តុលាការ​​ផ្តើម​ដោះលែង​​អ្នកគាំទ្រ​ផែន​ការ​​លោក​​សម រង្ស៊ី តាម​​សំណើរ​លោក​​ហ៊ុន សែន​​

15-11-2019 10:15 am 503

​គិត​ត្រឹម​ថ្ងៃនេះ​មាន​អ្នកគាំទ្រ​ផែនការ​ថ្ងៃ​៩​វិច្ឆិកា​របស់​លោក​សម រង្ស៊ី​ប្រមាណ​ជាង​១០​នាក់​ហើយ ត្រូវបាន​តុលាការ​កម្ពុជា​ចេញ​ដីកា​បង្គាប់​ឱ្យ​ដោះលែង​នៅ​ក្រ​ឃុំ​ជា​បណ្តោះអាសន្ន បន្ទាប់ពី​មាន​ការស្នើសុំ​ពី​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​។​ពលរដ្ឋ​ទាំង​អស់នោះ ត្រូវបាន​តុលាការ​ចោទប្រកាន់​ថា​លង់​ខ្លួន​តាម​ការ​ញុះញង់រ ចូលរួម​ក្នុង​ផែនការ​រដ្ឋប្រហារ​ខុស​ច្បាប់​របស់​លោក​សម រង្ស៊ី​។​

​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា​ម្សិលមិញ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ដោះលែង​អ្នកគាំទ្រ​ផែនការ​វិល​ចូល​ស្រុក​ថ្ងៃ​៩​វិច្ឆិកា​របស់​លោក​សម រង្ស៊ី​ប្រមាណ​ជាង​១០​នាក់​ឱ្យ​នៅ​ក្រ​ឃុំ​ជា​បណ្តោះអាសន្ន​។​ជន​ត្រូវ​ចោទ​ទាំង​១០​រូបនោះ រួមមាន​ឈ្មោះ​៖ ស្រង់​ឡាយ ភេទ​ប្រុស​អាយុ​៥១​ឆ្នាំ​, ពួក ច​ន្តា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ​, ថន ប៊ុនធឿន ភេទ​ប្រុស អាយុ​៧០​ឆ្នាំ​, ប៊ុន គឹម​ស៊ា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ​, សូ តារា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ​, ទឹម សុមេត ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ​, ស៊ី រ៉ា​ដា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​, ង៉ុក សំ​អូន ភេទ​ប្រុស អាយុ​៦១​ឆ្នាំ​, ហុក សំអាង ភេទ​ប្រុស អាយុ​៧៤​ឆ្នាំ និង​ឈ្មោះ​ជួន សុផល ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ​។​

​ក្នុង​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​អះអាង​ថា ពលរដ្ឋ​ទាំងអស់​នោះ​បាន​លង់ខ្លួន​តាម​ការ​ញុះញង់រ ចូលរួម​ក្នុង​ផែនការ​រដ្ឋប្រហារ​ខុសច្បាប់ ដែល​រៀបចំ​ដោយ​លោក សម រង្ស៉ី ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រហូត​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​។​

​ចំណែក​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តតាកែវ​ឯណោះ​វិញ ក៏​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ដោះលែង​ជន​ត្រូវ​ចោទ​២​នាក់ នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​ផងដែរ បន្ទាប់ពី​ពួកគេ​ត្រូវបាន​ឃុំខ្លួន ដោយសា​រលង់​ចាញ់បោក​លោក សម រង្ស៉ី ក្នុង​ផែនការ​ធ្វើ​រដ្ឋប្រហារ​ខុសច្បាប់ ថ្ងៃ​០៩ ខែវិច្ឆិកា ដើម្បី​ទម្លាក់​រាជរដ្ឋាភិបាល​ស្របច្បាប់​។​

​ជា​ការកត់សម្គាល់ ការ​បង្គាប់​ឱ្យ​ដោះលែង​អ្នកគាំទ្រ​ផែនការ​លោក​សម រង្ស៊ី​ពេលនេះ គឺ​បន្ទាប់ពី​លោក​ហ៊ុន សែន បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ធ្វើការ​ជាមួយ​តុលាការ ដើម្បី​ដោះ​លែង​ពួកគេ​ឱ្យ​បាន​នៅ​ក្រៅ​ឃុំ​វិញ​។​សម្រាប់​លោក​ហ៊ុន សែន លោក​មិន​យកទោស​ពៃ​លើ​អ្នកគាំទ្រ​លោក សម រង្ស៊ី​ដែល​បាន​រត់​ទៅ​ស្នាក់នៅ​ប្រទេស​ថៃ និង ប្រទេស​ដទៃ​ទៀត​នោះ​ទេ និង​ប្រាប់​ឱ្យ​ពួកគេ​ចូល​មក​ស្រុក​វិញ​ដោយ​អាជ្ញាធរ​នឹង​មិន​ចាប់ខ្លួន​ពួកគេ​នោះឡើយ​៕

 ពាក្យគន្លឹះ  តុលាការលោកសមរង្ស៊ី

ព័ត៌មានផ្សេងទៀត