លោកសុខ ឥសានថា ផែនការលោកសមរង្ស៊ីបរាជ័យ ទើបមានការសម្រួលដល់សកម្មជនCNRP

15-11-2019 3:41 pm 2225

លោកសុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាច បានបញ្ជាក់ថា ការមិនយកទោសពៃ ដល់សកម្មជនអតីតបក្សប្រឆាំង(CNRP)ដែលចូលរួមផែនការផ្តួលរំលំរដ្ឋាភិបាល និងការសម្រួលឲ្យសកម្មជនអតីតបក្សប្រឆាំង ដែលជាប់ ឃុំអាចនៅក្រៅឃុំវិញនោះ មិនមែនមកពីសម្ពាធអន្តរជាតិណាមួយឡើយ។ តែមកពីផែនការធ្វើរដ្ឋប្រហារ របស់ លោកសម រង្ស៊ី អតីតមេបក្សប្រឆាំងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅបានបរាជ័យ។

ការបញ្ជាក់នេះបន្ទាប់ពីលោកសម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុករបស់លោក នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកានេះ ថា សម្ពាធអន្តរជាតិច្បាស់ជាមានប្រសិទ្ធភាពយ៉ាងពិតប្រាកដ ពីព្រោះសកម្មជនអតីតបក្សសង្គ្រោះជាតិមួយចំនួន ត្រូវបានសម្រួលមិនឲ្យជាប់ទោស និងសកម្មជនអតីតបក្សបក្សប្រឆាំងមួយចំនួនទៀត ត្រូវបានសម្រួលឲ្យនៅក្រៅឃុំ។ រីឯលោកកឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ក៏ត្រូវបានតុលាការសម្រួលលក្ខខណ្ឌមួយចំនួនផងដែរ។

ប៉ុន្តែលោកសុខ ឥសាន អ្នកនាំពាក្យបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់អ្នកយកព័ត៌មានវិទ្យុវាយោ ថា គ្មានសម្ពាធណាមួយពីអន្តរជាតិ ទៅលើការមិនយកទោសពៃ ដល់សកម្មជនអតីតបក្សប្រឆាំង និងការសម្រួលឲ្យសកម្មជនអតី តបក្សប្រឆាំង ដែលជាប់ឃុំអាចនៅក្រៅឃុំវិញនោះទេ។ លោកសុខ ឥសាន បានថ្លែងថា ការសម្រួលដល់សកម្មជនអតីតបក្សសង្រ្គោះជាតិទាំងនោះ ក៏ព្រោះតែផែនការធ្វើរដ្ឋប្រហាររបស់លោកសម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកាត្រូវបានបរាជ័យទាំងស្រុង។

អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា”អត់មានសម្ពាធអីទេ ពីព្រោះផែនការធ្វើរដ្ឋប្រហារ របស់ក្រុមឧទ្ទាមក្រៅច្បាប់ហ្នឹង វាបរាជ័យសាបសូន្យទៅហើយ ដូច្នេះហើយសភាពការណ៍វាមកល្អឡើងវិញ អញ្ចឹងទេបានជាប្រមុខរាជរដ្ឋាភិបាល អំពាវនាវឲ្យបងប្អូនដែលចាញ់បោកក្រុមឧទ្ទាមហ្នឹង ត្រឡប់មកចូលផ្ទះវិញកុំឲ្យរត់ កុំឲ្យបាញ់បោក តាមការឃោសនារបស់ពួកឧទ្ទាមក្រៅច្បាប់តែប៉ុណ្ណឹងទេ អត់មានគំនាបទេ រឿងគេថាហ្នឹងរឿង EB Aហ្នឹងវាជារឿងក្រៅ រឿងមួយរឿងសេដ្ឋកិច្ច រឿងមួយរឿងនយោបាយវាខុសគ្នា”។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងពិធីសម្ពោធរោងចក្រផលិតស៊ីម៉ង់តិ៍ក្រុមហ៊ុនថៃ ប៊ុនរ៉ុង កាលពីថ្ងៃទី១៤ ខែវិច្ឆិកា បានអំពាវនាវដល់សកម្មជនអតីតបក្សប្រឆាំង ដែលបានចាញ់បោកលោកសម រង្ស៊ី ធ្វើរដ្ឋប្រហារមិនបានសម្រេច សូមសកម្មជនទាំងនោះ វិលត្រឡប់មកកាន់ផ្ទះសម្បែងជួបជុំក្រុមគ្រួសារឡើងវិញ ហើយរាជរាជរដ្ឋាភិបាលមិនយកទោសពៃរ៍អ្វីឡើយ។

ជាមួយគ្នានេះលោកនាយករដ្ឋមន្រ្ដីហ៊ុន សែន ក៏បានបង្គាប់ឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ធ្វើការជាមួយព្រះរាជអាជ្ញា និងតុលាការ ដើម្បីឈានទៅដល់ការដាក់ឲ្យសកម្មជនអតីតបក្សប្រឆាំង ដែលត្រូវឃាត់ខ្លួនទាំងអស់ នៅក្រៅឃុំជាប់ណ្តោះអាសន្ន តាមរយៈនៃការស្នើសុំរបស់សាមីខ្លួន ឬមេធាវី ឬក៏ក្រុមគ្រួសាររបស់ពួកគេ៕ 

ព័ត៌មានផ្សេងទៀត