ករណីលោកកឹម សុខា៖ លោកហ៊ុន សែនថាមិនទាន់កាត់ទោសផង តើមានទោសឯណាលើកលែង

18-11-2019 10:49 am 2541

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យធនធានមនុស្សជិត២ ពាន់នាក់នាថ្ងៃទី១៨ ខែវិច្ឆិកានេះ បានលើកឡើងនូវករណីលោកកឹម សុខា អតីតប្រធាន នៃអតីតគណបក្ស សង្រ្គោះជាតិ ដែលទើបត្រូវបានតុលាការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យ និងសម្រេចបិទការស៊ើបសួរលើសំណុំរឿង កាលពីថ្ងៃសុក្រសប្ដាហ៍មុន។

លោកហ៊ុន សែន បានថ្លែងថា ដំណើរការរឿងក្ដីលោកកឹម សុខា ដែលពាក់ព័ន្ធនឹងបទល្មើសសន្ទិដ្ឋិភាពជាមួយបរទេសនោះ ត្រូវប្រើរយៈពេលវែងសម្រាប់ដំណើរការក្ដី ហើយករណីលោកកឹម សុខានេះ មិនទាន់កាត់ទោសនៅឡើយទេ។ ដូច្នេះពុំមានទោសឯណា សម្រាប់ឲ្យព្រះមហាក្សត្រលើកលែងឡើយ។

ជាមួយគ្នានេះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងដែរ ថា ករណីលោកកឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិនេះ នឹងត្រូវបញ្ជូនទៅជំនុំជម្រះនាពេលខាងមុខ ព្រោះតុលាការបានចោទប្រកាន់រួចហើយ។

លោកហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា”អត់ទាន់កាត់ទោសផង តើមានទោសឯណាសម្រាប់ការលើកលែង ខ្លះគេថាណេះថ្ងៃប៉ុន្មាននេះព្រះរាជក្រឹត្យនឹងចេញហើយ ជាពិសេសមានអាមួយនោះថាថ្ងៃ១៨ហ្នឹងម៉ងវាថាថ្ងៃ១៨ព្រះរាជក្រឹត្យនឹងចេញ ចេញផេះ លើកលែងការចោទប្រកាន់ក៏អត់ទេ អាហ្នឹងរឿងតុលាការគេចោទប្រកាន់រួចទៅហើយតើ ហើយសមត្ថកិច្ចគេកាត់ មិនដឹងកាត់ពេលណា អីពេលណា គេគ្រាន់តែបិទសំណុំរឿង តែប៉ុណ្ណោះ បិទការស៊ើបអង្កេត ដើម្បីបញ្ជូនទៅជម្រះតែរឿងជម្រះពេលណា គឺជារឿងរបស់តុលាការ យើងអត់មានសិទ្ធិទៅជ្រៀតជ្រែកទេ”។

សូមជម្រាប ថា សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកាកន្លងទៅនេះ បានចេញសេចក្តីជូនដំណឹងអំពីការសម្រេចបិទការ”ស៊ើបសួរលើសំណុំ”រឿងលោកកឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិដែល ពាក់ព័ន្ធនឹងបទល្មើស សន្ទិដ្ឋិភាពជាមួយបរទេស។ ប៉ុន្តែក្នុងសេចក្ដីជូនដំណឹងនេះ តុលាការមិនបានបញ្ជាក់អំពីការបន្តចំណាត់ការបែបណា ចំពោះករណីនេះនៅឡើយទេ។

កាលពីថ្ងៃទី១០ ខែវិច្ឆិកាកន្លងទៅនេះ សាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញសេចក្តីប្រកាសព័ត៌មានដោយសម្រេចដាក់លោក កឹម សុខា ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល ប៉ុន្តែទទួលបានការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យមួយចំនួន។ ការទទួលបានការបន្ធូរបន្ថយនេះ ដោយសារតែលោកកឹម សុខា នាពេលកន្លងមកបានគោរពត្រឹមត្រូវតាមកាតព្វកិច្ច នៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ព្រមទាំងមានកិច្ចសហការល្អក្នុងដំណើរការនីតិវិធីតុលាការ ជាពិសេសបញ្ហាសុខភាពរបស់ជនត្រូវចោទ ដែលចាំបាច់ត្រូវពិនិត្យ និងព្យាបាល៕ 

ព័ត៌មានផ្សេងទៀត