ក្រុមបាតុករ​​អ៊ីរ៉ង់​​សម្រុក​តវ៉ា​​ដោយសារ​​រដ្ឋាភិបាល​​ប្រកាស​​ដំឡើង​ថ្លៃ​សាំង​

17-11-2019 2:08 pm 483

​ការតវ៉ា​បាន​ផ្ទុះឡើង​នៅតាម​បណ្ដា​ទីក្រុង​ធំៗ​របស់​អ៊ីរ៉ង់​កាលពី​ថ្ងៃ​សៅរ៍ ក្រោយពេល​រដ្ឋាភិបាល​ប្រកាស​ដំឡើងថ្លៃ​ប្រេងសាំង​ដោយ​គ្មាន​គ្រោងទុក​។ ការប្រកាស​ដំឡើងថ្លៃ​ដោយ​មិន​ជូនដំណឹង​មុននេះ បានធ្វើឲ្យ​ប្រជាជន​សម្រុកត​វ៉ានៅ​តាម​ទីក្រុ​ង​ដូចជា​Tehran, Kermanshah, Isfahan, Tabriz, Karadj, Shiraz, Yazd, Boushehr និង Sari​។ ដោយឡែក​នៅក្នុង​ទីក្រុង​Sirjan​មនុស្សម្នា​ក់បាន​ស្លាប់ និង​នៅ​ទីក្រុង​Behbahan​ក៏​ស្លាប់​មនុស្ស​ម្នាក់​ដែរ​។ 

​ក្រៅពីនេះ​មាន​មនុស្ស​ជាច្រើន​នាក់​ទៀត​រងរបួស បន្ទាប់ពី​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​។ ការប៉ះទង្គិច​កើតឡើង​នៅពេល​ក្រុមបាតុករ បាន​សម្រុក​ចង់ទៅ​ដុត​ប្រេង​នៅ​កន្លែង​ស្ដុង​ប្រេង ប៉ុន្ដែ​ក៏ត្រូវ​សមត្ថកិច្ច​រារាំង​។ នៅតាម​បណ្ដា​ទីក្រុង​មួយចំនួន​ក្រុមបាតុករ​បើកបរ​ម៉ូតូ​រាប់សិប​នាក់​នាំគ្នា​បិទផ្លូវ ដោយ​នាំគ្នា​ទៅ​ពន្លត់​ម៉ាស៊ីន​រថយន្ដ ឬ​បោះបង់ចោល​យានយន្ដ​ដែល​កំពុង​ចរាចរ​។​

​ស្ថិតក្រោម​វិធានការ​ថ្មី​ដែល​រដ្ឋាភិបាល​បានប្រកាស អ្នកជិះ​ម៉ូតូ​ត្រូវបាន​អនុញ្ញាតឲ្យ​ទិញ​ប្រេង​សាំងតែ​៦០​លីត្រ​ប៉ុណ្ណោះ​ក្នុង​មួយខែ ក្នុងតម្លៃ​០.១៣​ដុល្លារ​។ ប្រសិនបើ​ចង់​ទិញ​បន្ថែម​លើ​៦០​លីត្រ តម្លៃ​ប្រេង​បន្ថែម​នោះ​នឹង​កើនឡើង​គុណ​នឹង​ពីរ​។ បើ​ប្រៀបធៀប​ពីមុន​អ្នកបើកបរ​អាច​ទិញ​សាំង​បាន​រហូតដល់​២៥០​លីត្រ​ក្នុង​មួយខែ និង​មាន​តម្លៃថោក​ជាង​០.១៣​ដុល្លារ​ទៅទៀត​។ គិត​ត្រឹម​ថ្ងៃទី​១៥​វិច្ឆិកា តម្លៃ​ប្រេង​បាន​កើនឡើង​យ៉ាងហោចណាស់​៥០​ភាគរយ ដោយសារតែ​ការឧបត្ថម្ភ​លើ​ប្រេងឥន្ធនៈ​ត្រូវបាន​កាត់បន្ថយ​។​

​ពាក់ព័ន្ធ​នឹង​ការប្រកាស​ដំឡើងថ្លៃ​ប្រេង រដ្ឋាភិបាល​អ៊ីរ៉ង់​បានឲ្យដឹងថា ដើម្បី​យកប្រាក់​ជួយ​ផ្គត់ផ្គង់​ដល់​គ្រួសារ​ដែលមាន​ប្រាក់ចំណូល​ទាប​។ ចាប់ពី​ខែវិច្ឆិកា​នេះ​ទៅ​គ្រួសារ​ចំនួន​១៨​លាន​គ្រួសារ នឹង​ទទួលបាន​ការឧបត្ថម្ភ​ជា​សាច់ប្រាក់​បន្ថែម ដែលជា​លទ្ធផល​នៃ​ការដំឡើងថ្លៃ​ប្រេង​។ វិធានការ​ថ្មី​ត្រូវ​រំពឹង​នឹង​អាច​បង្កើន​ថវិកាជាតិ​ប្រចាំឆ្នាំ​កាន់តែ​ខ្ពស់ យកទៅ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​។​

​សូមបញ្ជាក់ថា អ៊ីរ៉ង់​បាន​រងគ្រោះ​រួចទៅហើយ​ពី​ផលប៉ះពាល់​សេដ្ឋកិច្ច ដោយសារតែ​ការដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក ក្រោយ​អាមេរិក​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​២០១៥​។ អាមេរិក​ចោទថា​អ៊ីរ៉ង់​មិន​គោរព​តាម​កិច្ចព្រមព្រៀង រួច​ក៏​ដកខ្លួន​និង​ប្រកាស​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​សារជាថ្មី​៕

ព័ត៌មានផ្សេងទៀត