លោក​សម រង្ស៊ី​ថា​ខ្លួន ទទួល​ជ័យជំនះ លើ​សមរភូមិ​សារព័ត៌មាន​

16-11-2019 7:37 pm 2268

​លោក សម រង្ស៊ី អតីត​មេដឹកនាំ នៃ​អតីត​គណបក្សប្រឆាំង បាន​បញ្ជាក់​លើ​ទំព័រ​ហ្វេ​ស​បុក របស់ខ្លួន នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​នេះ​ថា លោក​ទទួលបាន​ជ័យជំនះ លើ​សមរភូមិ​សារព័ត៌មាន ក្នុង​សង្គ្រាមចិត្តសាស្ត្រ និង​នយោបាយ ប្រឆាំង​របប លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

​លោក​សម រង្ស៊ី អះអាងថា ការសន្និដ្ឋាន​ខាងលើនេះ ដោយ​យោង​ទៅ​តាម​ខ្លឹមសារ របស់​សារព័ត៌មាន ឡឺ ម៉ុង​ដ៍ (Le Monde) របស់​បារាំង ដោយ​បាន​បកស្រាយ​ថា ទោះ​ជា​លោក សម រង្ស៊ី មិនបាន​សម្រេច​គោលដៅ ទៅ​ដល់​ប្រទេស​កម្ពុជា ថ្ងៃ ០៩ វិច្ឆិកា កន្លងទៅនេះ យ៉ាងណាក៏ដោយ តែ​លោក សម រង្ស៊ី បាន​ធ្វើឲ្យ​អ្នកសារព័ត៌មាន អង្គទូត និង​អ្នកសង្កេតការណ៍​ជាច្រើន ចាប់អារម្មណ៍ និង​តាមដាន​យ៉ាង​ដិតដល់ ចំពោះ​ដំណើរ​ទស្សនកិច្ច​យ៉ាង​មមាញឹក​របស់លោក មាន​ទាំង​វិល​ចុះ​វិល​ឡើង ទៅមកៗ ពី​ប្រទេស​បារាំង ទៅ​ភូមិភាគ​អាស៊ី​ភាគ​អាគ្នេយ៍ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​។​

​យ៉ាងណាមិញ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ក្នុង​ខេត្ត​ព្រះសីហនុ នា​ថ្ងៃនេះ បាន​មានប្រសាសន៍ថា ផែនការ​រដ្ឋប្រហារ​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ ដឹកនាំ​ដោយ​លោក​សម រង្ស៊ី បាន​ទទួល​បរាជ័យ យ៉ាង​អាម៉ាស់​ជាទីបំផុត និង​បាន​ធ្វើ​មាតុភូមិនិវត្តន៍ ទៅ​ទឹកដី​បារាំង​វិញ យ៉ាងរខេករខាក​ជាង​ឆាវ​ឆាវ​បាក់ទ័ព​ក្នុង​រឿង​សាម​កុក​ទៅទៀត​៕

ព័ត៌មានផ្សេងទៀត