កូរ៉េខាងជើង​ចោទ​អាមេរិក​និង​កូរ៉េខាងត្បូង ថា​បាន​រារាំង​ភាព​រីកចម្រើន​ឆ្ពោះទៅរក​សន្តិភាព​

12-11-2019 3:30 pm 362

​ចន្លោះពេល​ដែល​កូរ៉េខាងជើង យល់ព្រម​ចរចា​រំលាយកម្មវិធី​​នុយក្លេអ៊ែរ​ជាមួយ​អាមេរិក​មក កូរ៉េខាងជើង​បាន​ផ្អាក​ធ្វើតេស្ត​អាវុធ​នុយក្លេអ៊ែរ​ឬ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ អស់​រយៈពេល​ជាង​២០​ខែ​មកហើយ​។ ការផ្អាក​ជារឿយ ៗ ត្រូវបាន​សាទរ​ដោយ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ផងដែរ​។ លោក​Kim Song អគ្គរដ្ឋទូត​កូរ៉េខាងជើង​បាន​ថ្លែងថា អាកប្បកិរិយា​បែបនេះ គឺជា​ការបង្ហាញ​ច្បាស់​បំផុត នៃ​សុ​ឆន្ទៈ​ដ៏​ស្មោះត្រង់​របស់​កូរ៉េខាងជើង ដើម្បី​បំពេញ​នូវ​បំណងប្រាថ្នា​ជា​សកល របស់​សហគមន៍​អន្តរជាតិ ដើម្បី​សន្តិភាព​និង​ស្ថេរភាព​នៅ​ឧបទ្វីប​កូរ៉េ​។​

​អំឡុងពេល​ថ្លែង​សន្ទរកថា​ទៅកាន់​អង្គការសហប្រជាជាតិ​(UN) លោក Kim Song​បន្ថែមថា ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ មិនបាន​រើខ្លួន​រួចផុត​ពី​ភាព​តានតឹង​ដែល​កាន់តែ​ធ្ងន់ធ្ងរ បណ្តាលមកពី​ការ​បង្កហេតុ​ខាង​នយោបាយ និង​យោធា​ដែល​បាន​បង្កឡើង​ដោយ​សហរដ្ឋអាមេរិក​។ លោក Kim Song បាន​ចោទប្រកាន់ថា សហរដ្ឋអាមេរិក​កំពុង​ប្រើ​គោលការណ៍​អរិភាព ប្រឆាំងនឹង​ប្រទេស​កូរ៉េខាងជើង​។ បន្ទាប់ពី​រិះគន់​អាមេរិក លោក Kim Song ក៏បាន​ងាក​មក​បរិហា​អាកប្បកិរិយា​របស់​កូរ៉េខាងត្បូង​វិញ​ម្តង​។ កូរ៉េខាងត្បូង​ដែលមាន​លោក​មូន ជេ​អ៊ីន​ជា​ប្រធានាធិបតី បាន​ដើរតួ​ជា​អ្នកត្រួសត្រាយ​ផ្លូវ ឲ្យមាន​ការជួបតទ​ល់​មុខគ្នា​ចំនួន​៣​លើក រវាង​លោក​គីម ជុង​អ៊ុន​ប្រធានាធិបតី​កូរ៉េ​ខា​ជើង​និង​លោក​ដូណាល់ ត្រាំ​។ ប៉ុន្តែ​ស្រប​ពេលដែល​នាំ​ផ្លូវ​ឲ្យ​មេដឹកនាំ​ទាំង​ពីរបាន​ជួបចរចា​គ្នា កូរ៉េខាងត្បូង​បន្តធ្វើ​ទំនើបកម្ម​យោធា​របស់ខ្លួន ក្នុងពេល​តែមួយ​។​

​គួរ​ជម្រាបជូន​ថា លោក​ត្រាំ​បាន​សាទរ ចំពោះ​ទំនាក់ទំនង​របស់លោក ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​និង​បាន​សម្តែង​ក្តីសង្ឃឹម ចំពោះ​កិច្ចព្រមព្រៀង​ដ៏​មាន​សក្តានុពល​មួយ ស្តីពី ការបញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ទីក្រុង​ព្យុងយ៉ាង​។ ប៉ុន្តែ​ភាព​ដែល​អាចទៅរួច​មាន​តិចតួច ចាប់តាំងពី​កិច្ចប្រជុំ​កំពូល​រៀបចំ​ធ្វើ​នៅ​ខែ​កុម្ភៈ នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម បានបញ្ចប់​ដោយ​គ្មាន​កិច្ចព្រមព្រៀង​។ ប្រទេស​ទាំងពីរ បានធ្វើ​កិច្ចចរចា​កម្រិត​ការងារ កាលពី​ខែ​មុន​នៅ​ក្នុងប្រទេស​ស៊ុយអែត តែ​កូរ៉េខាងជើង​បាន​បដិសេធ​ជាថ្មី​ម្តងទៀត ចំពោះ​អាកប្បកិរិយា​របស់​សហ​រដ្ឋ​អាមេរិក​។ ចំណុច​ខ្ទាស់​ដ៏​រសើប​នៅក្នុង​ការចរចា គឺ​កូរ៉េខាងជើង​ទាមទារ​ឲ្យ​បញ្ចប់​ការដាក់ទណ្ឌកម្ម​លើ​ខ្លួន ប៉ុន្តែ​សហរដ្ឋអាមេរិក​បាន​ទទូចថា ទីក្រុង​ព្យុងយ៉ាង​ត្រូវ​ចាត់វិធានការ​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ជាមុនសិន ទើប​មាន​ការដក​ទណ្ឌកម្ម​តាម​ក្រោយ​៕

 

 ពាក្យគន្លឹះ  កូរ៉េខាងជើង

ព័ត៌មានផ្សេងទៀត