អាមេរិក​-​កូរ៉េខាងត្បូង​​ផ្អាក​សមយុទ្ធ​​តែ​កូរ៉េខាងជើង​​កំពុង​ចាប់ផ្ដើម​

18-11-2019 3:05 pm 198
លោកគីម ជុងអ៊ុន​​កំពុងពិនិត្យ​​ទីតាំង​ឃ្លាំមើល​សមយុទ្ធ

​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងជើង​បាន​រាយការណ៍​នៅ​ថ្ងៃទី​១៨​វិច្ឆិកា​នេះ​ថា លោក​គីម ជុង​អ៊ុន​កំពុងតែ​ត្រួតពិនិត្យ​ការធ្វើ​សមយុទ្ធ​ជើង​អាកាស ខណៈដែល​សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង​ប្រកាស​ផ្អាក​សមយុទ្ធ​រួមគ្នា​មួយ​។ ទីភ្នាក់ងារ​សារព័ត៌មាន​KCNA បាន​ចុះផ្សាយ​ទៀតថា លោក​គីម​ឃ្លាំមើល​ដោយផ្ទាល់​តែម្ដង ហើយ​លោក​និយាយថា​វា​ចាំបាច់​ណាស់​ក្នុង​ការធ្វើ​សមយុទ្ធ​មួយ​ដោយ​គ្មាន​ការជូនដំណឹង ក្រោម​លក្ខខណ្ឌ​ជាក់ស្ដែង​នៃ​សង្គ្រាម​ពិតប្រាកដ សម្រាប់​ការធ្វើឲ្យ​ប្រសើរឡើង​នូវ​ការ​ត្រៀមលក្ខណៈ របស់​អង្គភាព​យោធា​កូរ៉េខាងជើង​។ ទីភ្នាក់ងារ​សារព័ត៌មាន​KCNA​បាន​បញ្ជាក់ដែរថា លោក​គីម​ក៏បាន​ចុះ​ពិនិត្យ​ដោយផ្ទាល់​លើ​សមយុទ្ធ​មួយ​ដែរ​កាលពី​ថ្ងៃ​សៅរ៍​។​

​ចន្លោះពេល​លោក​គីម​ចុះ​ឃ្លាំមើល​ការធ្វើ​សមយុទ្ធ​ដោយផ្ទាល់ អាមេរិក​និង​កូរ៉េខាងត្បូង​បានប្រកាស​ផ្អាក​សមយុទ្ធ​មួយ​ដែរ ក្នុងន័យ​ស្វែងរក​កិច្ចចរចា​ជាថ្មី​ជាមួយ​កូរ៉េខាងជើង ជុំវិញ​ការរំលាយ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​។ ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា លោក​ចង់​ជួប​ជាមួយ​លោក​គីម​ជាថ្មី ដូច្នេះ​លោក​គីម​គួរតែ​បង្ហាញ​ឥរិយាបថ​ឈានទៅ​សម្រេច​ឲ្យបាន​កិច្ចព្រមព្រៀង​ជា​មួយអា​មេរិក​។ លោក​ត្រាំ​សរសេរ​សារ​បង្ហោះ​លើ​ប្រព័ន្ធ​ធ្វី​ត​ទ័​រថា ជួបគ្នា​ក្នុងពេល​ឆាប់ៗ​៕

ព័ត៌មានផ្សេងទៀត