អាមេរិក​​សម្រេច​ផ្អាក​​សមយុទ្ធ​​ជាមួយ​កូរ៉េខាងត្បូង​​ដើម្បី​​បន្ដ​ចរចា​​នឹង​កូរ៉េខាងជើង​

17-11-2019 3:05 pm 252
  ស្តាប់
រូបភាពសមយុទ្ធយោធារវាងអាមេរិក​និងកូរ៉េខាងត្បូងកន្លងមក
ស្តាប់ជាសំឡេង

​រដ្ឋមន្ដ្រី​ការពារជាតិ​អាមេរិក​លោក​Mark Esper បាន​និយាយថា​សមយុទ្ធ​យោធា​រួមគ្នា​អាមេរិក​-​កូរ៉េខាងត្បូង​នឹងត្រូវ​ផ្អាក​វិញ ដើម្បី​គាំទ្រ​ដល់​វិធីសាស្ដ្រ​ចរចា​តាមផ្លូវ​ការទូត​ជាមួយ​កូរ៉េខាងជើង​។ លោក​Esper​ប្រកាស​ដូច្នេះ​នៅក្នុង​សន្និសីទ​រួម ជាមួយ​រដ្ឋមន្ដ្រី​ការពារជាតិ​កូរ៉េខាងត្បូង​លោក​Jeong Kyeong-doo ប្រព្រឹត្ដទៅនៅ​ថ្ងៃទី​១៧​វិច្ឆិកា​នេះ​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​។​

​លោក​Esper​និយាយថា លោក​និង​លោក​Jeong​សម្រេចចិត្ដ​ដូច្នេះ ជា​សកម្មភាព​មួយ​បង្ហាញ​ពី​ឆន្ទៈ​ល្អ ហើយ​សូម​ជំរុញ​ឲ្យ​កូរ៉េខាងជើង​បង្ហាញ​ពី​ឆន្ទៈ​ល្អ​ដូចគ្នា ព្រមទាំង​ត្រូវ​វិល​មករក​តុ​ចរចា​ដោយ​គ្មាន​លក្ខខណ្ឌ​ឬ​គ្មាន​ស្ទាក់ស្ទើរ​។ លោក​Esper​កាលពី​ថ្ងៃទី​០៧​វិច្ឆិកា​បាន​និយាយថា សមយុទ្ធ​យោធា​នេះ​អាច​នឹង​ដកចេញ​វិញ ប៉ុន្ដែ​យ៉ាងណាក៏ដោយ​ក៏ត្រូវ​ចាប់ផ្ដើម​សិន​ដែរ​។ 

​ទោះបីជា​រដ្ឋមន្ដ្រី​ការពារជាតិ​អាមេរិក​ប្រកាស​ដូច្នេះ សម្រាប់​កូរ៉េខាងជើង​នៅតែ​ទទូច​ឲ្យ​អាមេរិក​លុបចោល​សមយុទ្ធ​ជាមួយ​កូរ៉េខាងត្បូង ហើយ​ថែមទាំង​គំរាម​ចាត់វិធានការ​យោធា​ប្រឆាំង​។ លោក​Esper​មិន​បានបញ្ជាក់​ទេ​ថា​សមយុទ្ធ​នឹង​ចាប់ផ្ដើម​នៅពេលណា ប៉ុន្ដែ​សមយុទ្ធ​នឹងត្រូវ​លុបចោល​វិញ​។ កាលពី​ឆ្នាំមុន​អាមេរិក​និង​កូរ៉េខាងត្បូង ក៏​លុបចោល​សមយុទ្ធ​ដូចគ្នានេះដែរ​។​

​គួរ​បញ្ជាក់ថា ជុំវិញ​កិច្ចចរចា​ដែល​អាមេរិក​ចង់​ចាប់ផ្ដើម​ជាថ្មី​ជាមួយ​កូរ៉េខាងជើង ដើម្បី​ឈានទៅ​សម្រេច​ឲ្យបាន ការរំលាយ​កម្មវិធី​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​។ ការរំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ត្រូវ​ជាប់គាំង បន្ទាប់ពី​ចាប់ផ្ដើម​ដំណើរការបាន​មួយ​រយៈពេល​ខ្លី​។ ក្រោយ​ជាប់គាំង​ភាគី​ទាំង​ពីរបាន​ចរចា​ម្ដង​ជា​ពីរដង ប៉ុន្ដែ​មិនទាន់​សម្រេច​ជោគជ័យ​ក្នុង​ការជំរុញ​ដំណើរការ​រំលាយ​កម្មវិធី​នុយក្លេអ៊ែរ​នេះ​ទេ​៕

ព័ត៌មានផ្សេងទៀត