នគរបាលតាមបណ្ដាខេត្តមួយចំនួន បន្តប្រកាសចាប់ខ្លួនក្រុមលោកសម រង្ស៊ី

17-11-2019 10:29 am 1093

ស្នងការដ្ឋានគនរបាលតាមបណ្ដាខេត្តមួយចំនួនដូចជា៖ ស្នងការដ្ឋានគនរបាលបន្ទាយមានជ័យ,ស្នងការដ្ឋានគរបាលខេត្តឧត្ដរមានជ័យ,ស្នងការដ្ឋាននគរបាលខេត្តសៀមរាប,និងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺជាដើម បានបន្តប្រកាសស្វែងរកចាប់ខ្លួនលោកសម រង្ស៊ី និងអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិចំនួន១៨ ដែលមានដីកាចាប់ខ្លួន ពាក់ព័ន្ធនឹងផែនការធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាល។

ការបន្តប្រកាសស្វែងរកចាប់ខ្លួន ក្រុមលោកសម រង្ស៊ីទាំង១៨នាក់នេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងក្នុងវេទិកាបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ នាថ្ងៃទី១៦ ខែវិច្ឆិកា ដោយបានប្រកា សថា អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិចំនួន១៨នាក់ ដែលជាមេក្លោងដឹកនាំធ្វើរដ្ឋប្រហារថ្ងៃ៩វិច្ឆិកានោះ គឺមិនមានការលើកលែងណាមួយឡើយ ពោលគឺដីកាចាប់ខ្លួនរបស់តុលាការត្រូវតែអនុវត្តបន្ត។

បន្ទាប់ពីមានការថ្លែងរបស់លោកហ៊ុន សែនដូចនេះ ស្នងការដ្ឋានគនរបាលតាមបណ្ដាខេត្តមួយចំនួន បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ស្វែងរកចាប់ខ្លួនអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិចំនួន ១៨នាក់នេះដោយបង្ហាញរូបភាព និងដីកាចាប់ខ្លួនរបស់តុលាការ ហើយស្នើសុំដល់សាធារណៈជនផ្ដល់ព័ត៌មាន ដើម្បីឈានទៅដល់ចាប់ខ្លួនក្រុមលោកសម រង្ស៊ីទាំង១៨នាក់នេះ។

អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលសមត្ថកិច្ចបន្តប្រកាសស្វែងរក ចាប់ខ្លួនពាក់ព័ន្ធនឹងផែនការផ្ដួលរំលំរដ្ឋាភិបាលនោះរួមមាន៖ លោក សម រង្ស៊ី,អ្នកស្រីមូរ សុខហួរ,លោកអេង ឆៃអ៊ាង,លោកហូរ វ៉ាន់,លោកនុត រំដួល,លោកឡុង រី,លោកអ៊ូ ច័ន្ទឬទ្ធិ,និងលោកម៉ន ផល្លាជាដើម។

យ៉ាងណាក៏ដោយលោកម៉ន ផល្លា អតីតប្រធានប្រតិបត្តិ អតីតគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ បានថ្លែងថា រូបលោក និងអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិចំនួន១៧ផ្សេងទៀត ពិតជាមានកិត្តិយ សណាស់ដែលទទួលបានងារជាអ្នកទោសរបស់រដ្ឋាភិបាល ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្ដីហ៊ុន សែន៕ 

ព័ត៌មានផ្សេងទៀត