លោក​ស៊ី​ប្រមាន​ថា​ការតវ៉ា​នៅ​ហុកុ​ង គំរាមកំហែង​ដល់​គោលការណ៍​ប្រទេសមួយ​ប្រព័ន្ធ​ពីរ​

15-11-2019 4:43 pm 536

​នៅក្នុង​ការអត្ថាធិប្បាយ​ដ៏​កម្រ ស្តីពី អំពើហិង្សា​នេះ​លោក​ស៊ី ជីន​ពីង​ប្រធានាធិបតី​ចិន បានបញ្ជាក់​ម្តងទៀត នូវ​ការគាំទ្រ​ដោយ​មិន​រួញរា​របស់​ទីក្រុង​ប៉េកាំង ដល់​រដ្ឋាភិបា​និងប៉ូលិស​ហុងកុង​។ លោក​ស៊ី​បាន​ព្រមាន​ពី​សកម្មភាព​ថ្មីៗ​របស់​ក្រុមអ្នកតវ៉ា ដែល​បាន​ប្រឆាំង​យ៉ាងធ្ងន់ធ្ងរ ទៅលើ​គោលការណ៍​មូលដ្ឋាន​នៃ​ប្រទេសមួយ​ប្រព័ន្ធ​ពីរ​។ នៅក្នុង​សេចក្តី​អត្ថាធិប្បាយ ដែល​បាន​រាយការណ៍​នៅ​ទូទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន លោក​ស៊ី​ថ្លែងថា “ ការបញ្ឈប់​នូវ​អំពើហិង្សា​និង​ការគ្រប់គ្រង​ភាពវឹកវរ ការស្តារ​សណ្តាប់ធ្នាប់​ឡើងវិញ គឺជា​ការងារ​បន្ទាន់​បំផុត​របស់​ហុងកុង​” ។ លោក​ស៊ី​បាន​ថ្លែង​យ៉ាង​ដូច្នេះ ចេញពី​ប្រទេសប្រេ​ស៊ីល ជាទី​ដែល​លោក​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​នៅ​ទីនោះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​ការ​ប្រតិកម្ម​របស់​ប្រធានាធិបតី​ចិន ខណៈ​ចលនា​តវ៉ា​នៅ​ហុងកុង នៅតែ​បន្ត​ប្រព្រឹត្តទៅ ក្នុង​សភាព​កាន់តែ​ធ្ងន់​ធរ ជាមួយ​អំពើហិង្សា ដែល​ធ្វើឲ្យ​រំខាន​ទីក្រុង​ពាក់កណ្តាល​ស្វយ័ត​មួយ​នេះ​ស្ទើរតែ​ទាំងមូល​។ ការប៉ះទង្គិច​គ្នា​រវាង​ប៉ូលិស​និង​ក្រុមបាតុករ បាន​កើតឡើង​កាន់តែ​អាក្រក់​ទៅៗ រហូត​មាន​ការបាញ់​គ្រាប់កាំភ្លើង​ពិត​លើ​ក្រុមបាតុករ ហើយ​ក្រុមអ្នកតវ៉ា​ដែលមាន​វ័យក្មេងៗ កាន់តែ​កញ្ជ្រោល​ខ្លាំង​ឡើងៗ មិន​ចុះ​ញ៉ម​នឹង​ការបង្ក្រាប​របស់​ប៉ូលិស​ឡើយ​។ 

​តាម​ធម្មតា​ការតវ៉ា​ទ្រង់ទ្រាយ​ធំ ធ្វើឡើង​តែ​រៀងរាល់​ចុង​សប្តាហ៍​ប៉ុណ្ណោះ តែ​នៅ​ក្នុងការ​វ៉ា​ចុងក្រោយ​នេះ ក្រុមបាតុករ​បាន​ប្រមូលផ្តុំ​តាំងពី​ចុង​សប្តាហ៍​មុន ឆ្លង​ចូលដល់​សប្តាហ៍​ថ្មី​ចំនួន​៤​ថ្ងៃ​ជាប់ៗ​គ្នា តាំងពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ​។ អំពើហិង្សា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ បាន​បណ្តាលឲ្យ​បុរស​អាយុ​៧០​ឆ្នាំ​ម្នាក់​ស្លាប់បាត់​បង់ជីវិត ដោយសារតែ​ត្រូវ​ដុំឥដ្ឋ ដែល​មិនដឹងថា ក្រុម​ខាង​ណា​ជា​អ្នក​គប់​ឡើយ​។ បុរស​ចំណាស់​ម្នាក់​នោះ ជា​ជនរងគ្រោះ​ស្លាប់​ទី​ពី​រហើយ ចាប់តាំងពី​ការតវ៉ា​ផ្ទុះឡើង​រយៈពេល​ជាង​៥​ខែ ពោល​តាំងពី​ខែមិថុនា​មក​។ ជនរងគ្រោះ​ទីមួយ ឈ្មោះ Alex Chow អាយុ​២២​ឆ្នាំ បាន​ស្លាប់​កាលពី​ថ្ងៃទី​៨​វិច្ឆិកា​ឆ្នាំ​២០១៩ ដោយសារតែ​រងរបួស​ក្បាល​ធ្ងន់ធ្ងរ នៅពេល​ប៉ះទង្គិច​ជាមួយ​ប៉ូលិស នៅ​កន្លែង​ចត​រថយន្ត​។ 

​ការតវ៉ា​ដំបូង ផ្តើមចេញពី​ការប្រឆាំង​នឹង​រដ្ឋាភិបាល ដែល​ប្រុងប្រៀប​លើក​ច្បាប់​ធ្វើ​បត្យាប័ន​ជនសង្ស័យ​ជាមួយ​ចិន មក​ពិភាក្សា​និង​អនុម័ត​។ ទោះបី​រដ្ឋាភិបាល បាន​ទម្លាក់​សេចក្តីព្រាងច្បាប់​នេះ​ចោល​ហើយ​ក្តី ក៏​ក្រុមអ្នកតវ៉ា​មិន​បញ្ឈប់​ឡើយ ដោយ​បន្ត​ទាមទារ​ឲ្យមាន​ប្រជាធិបតេយ្យ​តែ​ទូលំទូលា​យ ព្រមទាំង​ទាមទារ​ឲ្យ​ស៊ើបអង្កេត​លើ​ប៉ូលិស ករណី​ប្រើ​ហិង្សា​លើ​ក្រុម​តវ៉ា​បន្ថែមទៀត​។ ហុងកុង​ស្ថិតក្រោម​ការដឹកនាំ គោលការណ៍ ប្រទេសមួយ​ប្រព័ន្ធ​ពីរ ក្រោយពី​ត្រូវបាន​អង់គ្លេស​ប្រគល់ឲ្យ​ចិន​គ្រប់​នៅ​ឆ្នាំ​១៩៩៧​។ ហុងកុង​មាន​សេរីភាព​ច្រើន មិន​ដូច​ចិនដីគោក​ទេ​។ ការតវ៉ា​ដែល​ត្រូវបាន​បញ្ឆេះ​ដោយ​ការភ័យខ្លាច​ថា រដ្ឋាភិបាល​ហុងកុង​ដែល​គាំទ្រ​ដោយ​ប្រទេស​ចិន រំលោភ​យក​សេរីភាព​ទីក្រុង ធ្វើឲ្យ​ប្រជាធិបតេយ្យ​ដែល​កំពុង​តែមានដ៏​តិច​តួចនេះ កាន់តែ​រួម​តូច​៕

ព័ត៌មានផ្សេងទៀត