SEA Games លើក​ទី៣០៖​លោក​ហ៊ុន សែន ស្នើ​ក្រុម​កីឡាករ​កុំ​ប្រើ​សារធាតុ​ហាមឃាត់​

19-11-2019 10:57 am 238

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ស្នើ​ឱ្យ​កីឡាករ កីឡា​ការិនី​ដែល​ទៅ​ចូលរួម​ប្រកួត SEA Games លើក​ទី ៣០ នៅ​ប្រទេស​ហ្វីលីពីន ត្រូវគោរព​បទដ្ឋាន និង​ក្រឹត្យក្រម​នៃ​ការប្រកួត ពិសេស​កុំ​បំពាន​លើ​វិធាន​នៃ​ការប្រកួត ហើយ​កីឡាករ កីឡាការិនី​ទាំងអស់ ត្រូវ​ចៀសវាង កុំ​ប្រើ​សារធាតុ​ណា​ដែល​គេ​ហាមឃាត់ ដែល​នាំ​ទៅដល់​ការ​ខូច​ដល់​កេរ្ត៍​ឈ្មោះ​ខ្លួនឯង​ផង និង​របស់​ប្រទេសជាតិ​ផង ព្រោះ​តម្លៃ​ជាតិ​របស់​យើង​ត្រូវតែ​ការពារ តាមរយៈ​សកម្មភាព​កីឡា ទោះបីជា​ឈ្នះ​ក៏ដោយ ឬ​ចាញ់​ក៏ដោយ​។​ការស្នើ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ខាងលើនេះ គឺ​ធ្វើឡើង​នៅក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រតិភូ​កីឡា​កម្ពុជា ដែល​ត្រូវ​ទៅ​ចូលរួម​ក្នុង​ការប្រកួត SEA Games លើក​ទី ៣០ នៅ​ប្រទេស​ហ្វីលីពីន កាលពី​រសៀល​ថ្ងៃ​ទី ១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​លោក​នាយករដ្ឋមន្ត្រី​ក៏​បាន​បង្ហាញ​នូវ​ក្ដីសង្ឃឹម​ថា កីឡាករ កីឡាការិនី​ទាំងអស់ នឹង​នាំមក​នូវ​ជោគជ័យ និង​ជ័យលាភី​សម្រាប់​ប្រទេសជាតិ​ខ្លួន​។​ទន្ទឹមនឹងនេះ​ដែរ​លោក​ក៏​បាន​ថ្លែងអំណរគុណ​ដល់​គ្រូបង្វឹក នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ ដែល​បាន​ជួយ​បណ្តុះបណ្តាល បង្វឹក​ដល់​កីឡាករ កីឡា​ការិនី និង​អរគុណ​ដល់​សហព័ន្ធ​កីឡា គណៈកម្មការ​កីឡា​ជាតិ​អូឡាំពិក​កម្ពុជា និង​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូលរួមចំណែក​ក្នុង​ការជំរុញ​វិស័យ​កីឡា​នេះ ឱ្យមាន​ការរីកចម្រើន​។​

​ចំណែក​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា បានឱ្យដឹងថា រៀង​រាល់​ពីរ​ឆ្នាំ​ម្ដង ការប្រកួត​កីឡា​ក្នុង​តំបន់​ដ៏​ធំ គឺ​SEA Games ដែល​ប្រទេស​ជា​សមាជិក​អាស៊ីអាគ្នេយ៍​មាន​១១​ប្រទេស​ចូលរួម​ដូចជា​៖ កម្ពុជា វៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី សិង្ហ​បុរី ហ្វីលីពីន ព្រុយ​ណេ មី​យ៉ាម៉ា និង​ទីម័​រខាង​កើត បាន​ចូលរួម​ប្រកួត​កីឡា​ជា​មហា​គ្រួសារ​ក្នុង​តំបន់ និង​ចាត់ទុកជា​ព្រឹត្តិការណ៍​ជួបជុំ​យុវជន​ផ្លាស់ប្ដូរ​វប្បធម៌ ទស្សនវិស័យ​គ្នា​ទៅវិញទៅមក ក្នុង​ស្មារតី​គោរព​គុណ​តម្លៃ​អូឡាំពិក គឺ​គោរព​មិត្តភាព និង​ឧត្ដមភាព​។ 

​លោក​បន្តថា ចំពោះ​កីឡាករ កីឡា​ការិនី ដែល​ត្រូវ​ទៅ​ចូលរួម​ប្រកួត SEA Games លើក​ទី ៣០ នៅ​ប្រទេស​ហ្វីលីពីន ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី ៣០ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី ១១ ខែ​ធ្នូ ឆ្នាំ​២០១៩ មាន​កីឡាករ កីឡា​ការិនី ជាង ៤៤៧​នាក់ ប្រកួត​លើ​វិញ្ញាសា​កីឡា​ចំនួន ៣១ ក្នុងចំណោម​វិញ្ញាសា​កីឡា ៥៦​ប្រភេទ​។​

​លោក​ថោង ខុន​បាន​បញ្ជាក់ថា ក្នុង​ការប្រកួត SEA Games លើក​ទី ៣០ មាន​កីឡា​ដូចជា​តេក្វាន់​ដូ WT ប៉េតង់ ជឺជិត​ស៊ូ ប្រដាល់​គុន​ខ្មែរ សី​ដក់ ប្រដាល់​សកល វាយ​កូន​បាល់ ល្បុក្កតោ ចំ​បាប់ បាល់ទះ​ឆ្នេរ​ខ្សាច់ បាល់ទាត់ U22 បាល់បោះ អត្តពលក​ម្ម ហែល​ទឹក កាយ​សម្ព័ន្ធ វាយ​កូនឃ្លី​លើ​តុ វាយ​សី ទោច​ក្រាន គុន​ដាវ វាយកូនគោល ទូក​ក្ដោង កា​រ៉ាតេ យូ​ដូ ទ្រី​យ៉ា​ត្លុង កីឡា​រាំ សូ​ហ្វតេ​ន្នី​ស ទូក​ប្រពៃណី​-​កា​នូ ឃិក​-​ប៊ុក​ស៊ីង E-Sports និង​កីឡា​ហុក​គី​។​ល​។​

​សូម​ជម្រាប​ជូន​ដែរ​ថា នៅក្នុង​ពិធី​សំណេះសំណាល​នោះ​លោកនាយក​រដ្ឋមន្ត្រី​ក៏បាន ផ្តល់​ថវិកា​លើកទឹកចិត្ត​ដល់​កីឡាករ កីឡា​ការិនី និង​គ្រូបង្វឹក ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន ៥០០​ដុល្លារ​អាមេរិក មុន​ចេញដំណើរ​ទៅ​ប្រកួត SEA Games លើក​ទី​៣០​នៅ​ប្រទេស​ហ្វីលីពីន​ផងដែរ​៕

 

 


ព័ត៌មានផ្សេងទៀត