ក្រុម​សិទ្ធិមនុស្ស​ថ្កោលទោស កូរ៉េខាងត្បូង​ដែល​និរទេស​ឃាតករ​ពីរ​នាក់​ទៅ​កូរ៉េខាងជើង​

13-11-2019 6:30 pm 226
  ស្តាប់
ទង់ជាតិនៃប្រទេសកូរ៉េខាងជើង
ស្តាប់ជាសំឡេង

​យោងតាម​សេចក្តីរាយការណ៍ របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងត្បូង ឲ្យដឹងថា​អ្នកនេសាទ​ជនជាតិ​កូ​រ៉េ​ខាងជើង​ពីរ​នាក់ ត្រូវបាន​គេ​បិទ​ភ្នែក នៅពេល​ធ្វើដំណើ​ទៅកាន់​ភូមិ​ប៉ាន់​មុន​ជុម ស្ថិតក្នុង​តំបន់​គ្មាន​យោធា​។ ពួកគេ​ត្រូវបាន​បើក​របាំងមុខ ដើម្បី​បង្ហាញ​ទាហាន​កូរ៉េខាងជើង ដែល​ត្រៀមខ្លួន​រួចជាស្រេច នៅក្នុង​ការនាំ​ខ្លួន​ពួកគេ​ទៅ​ឃុំឃាំង​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ពុធ អង្គការ​ឃ្លាំមើល​សិទិ្ធមនុស្ស ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក​និយាយថា ការបញ្ជូន​បុរស​ទាំងនោះ ទៅ​កូរ៉េខាងជើង​វិញ បើ​និយាយ​ពី​ច្បាប់​អន្តរជាតិ គឺ​ខុសច្បាប់​ហើយ​។ ពួកគេ​ទាំងនោះ នឹងត្រូវ​ទទួល​ទារុណកម្ម នៅក្រោម​ច្បាប់​ដ៏​តឹងរឹង​របស់​កូរ៉េខាងជើង​។ សេចក្តីថ្លែងការណ៍​បន្ត​ថា ទីក្រុង​សេ​អ៊ូ​ល​គួរតែ​កាត់ទោស​បុរស​ទាំងពីរ​នាក់​នោះ ដោយ​ខ្លួនឯង​ទៅតាម​ច្បាប់​ក្នុងស្រុក​។ ការ​និរទេស​ជនជាតិ​កូរ៉េខាងជើង​ទាំងពីរ​នាក់ ធ្វើឡើង​បន្ទាប់ពី​ក្រុម​អ្នក​ស៊ើបអង្កេត កំណត់​បាន​ថា​ពួកគេ​បានសម្លាប់​នាវិក ១៦ នាក់​នៅលើ​ទូក​នេសាទ មុនពេល​បោះចោល​សាកសព​នៅក្នុង​ទឹកសមុទ្រ ហើយ​បាន​ភៀសខ្លួន​ទៅ​កូរ៉េខាងត្បូង​តាម​នាវា​។ 

​ក្រោម​ច្បាប់​ធម្មនុញ្ញ​របស់​កូរ៉េខាងត្បូង បាន​ចែងថា រាល់​ជនជាតិ​កូរ៉េខាងជើង​ទាំងអស់ ត្រូវគេ​ចាត់ទុកថា ជា​ពលរដ្ឋ​របស់​កូរ៉េខាងត្បូង​ដោយ​ស្វ័យប្រវត្ត នៅពេលដែល​ពលរដ្ឋ​កូរ៉េខាងជើង​បោះបង់ចោល​ប្រទេស រត់​ទៅដល់​ទឹកដី​នៃ​ប្រទេស​កូរ៉េខាងត្បូង ហើយ​បង្ហាញ​ពី​បំណង​ចង់​រស់នៅ​ដោយ​ក្តីពេញចិត្ត​។ អ្នក​រត់ចោលជួរ​ពី​ប្រទេស​កូរ៉េខាងជើង ត្រូវបាន​សួរចម្លើយ​ដោយ​អាជ្ញាធរ​ស៊ើបការណ៍​កូរ៉េខាងត្បូង នៅ​ពេលមកដល់ ហើយ​ចំណាយពេល​ប្រហែល ៣ ខែ​រស់នៅក្នុង​មណ្ឌល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល ដើម្បី​ទទួល​ការអប់រំ​ឡើងវិញ មុនពេល​ពួកគេ​ត្រូវបាន​បញ្ជូន ឲ្យចូល​ប្រឡូក​ក្នុងសង្គ​ម​កូរ៉េខាងត្បូង​បាន​ពេញលេញ​។ ដូច្នេះ​ក្នុងករណី​ខាងលើនេះ ស្មើនឹង​ការប្រគល់​ជនជាតិ​កូរ៉េ​ខាងត្បួង ទៅ​កូរ៉េខាងជើង ដែលជា​កន្លែង​គ្មាន​សេរីភាព និង​សិទ្ធិមនុស្ស​មាន​កម្រិត​ទាប​។​

​មតិ​ខ្លះ​បាន​លើកឡើងថា ព្រោះតែ​កូរ៉េខាងត្បូង​ចង់យក​ចិត្តថ្លើម​កូរ៉េខាងជើង ជា​ថ្នូរ​នឹង​អ្វីមួយ ឬ​ខ្លាច​កូរ៉េខាងជើង​អាក់អន់ចិត្ត ទើបបានជា​កូរ៉េខាងត្បូង បញ្ជូន​ជនជាតិ​កូរ៉េខាងជើង​ទាំងពីរ​នាក់ ត្រឡប់​ទៅ​ប្រទេស​កូរ៉េខាងជើង​វិញ​។ ប៉ុន្តែ​រដ្ឋាភិបាល​កូរ៉េខាងត្បូង ធ្លាប់បាន​លើកឡើងថា ពួកគេ​ទាំងពីរ​ត្រូវបាន​និរទេស ពីព្រោះ​បើ​ទទួលយក​ពួកគេ​ឲ្យ​រស់នៅ នឹង​បង្ក​ការគំរាមកំហែង​ដល់​សង្គម​។ ជនជាតិ​កូរ៉េខាងជើង​ទាំងពីរ ធ្វើ​សកម្មភាព​សម្លាប់​មនុស្ស​សាហាវឃោឃៅ​ពេក មិនអាច​ត្រូវបាន​ទទួលស្គាល់ថា ជា​ជនភៀសខ្លួន ក្រោម​ច្បាប់​អន្តរជាតិ​ឡើយ​។​

​គួរ​កត់សំគាល់ថា ចាប់តាំងពី​បញ្ចប់សង្គ្រាម​កូរ៉េ នេះ​ជា​លើក​ទី​១​ហើយ ដែល​មានការ​និរទេស​មនុស្ស ពី​ប្រទេស​កូរ៉េខាងត្បូង ទៅកាន់​ប្រទេស​កូរ៉េខាងជើង​បែបនេះ​៕

ព័ត៌មានផ្សេងទៀត