ដំណើរការ​​ដកតំណែង​​ប្រធានាធិបតី​​លោក​ដូណាល់ ត្រាំ​​នឹង​ជោគជ័យ​ទេ​?

19-11-2019 4:42 pm 666
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ

​ដំណើរការ​ដកតំណែង​លោក​ដូណាល់ ត្រាំ ដែល​ត្រូវបាន​រដ្ឋសភា​អាមេរិក​បោះឆ្នោត​អនុម័ត​ហើយ​នោះ កំពុង​ត្រូវបាន​មជ្ឈដ្ឋាន​នានា​រង់ចាំ​មើល ពិសេស​គឺ​គណបក្ស​ប្រជាធិបតេយ្យ​តែម្ដង​។ បក្ស​ប្រជាធិបតេយ្យ​ពិតជា​ចង់ឲ្យ​ដកតំណែង​លោក​ត្រាំ ក្រោម​ហេតុផល​ធំៗ​មួយចំនួន​ដែល​បានលើកឡើង​។ ប៉ុន្ដែ​យ៉ាងណាមិញ​ក៏​មានមតិ​លើកឡើង​ដែរថា ពិតជា​មិន​អាចទៅរួច​ឡើយ​។ តើ​លោក​ត្រាំ​ពិតជា​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ទីមួយ ដែល​ត្រូវបាន​ដកតំណែង​ឬ​យ៉ាងណា​? ឬក៏​ត្រូវ​បរាជ័យ​ត្រឹម​ព្រឹទ្ធសភា​?

​សំឡេង​៖

​រឿងរ៉ាវ​របស់លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក កំពុង​ស្ថិតក្នុង​ភាពចម្រូងចម្រាស​នៅឡើយ ជុំវិញ​ការទាមទារ​ឲ្យ​ដកតំណែង​ប្រធានាធិបតី​។ លោក​ត្រាំ​ត្រូវបាន​រដ្ឋសភា​សម្រេច​ចោទប្រកាន់ នៅ​រង់ចាំតែ​ការជំនំជម្រះ​របស់​ព្រឹទ្ធសភា​ប៉ុណ្ណោះ​។ មុន​និយាយ​ទាក់ទង​នឹង​ជោគវាសនា​របស់​ប្រធានាធិបតី​ទី​៤៥​អាមេរិក​រូបនេះ ថា​ពិតជា​ត្រូវ​ដកតំណែង​មែនឬ​យ៉ាងណា សូម​ចាប់អារម្មណ៍​ពី​បទចោទប្រកាន់​ទៅលើ​លោក​ជាមុនសិន​។​

​តាមពិតទៅ​តាំងពី​ចូល​កាន់តំណែង​ក្រោយ​ឈ្នះឆ្នោត​ឆ្នាំ​២០១៦​មកម្ល៉េះ ដែល​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ រង​សម្ពាធ​ពី​ភាគីប្រឆាំង​គឺ​គណបក្ស​ប្រជាធិបតេយ្យ​។ គណបក្ស​ប្រជាធិបតេយ្យ​ចោទថា​ជ័យជម្នះ​របស់លោក កើតឡើង​ដោយមាន​ការចូល​ជ្រៀតជ្រែក​ពី​មហាអំណាច​រុស្ស៊ី​។ ជារួម​លោក​ត្រាំ​ជាប់ឆ្នោត​ដោយសារតែ​រុស្ស៊ី​ជា​អ្នក​ជួយ ពុំមែន​ជា​ជ័យជម្នះ​សុចរិត​ឡើយ​។  យ៉ាងណាមិញ​ការចោទប្រកាន់​របស់​គ​ណ​បក្ស​ប្រជាធិបតេយ្យ ពុំមាន​ភស្ដុតាង​គ្រប់គ្រាន់​ទាញ​លោក​ត្រាំ​ចេញពី​តំណែង​បានឡើយ មិន​ថា​បាន​បើក​ការស៊ើបអង្កេត​ទ្រង់ទ្រាយ​ធំក្ដី​។​

