អាមេរិក​តាម​ទារ​ថ្លៃ​ការពារជាតិ​បន្ថែម ពី​ប្រទេស​សម្ព័ន្ធមិត្ត​កូរ៉េខាងត្បូង​ដល់​ជប៉ុន​

16-11-2019 3:45 pm 356
  ស្តាប់
លោកដូណាល់ ត្រាំនិងលោកស្សីន ហ្សូអាបេអំឡុងពេលជួបគ្នាកាលពីពេលកន្លងទៅ
ស្តាប់ជាសំឡេង

​ទីក្រុង​វ៉ាស៊ីនតោន​ចង់ឲ្យ​ទីក្រុង​តូ​ក្យូ បង់ប្រាក់​បន្ថែម ដល់​ចំនួន​ប្រហាក់ប្រហែល ៨ ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​ចំណាយ​ប្រចាំឆ្នាំ លើ​ការ​រក្សាទុក​កងទ័ព​ស​ហ​រដ្ឋ​អាមេរិក ចំនួន ៥៤,០០០ នាក់​នៅ​ទីនោះ​។ ពោល កើនឡើង​៤​ដង ពី​ចំនួន​ប្រមាណ ២ ពាន់​លាន​ដុល្លារ ទៅ​៨​ពាន់​លាន​ដុល្លារ​អាមេរិក​។ 

​ការទាមទារ​ថវិកា​បន្ថែម​នេះ ចំពេល​កិច្ចព្រមព្រៀង​បច្ចុប្បន្ន នឹង​ផុតកំណត់​នៅ​ខែ​មីនាឆ្នាំ ២០២១ ខាងមុខ​។ នេះ​បើតាម​ការដកស្រង់​សំដី របស់​អតីតមន្ត្រី​ការពារជាតិ ៣ រូប នៅក្នុង​របាយការណ៍រ​បស់​Foreign Policy​។ ការស្នើ​នេះ ធ្វើឡើង​ជាមួយ​មន្ត្រី​ជប៉ុន ក្នុងពេលដែល​លោក​ច​ន បូល​តុ​ន​នៅពេលនោះ ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​និង​លោក Matt Pottinger ដែល​ពេលនោះ ជា​ប្រធាន​អាស៊ី​សម្រាប់​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ បំពេញ​ទស្សនកិច្ច​ទៅកាន់​តំបន់​នេះ​ក្នុង​ខែកក្កដា​។ 

​ពាក់ព័ន្ធ​នឹង​រឿងនេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ជប៉ុន បាន​និយាយថា​របាយការណ៍​ខាងលើ គឺ​មិន​ត្រឹមត្រូវ​ទេ ហើយ​បដិសេធថា គ្មាន​ការចរចា​រវាង​សហរដ្ឋអាមេរិក​និង​ជប៉ុន ស្តីពី កិច្ចព្រមព្រៀង​ថ្មី​ឡើយ​។ រីឯ​តំណាង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ក៏​មិន​អាចទាក់ទង​សុំ​ការអត្ថាធិប្បាយ បញ្ជាក់បន្ថែម​បាន​នៅឡើយ​ដែរ​។​

​សម្ព័ន្ធមិត្ត​សហរដ្ឋអាមេរិក​ជាច្រើន កំពុង​ស្ថិតក្រោម​សម្ពាធ​លើ​ការចំណាយ​ការពារជាតិ ពី​ទីក្រុង​វ៉ាស៊ីនតោន​។ ជា​ការកត់សំគាល់ ដំណឹង​ស្តីពី​ការទារ​ថ្លៃ​ចំណាយ​បន្ថែម​ពី​ជប៉ុន ធ្វើឡើង​បន្ទាប់ពី លោក​ដូណាល់ ត្រាំ​បានទាមទារ​ឲ្យ​កូរ៉េខាងត្បូង បង់ប្រាក់​បន្ថែម​៥០០​ភាគរយ​ក្នុង​ឆ្នាំ​២០២០ ដើម្បី​ទូទាត់​លើ​ការចំណាយ សម្រាប់​ការ​រក្សាទុក​ក​ង​ទ័ព​អាមេរិក​នៅលើ​ឧបទ្វីប​កូរ៉េ​។ លោក​ត្រាំ​ទាមទារ​ថវិកា​ចំនួន​៤.៧​ពាន់​លាន​ដុល្លារ អាច​រួមបញ្ចូល​ការចំណាយ​របស់​កូរ៉េខាងត្បូង សម្រាប់​កងទ័ព​អាមេរិក​កំពុង​ប្រចាំការ​នៅ​កូរ៉េខាងត្បូង និង​សម្រាប់​សម្ភារៈ​ក៏ដូចជា​សកម្មភាព​យោធា​ផ្សេងៗ​ទៀត​។​

​ការទារ​ថ្លៃ​ចំណាយ​បន្ថែម​នេះ ធ្វើឲ្យ​កូរ៉េខាងត្បូង​ដែលជា​សម្ព័ន្ធមិត្ត​យូរយា​ណាស់​មួយ​ហើយ​ជាមួយ​អាមេរិក បង្ហាញ​ការ​អាក់អន់ចិត្ត​ផងដែរ​។ បើតាម​អ្នកតាមដាន​ស្ថានការណ៍​លើកឡើងថា មូលហេតុ​ដែល​លោក​ត្រាំ​ទាមទារ​ដំឡើងថ្លៃ​ចំណាយ​សម្រាប់​កងទ័ព​ដូច្នេះ ជា​លេស​ដើម្បី​ដកទ័ព​អាមេរិក​ចេញពី​កូរ៉េខាងត្បូង​៕

 ពាក្យគន្លឹះ  អាមេរិកជប៉ុន

ព័ត៌មានផ្សេងទៀត