ប៉ូលិសហុងកុងនិងជនស៊ីវិល ទាំងពីរភាគីនេះដូចគ្នា គឺមានទំនួលខុសត្រូវក្នុងការបន្ធូរបន្ថយនិងជៀសវាងការប្រឈមមុខដាក់គ្នាដោយហិង្សា។ នេះជាការថ្លែងរបស់មន្ត្រីជាន់ខ្ពស់ នៃរដ្ឋាភិបាលលោកដូណាល់ ត្រាំនិយាយក្នុងលក្ខខណ្ឌអនាមិក។ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Morgan Ortagus ជំរុញឲ្យទីក្រុងប៉េកាំង គោរពការប្តេជ្ញាចិត្តដែលថា ហុងកុងនឹងទទួលបាននូវភាពរីករាយនឹងស្វ័យភាពក្នុងកម្រិតខ្ពស់ ហើយប្រជាជនហុងកុង នឹងទទួលបាននូវសិទិ្ធសេរីភាព ខាងការបញ្ចេញមតិនិងការជួបជុំដោយសន្តិវិធី។
លោកស្រី Morgan Ortagus និយាយថា អាមេរិកកំពុងតាមដានស្ថានការណ៍នៅហុងកុងយ៉ាងយកចិត្តទុកដាក់ ជាមួយក្តីព្រួយបារម្ភយ៉ាងជ្រាលជ្រៅ និងថ្កោលទោសអំពើហិង្សា ដែលបង្កឡើងពីគ្រប់ភាគីទាំងអស់។ អាមេរិកទទូចឲ្យរដ្ឋាភិបាលហុងកុង បង្កើតឲ្យមានការសន្ទនា ជាមួយសាធារណៈជនហុងកុង និងចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយកង្វល់ជាមូលដ្ឋានដែលជំរុញឲ្យមានការតវ៉ា។ លោកស្រីក៏ជំរុញឲ្យខាងក្រុមបាតុករដកថយ និងទទួលយកការសន្ទនា ដើម្បីដោះស្រាយបញ្ចប់វិបត្តិ។
រីឯអង់គ្លេសដែលធ្លាប់ដាក់អណានិគមលើហុងហុង បានហៅព្រឹត្តិការណ៍កើតឡើងកាលពីថ្ងៃចន្ទនៅហុងកុង ថាជារឿងដ៏អាក្រក់មួយ។ អ្នកនាំពាក្យការិយាល័យការបរទេស បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអំពើហិង្សាដែលកំពុងកើតមាន និងការប៉ះទង្គិចគ្នារវាងក្រុមអ្នកតវ៉ានិងប៉ូលិស។ មន្ត្រីការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស ជំរុញឲ្យមានភាពស្ងប់ស្ងាត់និងការអត់ធ្មត់នៅគ្រប់ភាគី ដោយនិយាយថា លោកគាំទ្រ "សិទ្ធិក្នុងការតវ៉ាដោយសន្តិវិធី" ។ លោកបន្ថែមថា កិច្ចសន្ទនានយោបាយ ជាមធ្យោបាយតែមួយគត់ ដែលអាចដោះស្រាយស្ថានការណ៍នេះ។
ការប្រតិកម្មជាថ្មីនេះ កើតឡើងក្រោយពីមានការប៉ះទង្គិចគ្នាម្តងទៀត រវាងប៉ូលិសនិងក្រុមបាតុករនៅក្នុងចលនាតវ៉ាកាលពីថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៩។ នៅក្នុងហេតុការណ៍នោះ មានការស្តីបន្ទោសយ៉ាងខ្លាំង លើប៉ូលិសដែលប្រើប្រាស់គ្រាប់កាំភ្លើងពិត បាញ់បង្ក្រាបលើក្រុមបាតុករ បណ្តាលឲ្យអ្នកតវ៉ាម្នាក់រងរបួសធ្ងន់ធ្ងរ៕