លោក ហ៊ុន សែន អរគុណ​ចំពោះ​ការគាំទ្រ​គម្រោង​សាងសង់​ផ្លូវ​នៅ​ក្រុងព្រះសីហនុ​

16-11-2019 3:17 pm 216

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ថ្លែងអំណរគុណ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ដែល​បាន​ចូលរួម​គាំទ្រ គម្រោង​សាងសង់​ផ្លូវ​ក្នុង​ក្រុង​ចំនួន ៣៤ ខ្សែ លើ​ទឹកប្រាក់​ប្រមាណ $២៩៤ លាន​ដុល្លារ ដែល​ត្រូវ​សាងសង់​ឲ្យ​ហើយ នៅក្នុង​រយៈពេល​តែ​ជាង ៨​ខែ គិត​ចាប់ពី​ថ្ងៃ​បើ​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះ​។​

​ខេត្ត​ព្រះសីហនុ​គឺជា​ខេត្ត​ដែល​មាន​សក្តានុពល​បំផុត​មួយ ដែល​ក្នុង​ឆ្នាំ ២០១៩ នេះ គឺ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ប្រមាណ ១​លាន ៩​សែន​នាក់ ដែល​ក្នុងនោះ​គឺ​មាន​ទេសចរ​ជាតិ​ប្រមាណ ១​លាន​២​សែន នាក់ និង​ទេសចរ​បរទេស​ប្រមាណ ៧៣​ម៉ឺន​នាក់ ចំនួន​នេះ​គឺ​មាន​ការកើនឡើង​ប្រមាណ ១០.៦២%​។ 

​ទន្ទឹមនឹងនេះ​ដែរ ខេត្ត​ព្រះសីហនុ​ក៏​ត្រូវ​ប្រឈម​នឹង​បញ្ហា​ទឹក​កង្វក់​ស្អុយ​ផងដែរ គឺ​ត្រូវតែ​មាន​វិធានការ​ទប់ស្កាត់​កុំឲ្យ​ហូរ​ចូល​មក​សមុទ្រ​។ ​លោកនាយក​រដ្ឋ​ន្ត្រី ក៏​បាន​ណែ​នាំឲ្យ​ប្រើប្រាស់​ថវិកា​ប្រមាណ $១៧០ លាន​ដុល្លារ​បន្ថែមទៀត សម្រាប់​គម្រោង​ទឹកស្អាត ដែល​ប្រទេស​ចិន​ជា​មិត្ត​បាន​ជួយ​ជា​ជំនួយឥតសំណង​លើ​ទឹកប្រាក់​សរុប​ប្រមាណ $៦០០ លាន​ដុល្លារ​អាមេរិក​។​

​ប្រមុខ​រដ្ឋាភិបាល មានប្រសាសន៍​បន្ត​ថា មិន​ថា​តែ​ក្រុងព្រះសីហនុ​ទេ គឺ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស នាំ​គ្នា​ថែរក្សា​សំអាត​សំរាម​ឲ្យបាន​ស្អាតល្អ ជាពិសេស​នៅ​តាម​សមុទ្រ កុំ​បោះ​សំរាម​ចោល​ពាស​វាល​ពាស​កាល ជាពិសេស​ថង់ប្លាស្ទិក ដែល​ធ្វើអោយប៉ះពាល់​ដល់​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​។ ដើម្បី​សោភ័ណភាព ខេត្ត ក្រុង និង​មុខមាត់ ប្រទេសជាតិ​យើង គឺ​យើង​ទាំងអស់គ្នា​ត្រូវ​ចូលរួម​សម្អាត​អនាម័យ​អោយបាន​គ្រប់ៗ​គ្នា​នៅ​ទូទាំង​ប្រទេស​៕

ព័ត៌មានផ្សេងទៀត