​ក្រោយមកទៀត​ក៏​ផ្ទុះ​ករណី​ថ្មី​ក្នុងអំឡុង​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​បន្ដ​រហូតដល់​បច្ចុប្បន្ន ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ខុសពី​ធម្មតា​រវាង​លោក​ដូណាល់ ត្រាំ ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក​វ៉ូ​ឡូឌី​មៀរ ហ្សេ​លេន​ស្គី​។ លោក​ត្រាំ​បាន​ជជែក​តាម​ទូរស័ព្ទ​ជាមួយ​លោក​ហ្សេ​លេន​ស្គី កាលពី​ថ្ងៃទី​២៥​ខែកក្កដា​ឆ្នាំ​២០១៩ ហើយ​លោក​ត្រាំ​បាន​អនុញ្ញាតឲ្យ​ចេញផ្សា​យ​ខ្សែអាត់​សំឡេង​ជា​សាធារណៈ​។ នៅក្នុង​កិច្ចពិភាក្សា​លោក​ត្រាំ​បាន​ទទូច​ឲ្យ​ប្រធានាធិបតីអ៊ុយ​ក្រែន បើក​ការស៊ើបអង្កេត​លើ​លោកចូ បាយ​ដិន អតីត​អនុ​ប្រធានាធិបតី​អាមេរិក ហើយក៏​ជា​បេក្ខជន​លេចធ្លោ​មួយរូប​របស់​គណបក្ស​ប្រជាធិបតេយ្យ សម្រាប់​ប្រជែង​នឹង​លោក​ត្រាំ​ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០២០​។ លោក​ត្រាំ​ចាត់ទុក​កិច្ចពិភាក្សា​តាម​ទូរស័ព្ទ​នោះ មិនមែនជា​រឿង​ខុសឆ្គង​អ្វី​ទេ​។​

​ប៉ុន្ដែ​ភាគីប្រឆាំង​គឺ​គណបក្ស​ប្រជាធិបតេយ្យ​មិន​គិត​ដូច្នេះ​ឡើយ ដោយ​បានបង្ហាញ​ភស្ដុតាង​ថា​លោក​ត្រាំ​បានប្រកាស​ផ្អាក​គម្រោង​ផ្ដល់ជំនួយ​ដល់​យោធា​អ៊ុ​យក្រែន ដែល​នេះ​ជា​ការដាក់​សម្ពាធ​យ៉ាងច្បាស់​នឹង​ភ្នែក​ឲ្យ​អ៊ុ​យក្រែ​ន​ធ្វើតាម​សំណើ​របស់លោក​។ លោក​ត្រាំ​រង​ការចោទប្រកាន់ថា​បាន​ប្រើ​អំណាច​ជា​ប្រធានាធិបតី ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​បរទេស ឲ្យ​ស៊ើបអង្កេត​លើ​គូប្រជែង​នយោបាយ​របស់ខ្លួន​។ គណបក្ស​ប្រជាធិបតេយ្យ​ចាត់ទុក​ទង្វើ​នេះ មិន​បម្រើឲ្យ​ផលប្រយោជន៍ជាតិ​ទេ ប៉ុន្ដែ​ដើម្បី​ផលប្រយោជន៍​នយោបាយ​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ព្រោះ​ខ្លាច​ចាញ់ឆ្នោត​នៅ​ឆ្នាំក្រោយ​។ អ្វីដែល​បាន​រៀបរាប់​គឺជា​ដើមចម​ដែល​រដ្ឋសភា​អាមេរិក សម្រេច​ចោទប្រកាន់​លើ​លោក​ដូណាល់ ត្រាំ បន្ទាប់ពី​ការបោះឆ្នោត​អនុម័ត​ដោយ​សំឡេង​ភាគច្រើន​ក្នុង​រដ្ឋសភា​។​

​សួរថា​តើ​ប្រធានាធិបតី​វ័យ​៧៣​ឆ្នាំ​រូបនេះ អាច​នឹងត្រូវ​ធ្លាក់​ពី​តំណែង​មែនឬ​យ៉ាងណា​?

​យោងតាម​រដ្ឋធម្មនុញ្ញ​អាមេរិក ការបណ្ដេញ​ប្រធានាធិបតី​ចេញពី​តំណែង​មាន​ពីរ​ដំណាក់កាល​សំខាន់ៗ​។ ទីមួយ​ត្រូវមាន​ការចោទប្រកាន់​ពី​រដ្ឋសភា ហើយ​ទី​ពីរ​ត្រូវបញ្ជូន​សំណុំរឿង​ទៅកាន់​ព្រឹទ្ធសភា​ជា​អ្នក​ជំនំជម្រះ ដើម្បី​ដកតំណែង​ជា​ផ្លូវការ​តែម្ដង​។ ករណី​លោក​ត្រាំ​រដ្ឋសភា​បាន​ចោទប្រកាន់​ជា​ផ្លូវកា​រហើយ ព្រោះ​រដ្ឋសភា​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ មាន​អាសនៈ​រហូតដល់​២៣៣ ខណៈ​គណបក្ស​សាធារណរដ្ឋ​មានតែ​១៩៧​អាសនៈ​ប៉ុណ្ណោះ ហេតុនេះ​មិន​ពិបាក​ទេ​ក្នុង​ការបោះឆ្នោត​រក​សំឡេងគាំទ្រ​ភាគច្រើន​។ 

