លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ចេញមុខ​ធានា​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​

12-11-2019 12:40 pm 404

​តាមរយៈ​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវការ​នៅ​ថ្ងៃនេះ លោកនាយក​រដ្ឋមន្ត្រីហ៊ុន សែន បាន​គូ​ស​បញ្ជាក់ថា ជា​ធម្មតា​ទៅ​ហើយ ជាពិសេស​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន គឺ​លេច​ឮ​ពាក្យ​ច​ចាម​អារាម និង​ពាក្យ​ប្រឌិត​ភូតកុហកបោកប្រាស់​ដោយ​ជន​អគតិ​ដែល​មាន​បំណង​បំពុល និង​បំប៉ោង​បញ្ហា​សន្តិសុខ​សង្គម បំណង​ធ្វើអោយ​ពលរដ្ឋ​ភ័យខ្លាច​។​

ក្នុងនាម​តំណាង​ប្រមុខ​រាជរដ្ឋាភិបាល លោកនាយក​រដ្ឋមន្ត្រី បាន​អះអាង​ថា រាជរដ្ឋាភិបាល​សូម​ធានា​ជូន​នូវ​សន្តិសុខ​ដល់​ប្រជាពលរដ្ឋ​មិន​អោយ​មាន​អ្វី​កើតឡើង​ឡើយ ជាពិសេស​ក្នុង​រដូវ​បុណ្យទាន​នេះ​តែម្តង​ ​ហើយ​លោកក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​សូម​កុំ​ជឿ​ពាក្យភូតកុហកដោយ​ក្រុម​បំពុលសង្គម​មួយចំនួន​តូច ដែល​មិន​ចង់​ឃើញ​ពី​ការរីកចម្រើន​របស់​ប្រទេសជាតិ​។​

​ការអំពាវនាវ​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដូច្នេះ គឺ​បន្ទាប់ពី​លោក​សម រង្ស៊ី ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​វិល​ចូល​កម្ពុជា​ដែល​ជា​ហេតុ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​មាន​ការភ័យខ្លាច រហូត​មិន​ហ៊ាន​មក​ចូលរួម​លេង​កំសាន្ត​ក្នុង​ពិធីបុណ្យ​ជាតិ ជាពិសេស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ដោយ​មួយចំនួន​បាន​សម្រុក​ចេញ​ទៅ​ស្រុកកំណើត​។​

​ម្យ៉ាងវិញទៀត មុន​ថ្ងៃ​ប្រកាស​វិល​ចូល​កម្ពុជា​របស់​លោក​ស​ម រង្ស៊ី​ចូលមក​ដល់ គេ​សង្កេតឃើញ​សមត្ថកិច្ច​ចម្រុះ​រាប់រយ​នាក់​បាន​ដាក់ពង្រាយ និង​បិទផ្លូវ​ឆ្លងកាត់​ចូលទៅ​ព្រំដែន​។​ចំណែក​ក្នុង​ពិធី​បុណ្យ​អុំទូក​នៅ​រាជធានី​ភ្នំពេញ​នៅ​ឆ្នាំ​នេះ​គេ​ឃើញ​មាន​ការ​រឹតបន្តឹង​សុវត្ថិភាព​ជាង​ឆ្នាំ​មុនៗ​ដោយមាន​ទាំង​កងកម្លាំងប្រដាប់អាវុធ​កាន់​កាំភ្លើង​វែង​ដើរល្បាត​តាម​ដងផ្លូវ​មាត់ទន្លេ មាន​ការពង្រាយ​កម្លាំង​តាម​ដងផ្លូវ​ព្រមទាំង​មាន​រថពាសដែក​ជាច្រើន​គ្រឿង​បញ្ឈរ​នៅក្បែរ​រោង​គណៈអធិបតី​ខាង​មុខ​ព្រះបរមរាជវាំង​ផងដែរ​។​

​អ្នកវិភាគ​នយោបាយ លើកឡើងថា ការប្រកាស​ប្រើ​កម្លាំងប្រដាប់អាវុធ​ច្រើន​ហួសហេតុ​ដើម្បី​ត្រៀម​ទប់ស្កាត់​និង​បង្ក្រាប​ការវិលត្រឡប់​របស់​ក្រុម​លោក សម រង្ស៊ី ជា​មូលហេតុ​ចម្បង​នៃ​ការធ្លាក់​ចុះ​ចំនួន​អ្នកទស្សនា​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នៅ​រាជធានី​។​ទន្ទឹម​ហ្នឹង​នោះ ការពង្រាយ​កងកម្លាំង​ប្រដាប់អាវុធ​យ៉ាងច្រើន​នេះ ក៏​កំពុង​ធ្វើឲ្យ​ខាត​ថវិកាជាតិ និង​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ផងដែរ​៕

 

 

 

 ពាក្យគន្លឹះ  លោកហ៊ុន សែន

ព័ត៌មានផ្សេងទៀត