លោក​ត្រាំ​​ទារ​៥០០%​​ពី​កូរ៉េខាងត្បូង​​សម្រាប់​ចំណាយ​​លើ​ទ័ព​​អាមេរិក​​នៅ​ទីនោះ​

15-11-2019 4:30 pm 208

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បានទាមទារ​ឲ្យ​កូរ៉េខាងត្បូង​បង់ប្រាក់​បន្ថែម​៥០០​ភាគរយ​ក្នុង​ឆ្នាំ​២០២០ ដើម្បី​ទូទាត់​លើ​ការចំណាយ​សម្រាប់​ការ​រក្សាទុក​កងទ័ព​អាមេរិក​នៅលើ​ឧបទ្វីប​កូរ៉េ​។ នេះ​បើតាម​ជំនួយការ​សភា​និង​មន្ដ្រីរដ្ឋបាល​លោក​ត្រាំ បញ្ជាក់ប្រាប់​បណ្ដាញសារព័ត៌មាន​CNN​។ ទ័ព​អាមេរិក​រក្សាទុក​នៅ​កូរ៉េ​ខា​ត្បូង​ក្រោយ​បញ្ចប់សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥៣ ស្ថិតក្រោម​កិច្ចព្រមព្រៀង​ការពា​រ​សន្ដិសុខ​។ ការប្រកាស​របស់លោក​ត្រាំ​កំពុង​ធ្វើឲ្យ​មន្ដ្រី​មន្ទីរបញ្ច​កោណ​មួយចំនួន​ខកចិត្ដ និង​បង្ក​ក្ដីបារម្ភ​យ៉ាងខ្លាំង​ដល់​សមាជិកសភា​គណបក្ស​សាធារណរដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ​ផងដែរ​។ 

​ចំណែក​កូរ៉េខាងត្បូង​ក៏​ចេញ​ប្រតិកម្ម​ហើយ​កំពុង​ចោទ​ជា​សំណួ​រថា តើ​លោក​ត្រាំ​នឹង​ដកទ័ព​ចេញពី​កូរ៉េខាងត្បូង​ឬ​យ៉ាងណា បើ​កូរ៉េខាងត្បូង​មិន​ព្រម​ចំណាយ​តាម​អ្វីដែល​ទាមទារ​? តាម​ព័ត៌មាន​ទទួលបាន​លោក​ត្រាំ​ទាមទារ​ថវិកា​ចំនួន​៤.៧​ពាន់​លាន​ដុល្លារ អាច​រួមបញ្ចូល​ការចំណាយ​របស់​កូរ៉េខាងត្បូង សម្រាប់​កងទ័ព​អាមេរិក​កំពុង​ប្រចាំការ​នៅ​កូរ៉េខាងត្បូង និង​សម្រាប់​សម្ភារៈ​ក៏ដូចជា​សកម្មភាព​យោធា​ផ្សេងៗ​ទៀត​។ ការទាមទារ​កញ្ចប់​ថ​វិកា​បន្ថែម​នេះ ដើម្បី​បង្កើន​តម្រូវការ​កងទ័ព​អាមេរិក​នៅ​បរទេស ប៉ុន្ដែ​ត្រូវបាន​គេ​ចោទ​សួរថា អាមេរិក​អាចជា​សម្ព័ន្ធមិត្ដ​ដែល​អាច​ទុកចិត្ដបានឬ​យ៉ាងណា​។​

បើតាម​អ្នកតាមដាន​ស្ថានការណ៍​លើកឡើងថា មូលហេតុ​ដែល​លោក​ត្រាំ​ទាមទារ​ដំឡើងថ្លៃ​ចំណាយ​សម្រាប់​កងទ័ព​ដូច្នេះ គឺជា​លេស​ដើម្បី​ដកទ័ព​អាមេរិក​ចេញពី​កូរ៉េខាងត្បូង​ប៉ុណ្ណោះ​។ អ្នកវិភាគ​ថា​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ដែល​មើលឃើញ​នៅពេលនេះ គឺ​ការ​ចោទសួរ​ពី​ភាពជឿជាក់​របស់​សហរដ្ឋអាមេរិក ក្នុងនាម​ជា​ដៃគូ​សហការ​និង​ជា​អ្នកការពារ​សម្ព័ន្ធមិត្ដ ដែល​អាមេរិក​ធ្លាប់​ប្រកាស​ក្ដែងៗ​កន្លងមក​។​

