​ជប៉ុន​ផ្ដល់ជំនួយ​​ដល់​អង្គការក្រៅរដ្ឋាភិបាល​មួយ​​សម្រាប់​គម្រោង​អប់រំ​បរិស្ថាន​​

19-11-2019 10:12 am 332
  ស្តាប់
ស្តាប់ជាសំឡេង

​រាជរដ្ឋាភិបាល​ជប៉ុន បានផ្ដល់​ជំនួយឥតសំណង​ជិត ២០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ដល់​អង្គការក្រៅរដ្ឋាភិបាល​មួយ​នៅ​កម្ពុជា សម្រាប់ «​គម្រោង​សម្រេច​ឱ្យបាន​នូវ​បរិស្ថាន​រស់នៅ​ប្រកបដោយ​ចីរភាព តាមរយៈ​ការអប់រំ​បរិស្ថាន​។

​រាជរដ្ឋាភិបាល​ជប៉ុន តាមរយៈ​ស្ថានទូត​ប្រចាំ​កម្ពុជា បាន​ចុះហត្ថលេខា​ផ្តល់​ជំនួយឥតសំណង​នូវ​ថវិកា ចំនួន​១៩១,៧៤៤​ដុល្លារ ដល់​អង្គការ Nature Center Risen សម្រាប់​យកទៅ​អភិវឌ្ឍ​វិទ្យាសា្ថន​គរុកោសល្យ​រាជធានី​ភ្នំពេញ និង​ប្រចាំ​ខេត្តបាត់ដំបង បង្កើតជា​កម្មវិធី​អប់រំ​បរិស្ថាន​។ ពិធី​ចុះហត្ថលេខា​ជំនួយឥតសំណង​នេះ បាន​ធ្វើឡើង​ដោយ​លោក មិ​កាមិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​លោកស្រី អ៊ី​វ៉ា​ម៉ា មី​យ៉ូ​កុ នាយិកា​អង្គការ Nature Center Risen នៅ​ស្ថានទូត​ជប៉ុន នា​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​លោកស្រី អ៊ី​វ៉ា​ម៉ា មី​យ៉ូ​កុ នាយិកា​អង្គការ Nature Center Risen បាន​និយាយថា អង្គការ​របស់​លោកស្រី នឹង​យក​ថវិកា​នោះ សម្រាប់​បង្កើតជា​កម្មវិធី​សិក្សា បោះពុម្ព​ជា​សៀវភៅ​អប់រំ​បរិស្ថាន​សម្រាប់​សិស្ស​បឋមសិក្សា មធ្យមសិក្សា និង​បំពាក់​សម្ភារ​សិក្សា​ប្រើប្រាស់​ក្នុង​ការបង្រៀន​។ ជាពិសេស​សម្រាប់​ផ្តល់​ជា​ជំនួយ​ក្នុង​ការបណ្តុះបណ្តាល​គ្រូឧទ្ទេស​ទទួលបន្ទុក​អប់រំ​បរិស្ថាន ព្រមទាំង​បង្កើត​ប្រព័ន្ធ​បណ្តុះបណ្តាល​អំពី​បរិស្ថាន​អប់រំ ជា​បន្តបន្ទាប់​ចាប់ពី​ថ្នាក់​មត្តេយ្យសិក្សា ដល់​អនុវិទ្យាល័យ ក្នុងប្រទេស​កម្ពុជា តាមរយៈ​ការកែសម្រួល​សៀវភៅ​ណែនាំ​សម្រាប់​គ្រូ​បោះពុម្ព​សៀវភៅ​អប់រំ​បរិស្ថាន និង​ផ្តល់​ការគាំទ្រ ដល់​មជ្ឈមណ្ឌល​គរុកោសល្យ​មត្តេយ្យ​។​

​ដោយឡែក​លោក មិ​កាមិ ម៉ាសា​ហ៊ី​រ៉ូ បាន​បញ្ជាក់ថា ក្នុង​គម្រោង​ឆ្នាំនេះ អង្គការ​នឹង​កែសម្រួល​សៀវភៅ ណែនាំ​ក្នុង​គោលបំណង​លើកកម្ពស់ សមត្ថភាព​បង្រៀន របស់​មន្ត្រី​អប់រំ​បរិស្ថាន បោះពុម្ព​សៀវភៅ​អប់រំ​បរិស្ថាន សម្រាប់​សិស្ស​បឋមសិក្សា និង​មធ្យមសិក្សា និង​គាំទ្រ​ដល់​ការអនុវត្ត​ការអប់រំ​បរិស្ថាន នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ត្រ​មត្តេយ្យ​។ លោក​បន្តថា តាមរយៈ​គម្រោង​នេះ​យើង​រំពឹងថា នឹង​ជួយ​លើកកម្ពស់​ការយល់ដឹង​របស់​ប្រជាជន​កម្ពុជា​អំពី​ការអភិរក្ស​បរិស្ថាន ដើម្បី​អភិរក្ស​ធម្មជាតិ​ដ៏​សម្បូរបែប​របស់​កម្ពុជា និង​កែលម្អ​បរិស្ថាន​រស់នៅ​របស់​ប្រជាជន​៕

 ពាក្យគន្លឹះ  ជប៉ុនផ្ដល់ជំនួយ

ព័ត៌មានផ្សេងទៀត