ក្រសួងការបរទេស​ថ្កោលទោស​វិទ្យុ​អាស៊ីសេរី ពី​ការ​បែកធ្លាយ​ឯកសារ​EBA

17-11-2019 2:39 pm 3147
  ស្តាប់
ប្រភពរូបភាពពីគេហទំព័រcambonomist
ស្តាប់ជាសំឡេង

​ក្រោយ​មាន​ការសម្ភាសន៍​ឆ្លើយឆ្លង​គ្នា​ទៅវិញទៅមក​រវាង​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​កាលពី​ថ្ងៃ​ទី​១៤​ខែវិច្ឆិកា ទាក់ទង​ទៅ​នឹង​របាយការណ៍​របស់​សហភាព​អឺរ៉ុប​ស្តីពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​( EBA )​សម្រាប់​កម្ពុជា រួចមក​នៅ​ពេល​នេះ​ក្រសួងការបរទេស​កម្ពុ​ជា បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស ចំពោះ​វិទ្យុ​អាស៊ីសេរី ។​

​វិទ្យុ​អាស៊ីសេរី បាន​អះអាង​ថា ខ្លួន​បាន​ទទួល​របាយការណ៍​សម្ងាត់​របស់​សហភាព​អឺរ៉ុប ពី​មន្ត្រី​ម្នាក់ ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​ក្នុង​របាយការណ៍​សម្ងាត់​មាន​កម្រាស់ ៧០​ទំព័រ​នោះ លើកឡើង​ពី​ការពិនិត្យ​លើ​វិស័យ​សំខាន់ៗ​មួយចំនួន របស់​កម្ពុជា ដូចជា​៖​សិទ្ធិ​សង្គម សិទ្ធិ​វប្បធម៌ សិទ្ធិ​ការងារ សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​។ ភ្លាមៗ​ក្រោយ​ការអះអាង​នេះ ក៏​ត្រូវបាន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កម្ពុជា ប្រតិកម្ម​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស បញ្ជាក់ថា ដោយ​អនុលោម​តាម​ការប្រតិបត្តិ​តាមផ្លូវ​ការទូត និង​ល័ក្ខខ័ណ្ឌ​នានា​របស់​គណៈកម្មការ​អឺរ៉ុប របាយការណ៍​នេះ​ ត្រូវបាន​ចាត់ទុកជា​ឯកសារ​សម្ងាត់​។រដ្ឋាភិបាល​កម្ពុជា​ថ្កោលទោស​ចំពោះ​វិទ្យុ​អាស៊ីសេរី ថា​មាន​ចេតនា​ផ្សាយ​ព័ត៌មាន​មិន​ពិត ក្នុង​គោលបំណង​បំភាន់​សាធារណជន​អំពី​របាយការណ៍​របស់​គណៈកម្មការ​អឺរ៉ុប ។ ក្រសួងការបរទេស ថាពាក្យពេចន៍ និង​កថាខណ្ឌ ដែល​បាន​ដកស្រង់​យកមក​ផ្សព្វផ្សាយ ដោយ​យកចេញ​ពី​របាយកាណ៍​នេះ មិន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​ដើមឡើយ​។​

​បើ​តាម​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​បញ្ជាក់​យ៉ាង​ច្បាស់ៗ​ថា អនុលោម​តាម​នីតិវិធី គណៈកម្មការ​អឺរ៉ុប បាន​បញ្ជូន​មក​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ នូវ​របាយការណ៍​បឋម​របស់ខ្លួន អំពី​ការវាយតម្លៃ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម «​គ្រប់​មុខ​ទំនិញ​លើកលែង​សព្វាវុធ​-EBA»​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ត្រូវ​ផ្តល់​យោបល់​ទៅលើ​របាយការណ៍​នេះ ក្នុងកំឡុងពេល​មួយខែ​។​ចំណែក​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ពិនិត្យ​លើ​របាយការណ៍​នេះ​ទាំងមូល ហើយ​នឹង​ផ្តល់​ការឆ្លើយតប​សមស្រប​មួយ​តាម​ពេលវេលា​កំណត់ ដែល​នឹង​ឆ្លុះបញ្ចាំង​ពី​បច្ចុប្បន្នភាព​នៃ​ការវិវត្ត​ថ្មីៗ នៅក្នុង​វិស័យ​ដែល​ជា​ការព្រួយបារម្ភរ​បស់​គណៈកម្មការ​អឺរ៉ុប ។​តាម​ការរំពឹង​ទុក​គណៈកម្មការ​អឺរ៉ុប នឹង​ធ្វើ​សេចក្តីសម្រេច​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២០​ខាងមុខ ថា​តើ​នឹង​ត្រូវ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម ឬ​យ៉ាងណា​?
​ក្រសួងការបរទេស ចាត់​ទ​ុកថា ព័ត៌មាន​មិន​ពិត​ដូច្នេះ បាន​បង្កើត​នូវ​ក្តីបារម្ភ ដល់​កម្មករ​រាប់ម៉ឺន​នាក់ ធ្វើឲ្យ​សាធារណជន​ភាន់ច្រឡំ និង​ធ្វើឲ្យ​អាប់ឱន​ដល់​កេរ្តិ៍ឈ្មោះ​មន្ត្រី​រាជរដ្ឋាភិបាល ដែល​វិទ្យុ​អាស៊ីសេរី​អះអាងថា ធ្វើឲ្យ​បែកធ្លាយ​ឯកសារ​។​

​សូម​ជម្រាប​ជូន​ដែរ​ថា ការ​ចេញ​របាយការណ៍​លើក​ទី​ពីរ​របស់​សហភាព​អឺរ៉ុប ធ្វើឡើង​បន្ទាប់​ពី​ក្រុមមន្ត្រី​គណៈកម្មការ​អឺរ៉ុប​ទទួលបន្ទុក​ផ្នែក​ពាណិជ្ជកម្ម និង​កិច្ចការ​បរទេស​បាន​បញ្ចប់​បេសកកម្ម​ស្វែងរក​ការពិត​នៅ​កម្ពុជា​ជុំ​ទី​ពីរ កាលពី​ខែ​មិថុនា​។ បេសកកម្ម​នាពេលនោះ គឺ​ដើម្បី​វាយតម្លៃ​ពី​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ដែល​ជា​ផ្នែក​ដ៏​សំខាន់​សម្រាប់​កម្ពុជា​អាច​បន្ត​ទទួល​បាន​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ EBA៕


ព័ត៌មានផ្សេងទៀត