អ្នកជំនាញ​អះអាងថា​ ការជួសជុល​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​ ត្រូវការ​ពេល​បន្ថែមទៀត​​

16-11-2019 2:36 pm 99

​ការជួសជុល​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​ដំណាក់កាល​ទី​២ ដែល​គ្រោង​នឹង​បញ្ចប់​នៅក្នុង​ឆ្នាំ​២០២០​ខាងមុខនេះ អាច​នឹងត្រូវ​ពន្យារពេល ដោយ​មូលហេតុ​បច្ចេកទេស​ចាំបាច់​មួយចំនួន​។ នេះ​ជា​ការអះអាង​ពី​សំណាក់​លោក​អន សុភាព មន្ត្រី​បច្ចេកទេស​ប្រចាំ​ការដ្ឋាន ជួសជុល​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​។​

​លោក​អន សុភាព បានបញ្ជាក់​ឱ្យដឹង​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា​ថា តាម​លទ្ធផល​ជាក់ស្តែង​ការជួសជុល គឺ​អនុវត្តន៍​បានត្រឹមតែ​១៥​ភាគរយ​ប៉ុណ្ណោះ គិត​រហូត​មកទល់ពេលនេះ ព្រោះ​យើង​បាន​ចំណាយ​ពេលវេលា​ច្រើន​លើ​ការងារ​ស្រាវជ្រាវ និង​វិភាគ​បច្ចេកទេស ដូចជា​៖​រចនាសម្ព័ន្ធ និង​សម្ភារៈ​សំណង់ ស្ថានភាព​នៃ​ការខូចខាត​របស់​ថ្ម គុណភាព​ថ្ម ស្ថានភាព​ដី​ដែល​បង្ហាប់​នៅ ក្នុង​ស្ពាន​ហាល និង​លទ្ធផល​ពិសោធន៍ លើ​ការបុក​បង្ហាប់ដី​សាកល្បង​ចំនួន​១០​ម៉ែត្រ​បាន ជោគជ័យ​ហើយ​។​

​ម្យ៉ាងវិញទៀត​លោក​អន សុភាព បាន​ឱ្យដឹងទៀតថា ការជួសជុល​លើក​នេះ​គឺមាន​ការខុសប្លែក ពី​ការជួសជុល​នៅ​សម័យ​បារាំង និង​ការជួសជុល​ក្នុងដំណាក់កាល​ទី​១ ដោយហេតុថា ក្រុម​អ្នកជំនាញ​ផ្នែក​អភិរក្ស​របស់​អាយ​ស៊ី​ស៊ី​-​អង្គរ បាន​តម្រូវ​មិន​ឱ្យមាន​ការរុះរើ ជញ្ជាំង​ស្ពាន​ថ្មបាយក្រៀម​នេះឡើយ ដោយ​ត្រូវ​រក្សា​ស្លាកស្នាម​នៃ​ការជួសជុល​នៅ ក្រោយ សម័យអង្គរ​ទុកជា​ប្រវត្តិសាស្ត្រ ថ្វីត្បិតតែ​រចនាសម្ព័ន្ធ​សំណង់​ស្ពាន​នេះ​មាន​ការខូចខាត​ខ្លាំង​ក៏ដោយ​។​

​លោក​អន សុភាព បាន​បញ្ជាក់ថា នេះ​ជា​ចំណុច​ពិសេស​មួយ​ដែល​លំបាក​បំផុត សម្រាប់​ការជួសជុល ដែល​ទាមទារ​ឱ្យ​ក្រុម​អ្នកជំនាញ​រក​គ្រប់​វិធីសាស្ត្រ គ្រប់​បច្ចេកទេស ដើម្បី​ទប់​ពង្រឹង​រចនាសម្ព័ន្ធ​សំណង់​ប្រកបដោយ​គុណភាព​ខ្ពស់ ហើយ​មិន​ប៉ះពាល់​ដល់ សំណង់​ស្ពាន​ចាស់ ដែល​ទ្រុឌទ្រោម​ខូចខាត​ដោយសារ អាយុកាល​នៃ​វត្ថុធាតុដើម ការ​ត្រាំ​ក្នុង​ទឹក​ជាប្រចាំ​។ ដូច្នេះហើយ ក្នុង​ការជួសជុល​នេះ ក្រុមការងារ​ចាំបាច់​ត្រូវ​រក្សា​ភាព ដើម​ឱ្យបាន​ច្រើន​បំផុត ដោយ​ប្រើ​បច្ចេកទេស និង​សម្ភារ​ទំនើប​ខ្លះ​លាយ និង​បច្ចេកទេស បុរាណ ដើម្បី​ពង្រឹង​រចនាសម្ព័ន្ធ​សំណង់​ឱ្យ​ជាប់​មាំ​បានល្អ​។ 

​គួរ​បញ្ជាក់ថា តាមរយៈ​កិច្ចព្រមព្រៀង​រវាង​អាជ្ញាធរ​ជាតិ​អប្សរា ជាមួយនឹង​សាកលវិទ្យាល័យ​សូ​ហ្វ​យ៉ាប្រទេស​ជប៉ុន ការជួសជុល​ស្ពាន​ហាល​ប្រាសាទ អង្គរវត្ត​មាន​រយៈពេល​៥​ឆ្នាំ (២០១៥-២០២០) គ្រោង​នឹង​បញ្ចប់​ជា​ស្ថាពរ​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២០​ខាងមុខនេះ​៕

 

ព័ត៌មានផ្សេងទៀត