លោក​ថោង ខុន​៖​ការត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ក្នុង​ខេត្តកំពត​ ពេលនេះ​សម្រេចបាន​៨០%​ហើយ​​

15-11-2019 11:15 am 161

លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​នៅ​សាលា​ខេត្តកំពត ជាមួយ​អភិបាលខេត្ត​កំពត ព្រមទាំង​មន្ត្រីរាជការ​ពាក់ព័ន្ធ កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា​ថា ចំពោះ​ការងារ​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ​នៅ​ខេត្តកំពត រហូត​មកដល់ពេលនេះ​ដំណើរការ​រៀបចំ​កិច្ចការងារ​នានា​សម្រេចបាន​ប្រមាណ​ជាង ៨០% ហើយ ក្នុងនោះ​មានដូចជា​កិច្ចការ​តុបតែង​លម្អ​តាម​ទីសាធារណៈ សួនច្បារ ការជួសជុល​ហេដ្ឋារចនាសម្ពន្ធ​ផ្លូវ​ថ្នល់ ការបំពាក់​និង​បន្ថែម​ភ្លើង​បំភ្លឺ​ក្នុង​ទីក្រុង ការរៀបចំ​វិថី​ម្ហូបអាហារ (Food Street) ការរៀបចំ​គោលដៅ​ទេសចរណ៍​នានា​ជុំវិញ​ខេត្ត ពិសេស​តាម​ព្រែក​ទឹកឈូ ឬ​ព្រែក​កំពង់បាយ ភ្នំ​បូកគោ ស្រែអំបិល តំបន់​ក​សិ​ទេសចរណ៍​ចម្ការ​ម្រេច តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ សហគមន៍​ទេសចរណ៍​មួយចំនួន ព្រមទាំង​គោលដៅ​ទេសចរណ៍​នៅ​ខេត្ត​កែប​ផងដែរ​។​

​ជាមួយគ្នានេះដែរ លោក​រដ្ឋមន្ត្រី​ក៏​បានលើកឡើង​ពី​បញ្ហា​ផ្លូវ​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ​មកកាន់​ខេត្តកំពត និង​ពី​ខេត្តកំពត​ទៅកាន់​គោលដៅ​នានា​មួយចំនួនទៀត ដោយ​លោក​បាន​ស្នើឲ្យ​អាជ្ញាធរខេត្ត មន្ទីរ និង​ក្រសួង​សាធារណការ ជួយ​ពន្លឿន​ការជួសជុល​ផ្លូវជាតិ​លេខ​៣ លេខ​៣៣ និង​ផ្លូវ​នានា​ជាច្រើន​ទៀត យ៉ាងហោចណាស់​ក៏​សុំ​រៀបចំ​ត្រឹម​ឱ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ធ្វើដំណើរ​បាន​សមរម្យ នៅ​មុនពេល​បុណ្យ​សមុទ្រ​មកដល់​។​

​ទន្ទឹមនឹងនេះ​ដែរ លោក​រដ្ឋមន្ត្រី ថោង ខុន ក៏បាន​អំពាវនាវ​ដល់​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​ទាំងអស់​ក្នុង​ខេត្ត​កំពត កុំ​មាន​ការដំឡើងថ្លៃ​សេវា និង​ទំនិញ​របស់ខ្លួន​ថ្លៃ​ហួសហេតុ​ពេក ពិសេស​ត្រូវ​បើក​ឱ្យមាន​ការទទួល​ការ​កក់​កន្លែង​ស្នាក់នៅ​ឡើងវិញ ដើម្បី​សម្រួល​ដល់​ការ​ស្នាក់នៅ​របស់​ភ្ញៀវទេសចរ ក្រុមមន្ត្រី​ដែល​ចូលរួម​រៀបចំ​ពិធីបុណ្យ​សមុទ្រ ក្រុម​សិល្បករ និង​កីឡាករ​ជាដើម​។​

​បើតាម​ការរំពឹងទុក​របស់លោក​រដ្ឋមន្ត្រី ភ្ញៀវទេសចរ​ដែល​នឹង​មក​ចូលរួម​លេង​កម្សាន្ត​ក្នុង​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​ខាងមុខនេះ នឹងមាន​ចំនួន​ច្រើន​កុះករ​ជាង​ឆ្នាំ​កន្លងទៅ ខណៈ​ប្រទេសជាតិ​កំពុងមាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ រីឯ​ប្រជាពលរដ្ឋ​ក៏​កាន់តែ​មាន​ភាព​ជីវភាព​ធូរធា និង​ចង់​ចេញ​ដើរ​កម្សាន្ត​កាន់តែ​ច្រើនឡើងៗ​៕

ព័ត៌មានផ្សេងទៀត