លោកហ៊ុន សែន៖ បុណ្យអុំទូក៣ថ្ងៃបញ្ចប់ដោយបរិយាកាសសប្បាយរីករាយក្រៃលែង

13-11-2019 8:55 am 171

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើង ថា ព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបញ្ចប់ប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែង ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ទូទាំងប្រទេស។

លោកហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា ប្រជាពលរដ្ឋ យុវជន និងភ្ញៀវទេសចរអន្តរជាតិ បានយល់កាន់តែច្បាស់អំពីតំលៃសន្តិភាព ក៏ដូចជាកេរ្តិ៍ដំណែល នៃទំនៀមទម្លាប់ប្រពៃណីដ៏ល្អឯករបស់កម្ពុជា។

លោកថា គ្មានសន្តិភាពគឺគ្មានអ្វីៗទាំងអស់។ ជាមួយគ្នានេះ ក្នុងនាមប្រមុខរាជរដ្ឋាភិបាល បានអរគុណដល់សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ដែលបានចូលរួម ថែរក្សាការពារសន្តិសុខ សុវត្ថិភាពសា ធារណៈជូន ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរឲ្យមានឱកាសបានសប្បាយរីករាយនៅទូទាំងប្រទេស។

លោកក៏បានអរគុណដល់ក្រសួង មន្ទីរ និងស្ថាបន័ពាក់ព័ន្ឋនានារួមទាំងអង្គការ សមាគម ភ្នាក់ងារក្រុមគ្រូពេទ្យ សិល្បៈករ សិល្បៈការិនី វិទ្យុ និងទូរទស្សន៍ ព្រមទាំងបណ្តាក្រុមហ៊ុនទាំងអស់ ដែលបានចូលរួមចំណែក នៅក្នុងការរៀបចំព្រះរាជពិធីបុណ្យអុំទូក ដែលមានរយៈពេល៣ថ្ងៃកន្លងមកនេះ ជូនប្រជាពលរដ្ឋបានសប្បាយរីករាយ ប្រកបដោយភាពអធិកអធម្មបំផុត៕ 

ព័ត៌មានផ្សេងទៀត