​បើតាម​មន្ដ្រីរដ្ឋបាល​អាមេរិក​បានប្រកាសថា អាមេរិក​ធ្វើ​រឿង​ច្រើនណាស់​ដើម្បី​ធានា​និង​ការពារ​សន្ដិសុខ​កូរ៉េខាងត្បូង​។ នេះ​គឺជា​រឿង​ដែល​ចាំបាច់​បំផុត​មួយ​សម្រាប់​ប្រទេស​ដែល​ទើប​ងើប​ពី​សង្គ្រាម ប៉ុន្ដែ​បច្ចុប្បន្ន​កូរ៉េខាងត្បូង​បាន​ក្លាយជា​ប្រទេស​មាន​សេដ្ឋកិច្ច​នាំមុខ​មួយ​ទៅហើយ​។ ប្រជាជន​កូរ៉េខាងត្បូង​ធ្លាប់​និយាយថា ពួកគេ​ចង់បាន​សុខសន្ដិភាព​ជា​ដរាប ហេតុនេះ​ពួកគេ​ត្រូវតែ​ហ៊ាន​វិនិយោគ​លើ​ករណី​មួយចំនួន ដើម្បី​សម្រេច​តាម​បំណង​ដែល​ចង់បាន​។ 

សូម​រម្លឹកថា កិច្ចព្រមព្រៀង​ស្ដីពី​ការចែករំលែក​ការ​ទទួលបន្ទុក​លើ​កង​ទ័ព​អាមេរិក​នៅ​កូរ៉េខាងត្បូង រវាង​ប្រទេស​សម្ព័ន្ធមិត្ដ​ទាំងពីរ បានចាប់ផ្ដើម​ជាច្រើន​ទសវត្ស​មកហើយ រហូតដល់​លោក​ដូណាល់ ត្រាំ​និយាយថា  នឹងត្រូវ​ចរចា​ឡើងវិញ​រៀងរាល់​៥​ឆ្នាំ​ម្ដង​។ ក្នុងពេល​ឃោសនាបោះឆ្នោត​ឆ្នាំ​២០១៦ លោក​ត្រាំ​ប្រកាស​នឹង​ដកទ័ព​អាមេរិក​ចេញពី​កូរ៉េខាងត្បូង ប្រសិនបើ​មិន​ទទួលបាន​សំណង​១០០​ភាគរយ​សម្រាប់​វត្ដ​មាន​ពួកគេ​នៅ​កូរ៉េខាងត្បូង​។ 

​កាលពី​ឆ្នាំមុន​លោក​ត្រាំ​បាន​ស្នើសុំ​ដំឡើង​៥០​ភាគរយ ចំពោះ​ការចំណាយ​របស់​កូរ៉េខាងត្បូង​។ ទីបំផុត​ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​ថា កូរ៉េខាងត្បូង​នឹង​ចំណាយ​៨​ភាគរយ​លើ​ថ្លៃដើម ប៉ុន្ដែ​កិច្ចព្រមព្រៀង​នឹងត្រូវ​ចរចា​ឡើងវិញ​ជា​រៀងរាល់ឆ្នាំ​។ នៅ​ឆ្នាំនេះ​លោក​ត្រាំ​បានស្នើ​ដំឡើង​ពី​១​ពាន់​លាន​ដុល្លារ​ទៅ​៥​ពាន់​លាន​ដុល្លារ មុនពេល​ត្រូវបាន​មន្ដ្រី​នៅ​ក្រសួងការបរទេស​និង​មន្ទីរ​បញ្ច​កោណ បញ្ចុះបញ្ចូល​ឲ្យ​ធ្លាក់​ត្រឹម​៤.៧​ពាន់​លាន​ដុល្លារ​៕

ព័ត៌មានផ្សេងទៀត