​លោក​ហ៊ុន សែន​ថា​​អត់​EBA​ក៏​មិន​ធ្វើឱ្យ​រាជរដ្ឋាភិបាល​​លៀន​អណ្តាត​ឡើយ​​

18-11-2019 5:22 pm 1559

​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​លើកឡើងថា ទោះបី​កាត់ EBA ក៏​មិន​ធ្វើឱ្យ​រាជរដ្ឋាភិបាល​លៀន​អណ្តាត​នោះឡើយ​។ ការលើកឡើង​បែបនេះ​របស់លោក ហ៊ុន សែន ធ្វើឡើង​បន្ទាប់ពី​មាន​មានមតិ​មួយចំនួន​លើកឡើងថា បើ​សហភាព​អឺរ៉ុប កាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នោះ​កម្ពុជា​នឹង​ជួប​ការលំបាក​។

​ក្រោយពី​មានមតិ​មួយចំនួន​បាន​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​ជួប​ការលំបាក​ប្រសិនបើ​សហភាព​អឺរ៉ុប កាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា ហៅ​កាត់​ថា EBA លើកលែងតែ​អាវុធ​នោះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​យូរ​ឆ្នាំ​នៅ​កម្ពុជា បាន​ឆ្លើយតប​វិញ​ថា ទោះបី​កាត់ EBA ក៏​មិន​ធ្វើឱ្យ​រាជរដ្ឋាភិបាល​លៀន​អណ្តាត​នោះឡើយ​។ លោក​ថែមទាំង​បញ្ជាក់ថា ការបើក​ប្រាក់បៀវត្សរ៍​មន្ត្រីរាជការ​សព្វថ្ងៃ ក៏​មិនបាន​យក​ពី EBA ដែរ​………………

​សំឡេង​៖ 

​គួរ​បញ្ជាក់ថា ការលើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខាងលើនេះ បាន​ធ្វើឡើង​នៅ​ចំពោះមុខ​និស្សិត​នៃ​សាកលវិទ្យាល័យ​ធនធានមនុស្ស​សរុប​១,៩៥៨​នាក់ ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ចែក​សញ្ញាបត្រ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​។ កន្លងមក​លោក​ក៏​ធ្លាប់បាន​អះអាង​ជារឿយៗ​មកហើយ​ថា កម្ពុជា​បើ​អត់​មាន EBA ក៏​មិន​ស្លាប់​ដែរ​។​

​សូមបញ្ជាក់ថា សហភាព​អឺរ៉ុប បានដាក់​របាយការណ៍​វាយតម្លៃ​បឋម​ផ្លូវ​ការឈានទៅរក​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​របស់ខ្លួន​ដល់​កម្ពុជា កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ដើម្បីឱ្យ​រដ្ឋាភិបាល​កម្ពុ​ជា ចាត់វិធានកា​រណ៍​ជាក់លាក់​គ្រប់គ្រាន់ ដើម្បី​កែសម្រួល​ស្ថានការណ៍​នៃ​ការរំលោភ​ជា​ប្រព័ន្ធ ទៅលើ​សិទ្ធិ​នយោបាយ សិទ្ធិមនុស្ស សិទ្ធិ​ការងារ និង​សិទ្ធិ​សំខាន់ៗ​មួយចំនួនទៀត​ពាក់ព័ន្ធ​នឹង​បញ្ហាដីធ្លី សង្គម និង​វប្បធម៌​ជាដើម​។​

​កន្លងមក​សហភាព​អឺរ៉ុប ធ្លាប់​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ងាក​មករក​កន្លង​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស និង​ទាមទារ​ឱ្យ​ដោះលែង​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ឥត​លក្ខខណ្ឌ បើ​មិន​ដូច្នោះ​ទេ ខ្លួន​នឹង​កាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា ហៅ​កាត់​ថា EBA លើកលែងតែ​អាវុធ​៕

ព័ត៌មានផ្សេងទៀត