញ​ដំបូង​ពី​ការ​ប្រឆាំងនឹង​សេចក្តីព្រាងច្បាប់ ធ្វើ​បត្យាប័ន​ជនសង្ស័យ​ជាមួយ​ចិន​។ ប៉ុន្តែ​ពេលនេះ មហិច្ឆតា​របស់​អ្នក​តវ៉ា​បាន​រីក​រាលដាល ទៅជា​ការទាមទារ​សិទ្ធិ ជ្រើសរើស​មេដឹកនាំ​ដែល​ពួកគេ​ពេញចិត្ត និង​ទាមទារ​ឲ្យ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ ចូលទៅក្នុង​ការបង្ក្រាប​ដោយ​ហិង្សា​របស់​ប៉ូលិស​ទៅលើ​អ្នក​តវ៉ា និង​ចំណុច​មួយចំនួនទៀត​៕


 ពាក្យគន្លឹះ  អាមេរិកហុងកុងចិន

ព័ត៌មានផ្សេងទៀត