តំណាង​​កម្ពុជា​​ប្រចាំ​​UN៖​​អ្នករាយការណ៍​​ពិសេស​​គ្មាន​​អំណាច​​បញ្ជា​ឱ្យ​ដោះលែង​​ជន​ណា​​ម្នាក់​​ឡើយ​​

13-11-2019 11:16 am 378
  ស្តាប់
ស្តាប់ជាសំឡេង

​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​ការិយាល័យ​អង្គការសហប្រជាជាតិ បាន​ក្រើនរំលឹក​ថា អ្នករាយការណ៍​ពិសេស ពុំមែន​ជា​ចៅក្រម​ដែល​មាន​អំណាច​កាត់សេចក្ដី​ឱ្យ​ដោះលែង​ជន​ណា​ម្នាក់​ឡើយ​។​ការលើកឡើង​បែប​នេះ ដើម្បី​ឆ្លើយតប​នឹង​លោកស្រី Rhona Smith អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​ទាមទារ​ឱ្យ​មាន​ការទម្លាក់​ចោល​ប​ទ​ចោទ​លើ លោក កឹម សុខា​។ 

​ការទាមទារ​របស់​អ្នករាយការណ៍​ពិសេស​ឲ្យ​តុលាការ​បញ្ចប់​ការ​ស៊ើប​ឲ្យបាន​ឆាប់ឬ​ទម្លាក់បទ​ចោទ មានន័យ​ថា​ស្មើនឹង​ការជ្រៀតជ្រែក​ចូលក្នុង​ប្រព័ន្ធយុត្តិធម៌​របស់​កម្ពុជា​។​កម្ពុជា​បាន​បែងចែក​អំណាច​ដាច់​ពីគ្នា​រវាង​អំណាច​និតិប្រតិបត្តិ និង អំណាចតុលាការ ដែល​ជា​ស្ថាប័ន​ឯករាជ្យ មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​។​ដូច្នេះ​ការទាមទារ​របស់​លោក​ស្រី Rhona Smith ពុំ​បាន​រួមចំណែក​ដល់​ការពង្រឹង​នីតិរដ្ឋ និង​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា​ឡើយ​។​នេះ​ជា​ការលើកឡើង​របស់​តំណាង​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​ការិយាល័យ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែ​វ​។​

​សេចក្តីថ្លែងការណ៍​ប្រមាណ​២​ទំព័រ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​ការិយាល័យ​អង្គការសហប្រជាជាតិ បាន​ពន្យល់ថា ការកែសម្រួល​លើ​លក្ខខណ្ឌ​មូយចំនួន​នៃ​ការត្រួត​ពិនិត្យ​របស់​តុលាការ​លើ លោក កឹម សុខា គឺជា​លទ្ធផល​ដែល​កើតចេញ​ពី​ការគោរព​កាតព្វកិច្ច​តុលាការ ឈរ​លើ​មូលដ្ឋាន​មនុស្សធម៌​ពាក់ព័ន្ធ​និង​ស្ថានភាព​សុខភាព នឹង​ត្រូវ​ទទួល​បានកា​រ​ជំនុំជម្រះ​ប្រកប​ដោយ​ភាពយុត្តិធម៌ បន្ទាប់​ពី​ការស៊ើបអង្កេត​ត្រូវបាន​បញ្ចប់​តាម​នីតិវិធី​។​គ្រប់​វិធានការ​ច្បាប់​ដែល​អាជ្ញាធរ​កម្ពុជា​បាន​អនុវត្ត​កន្លង​មក គឺ​ពុំ​មាន​ពាក់ព័ន្ធ​និង​ហេតុផល​នយោបាយ​ទេ​។​

​ស្ថាន​បេសកកម្ម​កម្ពុជា បាន​ក្រើនរំឭក​អ្នករាយការណ៍​ពិសេស​ថា អាណត្តិ​របស់​អ្នករាយការណ៍ គឺ​ជួយ​កម្ពុជា នៅ​ក្នុង​ការលើកស្ទួយ និង​ការការពារ​សិទ្ធិមនុស្ស តាមរយៈ​កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិការ ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​គោលការណ៍​អព្យាក្រិត្យ មិន​លម្អៀង សត្យានុម័ត មិន​ជ្រើសរើស​តែ​មួយ​ជ្រុង និង​មិន​បំផ្លែង​ទៅ​ជា​រឿង​នយោបាយ​។ អ្នករាយការណ៍​ពិសេស ពុំមែន​ជា​ចៅក្រម​ដែល​មាន​អំណាច​កាត់សេចក្ដី​ឱ្យ​ដោះលែង​ជន​ណា​ម្នាក់​ឡើយ​។​

​អ្នកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី ១១ វិច្ឆិកា បានចេញ​សេចក្ដីថ្លែងការណ៍ ទទូច​ស្នើ​សុំ​រដ្ឋាភិបាល​កម្ពុជា ទម្លាក់​បទ​ចោទ​លើ លោក កឹម សុខា និង ផ្ដល់​សេរីភាព​ដល់​លោក​អាច​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​។​អ្នករាយការណ៍​រូបនេះ យល់ថា ការ​បន្ថយ​នូវ​ភាព​តានតឹង ស្វែងរក​ការសន្ទនា​នៅ​ក្នុង​បរិយាកាស​សន្តិភាព និង អនុញ្ញាត​ឲ្យ​បញ្ចេញ​សម្លេ​ង​នយោបាយ គឺជា​ផ្លូវ​មួយ​ដើម្បី​បញ្ចៀស​ការ​រឹតបន្តឹង​សិទ្ធិសេរីភាព​ក្នុង​ការបញ្ចេញមតិ និង ការជួបជុំ​ដោយ​សន្តិវិធី​នៅក្នុង​ប្រទេស​កម្ពុជា​។​

​គួរបញ្ជាក់​ថា សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ បានសម្រេច​កែប្រែ​កាតព្វកិច្ច​នៃ​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ទៅ​លើ​លោក​កឹម សុខា​។​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​អះអាងថា ការសម្រេច​កែប្រែ​កាតព្វកិច្ច​លើ​លោក​កឹម សុខា​នេះ គឺ​ដោយសារតែ​លោក​កឹម សុខា បាន​គោរព​ត្រឹមត្រូវ​តាម​កាតព្វកិច្ច​នៃ​ការដាក់ឱ្យ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ និង​មាន​កិច្ចសហការ​ល្អ​ក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ​។​

​ក្រោយ​ទទួលបាន​សេរីភាព​ដើរហើរ​ក្នុងប្រទេស​កម្ពុជា លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ជាច្រើន​ប្រចាំ​នៅ​កម្ពុជា​។​គិត​ត្រឹម​ថ្ងៃនេះ មាន​តំណាង​ស្ថានទូត​បណ្តា​ប្រទេស​ធំៗ​ចំនួន​៦​ហើយ​ដែល​បាន​សុំ​ជួបពិភាក្សា​ការងារ និង​សម្តែង​ការគួស​ម​ជា​មួយ​លោក កឹម សុខា ក្នុងនោះ​មានដូចជា​៖ ទូត​អាមេរិក បារាំង អាល្លឺម៉ង់  អូស្ត្រាលី សហភាព​អឺរ៉ុប និង ជប៉ុន​៕

 ពាក្យគន្លឹះ  សិទ្ធិមនុស្សUN

ព័ត៌មានផ្សេងទៀត