​បញ្ហា​ប្រឈម​គឺ​ការជំនំជម្រះ​នៅ​ព្រឹទ្ធសភា ព្រោះ​ដើម្បី​ដកតំណែង​លោក​ត្រាំ​បាន ចាំបាច់​ត្រូវមាន​សំឡេង​ភាគច្រើន​នៅ​ព្រឹទ្ធសភា យ៉ាងហោចណាស់​ក៏​៦៧​សំឡេង​ដែរ​។ នៅ​ព្រឹទ្ធសភា​បច្ចុប្បន្ន​កំពុងស្ថិត​ក្រោម​ការគ្រប់គ្រង​របស់គ​ណបក្សសាធារណ​រដ្ឋ ដែលមាន​សមាជិករ​ហូ​តដល់​៥៣​រូប ខណៈ​គណបក្ស​ប្រជាធិបតេយ្យ​មានតែ​៤៥​រូប​ប៉ុណ្ណោះ​។ ពីររូប​ទៀត​ជា​សមាជិកសភា​ឯករាជ្យ ដូច្នេះ​បើ​យក​សំឡេង​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រជាធិបតេយ្យ បូក​បញ្ចូល​ជាមួយ​សំឡេង​ឯករាជ្យ​ពីរ​ទៀត ក៏​មិនទាន់​គ្រប់​លក្ខខណ្ឌ​សំឡេង​ភាគច្រើន​ដែរ​។ 

​សរុបមក​ការដកតំណែង​ប្រធានាធិបតី​ពី​លោក​ដូណាល់ ត្រាំ ព្រឹទ្ធសភា​អាមេរិក​ពិតជា​មិនអាច​សម្រេច​បានឡើយ លុះត្រាតែ​មាន​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សាធារណរដ្ឋ គាំទ្រ​ឲ្យ​លោកត្រាំ​ចុះ​ចេញពី​តំណែង​ដែរ ប៉ុន្ដែ​លទ្ធភាព​នេះ​គិត​ទៅរក​តែមួយ​សំឡេង​ក៏​គ្មាន​ផង​។ អ៊ីចឹង​ហើយ​បានជា​មានមតិ​លើកឡើងថា លោក​ត្រាំ​ត្រឹមតែ​អាច​រង​ការចោទប្រកាន់​ពី​រដ្ឋសភា តែ​ព្រឹទ្ធសភា​មិនអាច​សម្រេច​ដកតំណែង​លោក​បានឡើយ​។​

​រឿងនេះ​លោក​ត្រាំ​ក៏​ដឹង​យ៉ាងច្បាស់ ទើប​លោក​មិន​ស្ញើប​នឹង​អ្វីដែល​ជា​ការចោទប្រកាន់ ហើយ​ប្រកាស​ក្ដែងៗ​ថា​អ្វីដែល​លោក​ធ្វើជា​រឿង​ត្រឹមត្រូវ​។ បច្ចុប្បន្ន​លោក​ក៏បាន​ត្រៀម​រួចរាល់ សម្រាប់​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ឆ្នាំ​២០២០​បន្ដទៀត ខណៈ​ពុំទាន់​មាន​ការវាយតម្លៃ​ជា​ផ្លូវការ​ណាមួយ​ហ៊ាន​អះអាងថា លោក​នឹង​បន្ដ​ឈ្នះឆ្នោត​ទៀត​ឬក៏​យ៉ាងណា​ឡើយ​។​

​សូម​រម្លឹកថា កន្លងមក​ក្នុង​ប្រវត្ដិសាស្ដ្រ​អាមេរិកក៏​ធ្លាប់មាន​ការចោទប្រកាន់​លើ​ប្រធានាធិបតី និង​ទាមទារ​ឲ្យ​ដកតំណែង​ចេញ​ដែរ ប៉ុន្ដែ​មិន​ទទួលជោគជ័យ​ទេ​។ ប្រធានាធិបតី​ដែល​ត្រូវបាន​ទាមទារ​ឲ្យ​ដកតំណែង មាន​លោក​អ៊ែន​ឌ្រូ ច​ន​សុន ក្នុង​ឆ្នាំ​១៨៦៨ លោក​រី​ឆាត និច​សុន ក្នុង​ឆ្នាំ​១៩៧៣ និង​លោក​ប៊ីល គ្លី​ន​តុ​ន​ក្នុង​ឆ្នាំ​១៩៩៨​។ ចំណែក​លោក​ដូណាល់ ត្រាំ គឺជា​ប្រធានាធិបតី​អាមេរិក​ទី​បួន ដែល​រង​ការចោទប្រកាន់​នឹង​ស្នើឲ្យ​ដកតំណែង​៕

ព័ត៌មានផ្សេងទៀត