ព្រឹកនេះលោកហ៊ុន សែនអញ្ជើញសម្ពោធរោងចក្រស៊ីម៉ង់តិ៍«ថៃ ប៊ុនរ៉ុង»នៅខេត្តកំពត

14-11-2019 8:07 am 283

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការរោងចក្រផលិតស៊ីម៉ង់តិ៍របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង មានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។

បើតាមទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែន បានឲ្យដឹង ថា រោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុងនេះ សាងសង់លើផ្ទៃដីទំហំជិត ៧០០ហិកតា បំពាក់ដោយឧបករណ៍បច្ចេកទេសទំនើប ហើយមានសមត្ថភាពផលិតស៊ីម៉ង់បានប្រមាណ២,៥០០តោនក្នុងមួយថ្ងៃ ស្មើនឹងជិត១លានតោនក្នុងមួយឆ្នាំ។ វត្តមានរោងចក្រស៊ីម៉ង់ថៃប៊ុនរ៉ុងនេះ បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋ។

សូមជម្រាបដែរ ថា រោងចក្រនេះ អាចផ្តល់ការងារអចិន្ត្រៃយ៍ដល់បុគ្គលិកប្រមាណ ៣៣៥នាក់ ក្នុងនោះមានជនជាតិបរទេសប្រមាណ ៣៥នាក់ផង។ បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតស៊ីម៉ង់តិ៍ចំនួន៥ហើយ រាប់ទាំង​រោងចក្រស៊ីម៉ង់តិ៍ ថៃ ប៊ុនរ៉ុង ដែលដាក់ឲ្យដំណើរការជាផ្លូវការនៅព្រឹកនេះ ហើយរោងចក្រទាំង៥នេះ អាចផលិតស៊ីម៉ង់តិ៍បានជិត៨លានតោនក្នុងមួយឆ្នាំ៕ 

ព័ត៌មានផ្សេងទៀត