Mazda​​គ្រោង​ចេញ​លក់​​រថយន្ដ​អគ្គិសនី​ដំបូង​​​MX-30​​​ក្នុងពេល​ឆាប់ៗ​

18-11-2019 1:39 pm 198
រថយន្ដអគ្គិសនី​​​MX-30របស់ក្រុមហ៊ុនMazda

​ក្រុមហ៊ុន​ផលិត​រថយន្ដ​របស់​ជ​ប៉ុន​Mazda គ្រោង​នឹង​បញ្ចេញ​នូវ​រថយន្ដ​ស៊េរី​ទំនើប​ថ្មី​មួយ​នៅលើ​ទីផ្សារ​ក្នុងពេល​ឆាប់ៗ​នេះហើយ​។ នោះ​ជា​រថយន្ដ​ប្រើ​អគ្គិសនី​ដំបូង​បំផុត​របស់ខ្លួន ដែល​បានដាក់​បង្ហាញ​ក្នុង​ពិព័រណ៍​រថយន្ដ​នៅ​ទីក្រុង​តូ​ក្យូប្រទេស​ជប៉ុន​។ វា​ជា​រថយន្ដ​MX-30 SUV​ឆ្នាំ​២០២១ រចនា​ឡើង​មាន​រូបរាង​យ៉ាង​ស្រស់ស្អាត​ទាំង​ផ្នែក​ខាងក្រៅ​និង​ខាងក្នុង​។ 

​និយាយ​ពី​ទំហំ​វិញ​វា​មាន​ទំហំ​ប្រហែល​គ្នា​នឹង​រថយន្ដ​CX-3​របស់​ក្រុមហ៊ុន​Mazda​បច្ចុប្បន្ន រីឯ​រយៈ​ចម្ងាយ​នៃ​ការរត់​ក្រោយពេល​សាក​អាគុយ​ពេញ កំពុងស្ថិត​ជា​អាថ៌កំបាំង​នៅឡើយ​ពុំទាន់​បង្ហាញ​ឲ្យដឹង​ជា​ផ្លូវ​ការទេ​។ ប៉ុន្ដែ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​រថយន្ដ​អគ្គិសនី​Chevrolet Bolt EV និង​Hyundai Kona Electric រថយន្ដ​MX-30 SUV​នេះ​ចាំបាច់​ត្រូវ​រត់​បាន​ចម្ងាយ​ប្រមាណ​២៥០​គីឡូម៉ែត្រ ជាមួយ​ទំហំ​ថាមពល​អាគុយ​៣៥.៥​គីឡូវ៉ាត់ម៉ោង​។​

​លក្ខណៈពិសេស​របស់រ​ថយ​ន្ដ​MX-30​ក្រៅពី​មាន​រូបរាង​ស្រស់ស្អាត វា​ជួយ​ការពារ​ដល់​ការ​បំពុលបរិស្ថាន​ថែមទៀត​ផង គឺ​គ្មាន​បញ្ចេញ​ឧស្ម័ន​ពុល​សូម្បី​មួយ​ភាគរយ​។ តាម​ការបញ្ជាក់​ពី​ក្រុមហ៊ុន​រថយន្ដ​ស៊េរី​ថ្មី​នេះ​អាច​នឹង​ចេញលក់​លើ​ទីផ្សារ​អាមេរិក នៅ​ចុងឆ្នាំ​២០២០​ឬ​ដើមឆ្នាំ​២០២១ ប៉ុន្ដែ​បានចាប់ផ្ដើម​ទទួល​ការបញ្ជាទិញ​ទុក​មុន​រួចហើយ​៕

ព័ត៌មានផ្សេងទៀត