សហគមន៍​អឺរ៉ុប​​ទុកពេល​​ឱ្យ​កម្ពុជា​​មួយ​ខែ​​ដើម្បី​​ឆ្លើយតប​​បញ្ហា​​សិទ្ធិ​មនុស្ស​មុន​​ដក​EBA​

13-11-2019 10:33 am 2849

​សហគមន៍​អឺរ៉ុប នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា បាន​ប្រកាស​ទុក​ពេល​ឱ្យ​កម្ពុជា​រយៈពេល​មួយ​ខែ​ដើម្បី​ឆ្លើយតប​បញ្ហា​សិទ្ធិមនុស្ស មុន​នឹង​សម្រេច​ថា​ត្រូវ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ អ្វី​គ្រប់​យ៉ាង​លើកលែងតែ​អាវុធ EBA ពី​កម្ពុជា​ឬ​យ៉ាងណា​។​ការ​ចេញ​របាយការណ៍​លើក​ទី​ពីរ​របស់​សហភាព​អឺរ៉ុប​ដូច្នេះ បន្ទាប់​ពី​សហគមន៍​អឺរ៉ុប បាន​បញ្ចប់​បេសកកម្ម​ស្វែងរក​ការពិត​នៅ​កម្ពុជា​ជុំ​ទី​ពីរ កាលពី​ខែ​មិថុនា​។​

​សហគមន៍​អឺរ៉ុប បាន​លើក​ពេល​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​អ្វី​គ្រប់​យ៉ាង​លើកលែងតែ​អាវុធ​» EBA ពី​កម្ពុជា ហើយ​ទុក​ពេល​ឱ្យ​កម្ពុជា​រយៈពេល​មួយខែ ដើម្បី​ឆ្លើយតប​ពី​បញ្ហា​សិទ្ធិមនុស្ស មុន​នឹង​សម្រេច​ថា​ត្រូវ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​។​

​សេចក្តីថ្លែងការណ៍​របស់​សហគមន៍​អឺរ៉ុប នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​បញ្ជាក់ថា សហគមន៍​អឺរ៉ុប​បាន​ផ្ញើ​របាយកាណ៍​ជា​លើក​ទី​ពីរ​ទៅ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស​និង​សិទ្ធិ​ការងារ ដើម្បី​ឱ្យ​ឆ្លើយ​តប​មក​វិញ មុន​នឹង​សហគមន៍​អឺរ៉ុប​សម្រេច​ថា​ត្រូវ​ដក ឬ​មិន​ត្រូវ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០២០​។​

​ការ​ចេញ​របាយការណ៍​លើក​ទី​ពីរ​របស់​សហភាព​អឺរ៉ុប​ដូច្នេះ ធ្វើឡើង​បន្ទាប់​ពី​ក្រុមមន្ត្រី​គណៈកម្មការ​អឺរ៉ុប​ទទួលបន្ទុក​ផ្នែក​ពាណិជ្ជកម្ម និង​កិច្ចការ​បរទេស​បាន​បញ្ចប់​បេសកកម្ម​ស្វែងរក​ការពិត​នៅ​កម្ពុជា​ជុំ​ទី​ពីរ កាលពី​ខែ​មិថុនា​។ បេសកកម្ម​នាពេលនោះ គឺ​ដើម្បី​វាយតម្លៃ​ពី​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ដែល​ជា​ផ្នែក​ដ៏​សំខាន់​សម្រាប់​កម្ពុជា​អាច​បន្ត​ទទួល​បាន​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ EBA​។​

​តាម​អ្នកស្រាវជ្រាវ​មួយចំនួន​បាន​ឱ្យដឹងថា ប្រសិនបើ​សហភាព​អឺរ៉ុប​ដក​EBA​មែន កម្ពុជា​នឹង​ខាតបង់​សាច់ប្រាក់​ប្រមាណ​ជា​៦០០​លាន​ដុល្លារ​ពី​ការបង់ពន្ធ​ក្នុង​ការនាំ​ទំនិញ​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប​។​ដូច្នេះ​ពួកគេ​ស្នើឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ចរចាជាមួយសហគមន៍​អឺរ៉ុប ដើម្បីរក្សាការពារ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA។

​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផា​ន បានឱ្យដឹងថា បច្ចុប្បន្ន​រដ្ឋាភិបាល​កម្ពុជា​កំពុង​បន្ត​ជជែក​និង​បង្ហាញ​ទៅ​សហគមន៍​អឺរ៉ុប ពាក់ព័ន្ធ​នឹង​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​លោក​រំពឹង​ជា​វិជ្ជមាន​ថា សហគមន៍​អឺរ៉ុប​នឹង​មិន​ដក EBA ពី​កម្ពុជា​នោះទេ​។​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ឱកាស​នៃ​ការបិទ​សន្និបាត​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​ទី​១៤​កុម្ភៈ បាន​អះអាង​ថា កម្ពុជា​នឹង​មិន​ស្លាប់​ទេ ប្រសិនបើ​គ្មាន EBA​។​លោក​ថា កម្ពុជា​មិន​អាច​យក​អធិបតេយ្យភាព​ជាតិ​របស់ខ្លួន ទៅ​ដោះដូរ​ជាមួយ​ជំនួយ​អ្នកណា​ឡើយ​។​ហើយ​កម្ពុជា​នៅ​តែ​រក្សា​កិច្ចសហប្រតិបត្តិការ​ជា​ដៃគូរ​ស្មើភាព​គ្នា​ជាមួយ​បណ្តា​ប្រទេស​ទាំងអស់ តាម​គោលការណ៍​កំណែទម្រង់​ខាងក្នុង និង​ពង្រីក​មិត្តភាព​ខាងក្រៅ​។​

​យ៉ាងណាក៏ដោយ នៅក្នុង​សេចក្តីថ្លែងការណ៍​ថ្ងៃទី​១២ វិច្ឆិកា សហភាព​អឺរ៉ុប​គូសបញ្ជាក់ថា សហគមន៍​អឺរ៉ុប​នៅតែ​ប្តេជ្ញា​ធ្វើការ​ជាមួយ​អាជ្ញាធរ​កម្ពុជា​លើ​គោលបំណង​ការកែលម្អ​បញ្ហា​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​នៅ​កម្ពុជា​ពិតប្រាកដ និង​គួរឱ្យ​ទុកចិត្ត ដើម្បី​ជៀសវាង​ការដក​ការអនុគ្រោះ EBA៕


 ពាក្យគន្លឹះ  EBAEU

ព័ត៌មានផ្សេងទៀត