លោក សម រង្ស៊ី អតីតមេដឹកនាំ នៃអតីតគណបក្សប្រឆាំង បានបញ្ជាក់លើទំព័រហ្វេសបុក របស់ខ្លួន នៅថ្ងៃទី១៦ ខែវិច្ឆិកានេះថា លោកទទួលបានជ័យជំនះ លើសមរភូមិសារព័ត៌មាន ក្នុងសង្គ្រាមចិត្តសាស្ត្រ និងនយោបាយ ប្រឆាំងរបប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកសម រង្ស៊ី អះអាងថា ការសន្និដ្ឋានខាងលើនេះ ដោយយោងទៅតាមខ្លឹមសារ របស់សារព័ត៌មាន ឡឺ ម៉ុងដ៍ (Le Monde) របស់បារាំង ដោយបានបកស្រាយថា ទោះជាលោក សម រង្ស៊ី មិនបានសម្រេចគោលដៅ ទៅដល់ប្រទេសកម្ពុជា ថ្ងៃ ០៩ វិច្ឆិកា កន្លងទៅនេះ យ៉ាងណាក៏ដោយ តែលោក សម រង្ស៊ី បានធ្វើឲ្យអ្នកសារព័ត៌មាន អង្គទូត និងអ្នកសង្កេតការណ៍ជាច្រើន ចាប់អារម្មណ៍ និងតាមដានយ៉ាងដិតដល់ ចំពោះដំណើរទស្សនកិច្ចយ៉ាងមមាញឹករបស់លោក មានទាំងវិលចុះវិលឡើង ទៅមកៗ ពីប្រទេសបារាំង ទៅភូមិភាគអាស៊ីភាគអាគ្នេយ៍ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
យ៉ាងណាមិញ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្នុងខេត្តព្រះសីហនុ នាថ្ងៃនេះ បានមានប្រសាសន៍ថា ផែនការរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយលោកសម រង្ស៊ី បានទទួលបរាជ័យ យ៉ាងអាម៉ាស់ជាទីបំផុត និងបានធ្វើមាតុភូមិនិវត្តន៍ ទៅទឹកដីបារាំងវិញ យ៉ាងរខេករខាកជាងឆាវឆាវបាក់ទ័ពក្នុងរឿងសាមកុកទៅទៀត៕