ទូត​អាមេរិក​​អំពាវនាវឱ្យ​ទម្លាក់ចោទល​​ការចោទ​​​​លើ​អតីត​អ្នកកាសែត​​វិទ្យុ​អាស៊ី​សេរី​​

14-11-2019 11:41 am 836

​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​ស្នើសុំ​តុលាការ​កម្ពុជា​ឲ្យ​ទម្លាក់ចោល​ទាំងស្រុង​នូវ​បទ​ចោទ​ប្រឆាំងនឹង​អតីត​អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ពីរ​នាក់ គឺ លោក អ៊ួ​ន ឈិន និង​លោក យាង សុធា​រិន្ទ ហៅ​យាង សុជា​មេត្តា​។​ការអំពាវនាវ​របស់​ស្ថានទូត​អាមេរិក ធ្វើឡើង​ក្នុង​ឱកាស​ខួប​២​ឆ្នាំ​គត់ នៃ​ការចាប់ខ្លួន​និង​ចោទប្រកាន់​លោក អួន ឈិន និង លោក យាង សុជា​មេត្តា ពី​បទ​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍ ដែល​អាច​ធ្វើឲ្យ​អន្តរាយ​ដល់​ការ​ការពារជាតិ​។​

​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​ភ្នំពេញ បាន​គូសបញ្ជាក់ថា ដំណើរការ​កាត់ក្តី​ដែល​អូសបន្លាយ​វែង លើ​អតីត​អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ពីរ​នាក់ គឺ លោក អ៊ួ​ន ឈិន និង​លោក យាង សុធា​រិន្ទ ហៅ​យាង សុជា​មេត្តា កំពុង​បំផ្លាញ​សេរីភាព​សារព័ត៌មាន និង​ជា​ការ​គំរាម​ដល់​អ្នក​ដ៏​ទៃ​មិន​ឱ្យ​ចង់​ធ្វើ​ការងារ​ដ៏​សំខាន់​ផ្នែក​សារព័ត៌មាន​នេះ​។​ទូត​អាមេរិក បាន​ស្នើសុំ​តុលាការ​កម្ពុជា​ឱ្យ​ទម្លាក់ចោល​ទាំងស្រុង​នូវ​បទ​ចោទ​ប្រឆាំងនឹង​អតីត​អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ពីរ​នាក់ ហើយ​ផ្តល់ឲ្យ​ពួកគេ​វិញ​នូវ​សិទ្ធិ និង​សេរីភាព​ពេញលេញ នឹង​កែតម្រូវ​ឡើងវិញ​នូវ​អំពើ​អយុត្តិធម៌​។​

​បើ​តាម​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុងភ្នំពេញ ប្រសិន​បើ​តុលាការ​ទម្លាក់​បទ​ចោទ​ទៅ​លើ​អតីត​អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ពីរ​នាក់​វាង​អាច​ជា​សញ្ញា​នៃ​ការប្តេជ្ញា​ចិត្ត​ចាំបាច់​ចំពោះ​តួនាទី​ដ៏​មាន​សារៈសំខាន់​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ​។​

​លោក យាង សុធា​រិន្ទ និង​លោក អ៊ួ​ន ឈិន ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ក្រោម​ការចោទប្រកាន់​ពី បទ​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍ ដែល​អាច​ធ្វើឲ្យ​អន្តរាយ​ដល់​ការ​ការពារជាតិ និង បទ​ផលិត និង​កាន់កាប់​រូបភាព​អាសអាភាស​។ កាលពី​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៩ តុលាការ​បាន​ប្រកាស​បើក​ការស៊ើបអង្កេត​ឡើងវិញ​លើ​សំណុំរឿង​របស់​ពួក​លោក​ទាំង​ពីរ ដោយ​មិន​បាន​កំណត់​ពេលវេលា​ច្បាស់លាស់​។ ធ្វើ​។​ការអំពាវនាវ​របស់​ស្ថានទូត​អាមេរិក ធ្វើឡើង​ក្នុង​ឱកាស​ខួប​២​ឆ្នាំ​គត់ នៃ​ការចាប់ខ្លួន​ពួកគេ​។​

​ក្រៅពី​ការអំពាវនាវ​របស់​ស្ថានទូត​អាមេរិក នៅ​ថ្ងៃនេះ​ក៏​មាន​អង្គការ​ស្ថាប័ន​ជាតិ និង​អន្ដរជាតិ​ចំនួន​ផ្សេង​ទៀត បានចេញ​សេចក្តីប្រកាស​ទាមទារ​ឲ្យ​ទម្លាក់ចោល​ការចោទប្រកាន់​លើ​អតីត​អ្នកកាសែត​ទាំង​ពីរ​រូប ក្នុងនោះ​មាន​៖​សម្ព័ន្ធ​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេ​ម​បូ​ចា​, អង្គការ​លើកលែងទោស​អន្តរជាតិ​, អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​។​

​អ្នក​សង្គម​ស៊ីវិល​ទាំងអស់​នោះ​សុទ្ធតែ​មើលឃើញ​ស្រដៀង​គ្នា​ថា ការបន្ត​ធ្វើ​ទុក​បុក​ម្នេញ​លើ​អតីត​អ្នកសារព័ត៌មាន​ទាំង​ពីរ​រូប​នេះ គឺជា​ការ​បន្ត​បំភិតបំភ័យ​ដល់​អ្នកសារព័ត៌មាន​ទាំងអស់​នៅ​កម្ពុជា ជាពិសេស​អតីត​អ្នកយក​ព័ត៌មាន​អាស៊ីសេរី ដែល​ខ្លះ​មិន​ហ៊ាន​បន្ត​អាជីព​ជា​អ្នកសារព័ត៌មាន ហើយ​អ្នកខ្លះ​ទៀត​បន្ត​លាក់ខ្លួន ដោយសារ​ភាពភ័យខ្លាច​។​រដ្ឋាភិបាល​កម្ពុជា​ហាក់ដូចជា​មាន​ចេតនា​ប្រើប្រាស់​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ក្នុងករណី​អតីត​អ្នកកាសែត​អាស៊ីសេរី​នេះ ជា​ការព្រមាន​ដល់​អ្នកសារព័ត៌មាន​ឯករាជ្យ​ផ្សេងទៀត​៕

ព័ត៌មានផ្សេងទៀត